បុណ្យ «វិសាខបូជា» ជាបុណ្យធំមួយក្នុងវិស័យព្រះពុទ្ធសាសនា

ថ្ងៃពុធ ទី ១០ ឧសភា ២០១៧​
267

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅរដ្ឋបាលខេត្តកំពង់ធំបានរៀបចំនូវព្រឹត្តិការណ៍បុណ្យវិសាខបូជាដែលត្រូវបានរៀបចំឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្រោមវត្តមាននិមន្ត និងអញ្ជើញចូលរួមមាន លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងភរិយា លោក លោកស្រីអភិបាលរងខេត្ត និង និមន្តចូលរួមពីព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណ:ថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រមទាំងមន្ត្រីសង្ឃជាច្រើនព្រះអង្គ លោក លោកស្រីដែលជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ពុទ្ធបរិស័ទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុស្ស ជាច្រើនទៀត។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបុណ្យវិសាខបូជា ជាថ្ងៃបុណ្យជាតិរបស់ប្រទេស។ នៅឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ជិត ២០០ប្រទេស បានអនុម័តជាឯកច្ឆន្ទទទួលស្គាល់ និងចាត់ទុកបុណ្យវិសាខបូជារបស់ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិផងដែរ ដែលមានបណ្តាប្រទេសជាច្រើនបានគោរពប្រតិបត្តិ ក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ ដោយឡែកនៅក្នុងខេត្តកំពង់ធំ ក៏បានរៀបចំប្រារព្ធធ្វើពិធីនេះឡើងយ៉ាងឱឡារឹកឧត្តមឧត្តុង ដែលប្រារព្ធនៅថ្ងៃ១៥ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ដោយដង្ហែក្បួនចេញដំណើរថ្មើជើង ចាប់ពីថ្នល់បំបែកខេត្តសៀមរាប-ព្រះវិហារ ទៅកាន់រង្វង់មូលបល្ល័ង្ក រួចត្រលប់មកវត្តកំពង់ធំវិញ។

លោក សុខ លូ បន្តទៀតថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយ ក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺ ១). ទ្រង់ប្រសូតចាកឧទរមាតា គឺព្រះពុទ្ធបានប្រសូត្រនៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំចរ មុន គ.ស ៦២៣ឆ្នាំ ២). ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញាណ គឺព្រះពុទ្ធបានត្រាស់ដឹងនៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរការ មុន គ.ស ៥៨៨ឆ្នាំ ៣). ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន ក្នុងព្រះជន្ម ៨០ព្រះវស្សា នៅថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ មុន គ.ស ៥៤៣ឆ្នាំ។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ ក្នុងពិធីបុណ្យនេះដែរ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំផ្ទាំងប៉ានណូធំៗជាច្រើនផ្ទាំង បង្ហាញពីអត្ថន័យនៃពិធីបុណ្យវិសាខបូជា (ព្រះពុទ្ធទ្រង់ប្រសូត្រ ត្រាស់ដឹង និងចូលបរិនិព្វាន) ។ តាមរយៈរូបភាពលើបដាទាំងនេះ លោក សុខ លូ ជឿជាក់យ៉ាងមុតមាំថា វានឹងបានជាប្រយោជន៍ ជួយដាស់តឿនរំលឹកដល់យើងទាំងអស់គ្នា ឲ្យសាងអំពើល្អ សន្សំបុណ្យកុសល ចៀសឲ្យផុតពីអំពើបាបផ្សេងៗ និងរស់នៅក្នុងភាពសុខសាន្តក្នុងសង្គមទាំងអស់គ្នា ។

ជាចុងក្រោយ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការរៀបចំពិធីបុណ្យនេះទៅបាន ក៏ដោយសារម្លប់សន្តិភាព ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ និងសូមឲ្យលោកតា លោកយាយ បងប្អូន​ ពុទ្ធបរិស័ទ ទាំងអស់ បន្តថែរក្សានូវសុខសន្តិភាពនេះ ឲ្យបានគង់វង្សយូរអង្វែងទៀត ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់បងប្អូនពុទ្ធបរិស័ទទំាងអស់ ដែលបានជួយរៀបចំ ពិធីបុណ្យវិសាខបូជានេះឡើង ឲ្យមានភាពកាន់តែមានភាពប្រសើរឡើង ក៏ដូចជាការជួយលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំផងដែរ ។

បញ្ចេញយោបល់