នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក ចៅចាក់ស្មុកបានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា សន្តិភាពដែលកម្ពុជាមានពេលនេះកើតចេញពីកម្ពុជាដោយខ្លួនឯង និងពីការបូជាសាច់ស្រស់ឈាមស្រស់របស់វីរយុទ្ធជនកម្ពុជា ដូចខាងក្រោម៖
កម្ពុជាបានខិតខំក្នុងការកសាងប្រទេសពីដៃទទេ ក្រោយពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។ នៅអំឡុងពេលសង្គ្រាមស៊ីវិល រដ្ឋាភិបាល និងប្រជាជន ដៃម្ខាងស្តារ និងកសាងឡើងវិញប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរខ្ទេចខ្ទី និងដៃម្ខាងទៀត ខិតខំទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ខ្មែរក្រហម រហូតមានអ្វីៗដូចសព្វថ្ងៃ។ កម្ពុជាកំពុងបង្កើនល្បឿនអភិវឌ្ឍប្រទេសក្រោមម្លប់នៃសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសុខសន្តិភាព និងភាពសុខដុមរបស់កម្ពុជា នាពេលបច្ចុប្បន្ន គឺបានកើតចេញពីកម្ពុជាដោយខ្លួនឯង និងការលះបង់សាច់ស្រស់ ឈាមស្រស់របស់អតីតយុទ្ធជនកម្ពុជា មិនមានទេវតាមកប្រទានឱ្យឬ ប្រទេសណាមួយជាអ្នកផ្តល់ឱ្យនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គការសហប្រជាជាតិ ដែលបានចាយរហូតប្រមាណពីរពាន់លានដុល្លារអាមេរិក មិនបានបិទបញ្ចប់ភ្លើងសង្រ្គាមឱ្យរលត់ទៅវិញនោះឡើយ តែភ្លើងសង្រ្គាមរបស់កម្ពុជា បានរលត់ទៅព្រោះតែយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដែលជាយុទ្ធសាស្រ្តជាប្រវត្តិសាស្រ្តដាក់ចេញដោយសម្តេចសម្តេចខ្លួនឯងផ្ទាល់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នមានមនុស្សខ្លះមិនដឹងថា កិច្ចចរចាសន្តិភាពទីក្រុងប៉ារីសមានប្រវត្តិយ៉ាងណាផង បែរជាប្រឹងយកមកនិយាយភូតភរកុហកបោកប្រាស់ប្រជាពលរដ្ឋ៕
ដោយ៖ ចៅចាក់ស្មុក