លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ដោយការដកកងកម្លាំងទៅវិញរបស់អ៊ុនតាក់ធ្វើឲ្យកម្ពុជា មានតំបន់ត្រួតត្រាច្រើន និងរដ្ឋាភិបាលពីរ ប៉ុន្តែនយោបាយឈ្នះ-ឈ្នះរបស់លោក បានបង្រួបបង្រួមជាតិធ្វើឲ្យកម្ពុជាមានព្រះមហាក្សត្រមួយ រដ្ឋធម្មនុញ្ញតែមួយក្រោមដំបូលសន្តិភាពតែមួយ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងទិវាអតីតយុទ្ធជនកម្ពុជាដែលប្រារព្ធឡើងដើម្បីរំលឹកពីវីរភាព និងការផ្តល់កិត្តិយសដល់អតីតយុទ្ធជនទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុជាតិមាតុភូមិដែលជាគំរូស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាដែលអតីតកាលធ្លាប់មានតំបន់ត្រួតត្រាច្រើន និងកងកម្លាំងប្រដាប់អាវុធច្រើន យើងអាចបង្រួបបង្រួមឲ្យមានព្រះមហាក្សត្រមួយ រដ្ឋធម្មនុញ្ញតែមួយ ក្រោមដំបូលសន្តិភាពតែមួយ យើងក៏អរគុណអ៊ុនតាក់ផងដែរ ក៏ប៉ុន្តែអ៊ុនតាក់ខ្លួនឯង ក៏មិនត្រូវភ្លេចផងដែរនៅពេលដែល ដកកម្លាំងទៅវិញទុកឲ្យកម្ពុជាមានតំបន់ត្រួតត្រាពីរ នាយករដ្ឋមន្រ្តីពីរ រាជរដ្ឋាភិបាលពីរ ក្នុងចន្លោះឆ្នាំ១៩៩៣ ដល់១៩៩៨ ប្រទេសកម្ពុជានៅតែបន្តមានតំបន់ត្រួតត្រាពីរ និងនាយករដ្ឋមន្ត្រីពីរ ប៉ុន្តែនយោបាយឈ្នះ ឈ្នះ របស់លោក បាននាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាព និងឯកភាពជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នា ទាំងកងទ័ព កម្លាំងប្រដាប់អាវុធបច្ចុប្បន្ន និងកងទ័ពចូលនិវត្តន៍ត្រូវចូលរួមរក្សាសន្តិភាពទាំងអស់គ្នាអោយបានដាច់ខាត មិនត្រូវអោយនរណាមួយមកបំផ្លាញសន្តិភាពនោះទេ សង្រ្គាមមិនមែនកើតចេញតែមក ពីអាវុធនោះទេតែក៏កើតចេញពីមាត់របស់អ្នកអប់រំនយោបាយផងដែរ។ «ប្រសិនបើស្រឡាញ់សន្តិភាពមែនត្រូវអប់រំអ្នកជើងក្រោមរបស់ខ្លួនកុំឲ្យជេរបញ្ចោរតទៅទៀត»៕