នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ហ្វេសប៊ុកវិទ្យាស្ថាន ពលរដ្ឋវិជ្ជា បានបង្ហោះផ្សាយនូវ អត្ថបទមួយក្រោមចំណងជើងថា «ប្រជាជនកូរ៉េខាងត្បូង បោះឆ្នោតរកសន្តិភាព ឯប្រជាជនកម្ពុជាបោះឆ្នោតថែរក្សាសន្តិភាព» ដែលមានខ្លឹមសារដូចខាងក្រោម៖
ការជាប់ឆ្នោតរបស់លោក Moon Jaen-In ជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង មានន័យថា ប្រជាជនកូរ៉េខាងត្បូង បោះឆ្នោតរកមេដឹកនាំរបស់ខ្លួនដែលនាំសន្តិភាពសម្រាប់ប្រជាជាតិ ដោយបញ្ចប់ការប្រឈមមុខដាក់គ្នារវាងបងប្អូនកូរ៉េខាងត្បូង-ជើង ព្រោះនយោបាយក្រៅប្រទេស គឺគាត់នឹងផ្លាស់ប្តូរចំណុចស្នូលគន្លឹះនៃទំនាក់ទំនងរវាងកូរ៉េខាងត្បូងជាមួយកូរ៉េខាងជើង និងរវាងកូរ៉េខាងត្បូងជាមួយអាមេរិក។ ពោលគឺ បញ្ចប់ការប្រឈមនឹងសង្គ្រាមដ៏មហន្តរាយ។
លោក Moon Jaen-In ចង់ចរចាជាមួយក្រុងព្យុងយ៉ាង សំដៅកាត់បន្ថយបញ្ហាក្នុងឧបទ្វីបកូរ៉េ។ ពិសេសជាងនេះ លោក មូន ចង់ឱ្យកូរ៉េខាងត្បូង ដកខ្លួននៅឆ្ងាយពីអាមេរិកបន្តិច។ លោកមូន ដឹងច្បាស់ថា បើបងប្អូនកូរ៉េទាំង២ បន្តឈ្លោះគ្នាគឺឥតប្រយោជន៍។ ផ្ទុយទៅវិញ ខាងអាមេរិកឯណោះទេ ដែលជាអ្នកចំណេញក្នុងសង្គ្រាមឧបទ្វីបកូរ៉េ។ ដូច្នេះ ហើយទើបលោកមូន មានកម្មវិធីនយោបាយជំរុញការចរចាជាមួយកូរ៉េខាងជើងឡើងវិញ។
រីឯ នយោបាយក្នុងប្រទេស លោក Moon Jaen-In នឹងធ្វើកំណែទម្រង់ឱ្យកាន់តែល្អប្រសើរឡើងសម្រាប់ប្រជាជនកូរ៉េទាំងអស់គ្នា តែមិនមែនកំណែទម្រង់បែបបដិវត្តន៍ទេ។ ទិដ្ឋភាពនៃរបត់ថ្មីរបស់ប្រជាជាតិកូរ៉េខាងត្បូង យើងអាចប្រៀបធៀបមកកម្ពុជា គឺយើងបានឆ្លងកាត់រួចមកហើយ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោសែន ដែលបាននាំមកសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា។
សមិទ្ធិផលប្រកបដោយគុណតម្លៃដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបាននេះ ជាកត្តាដែលប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាបន្តបន្ទាប់ គឺជាការបោះឆ្នោតក្នុងន័យថែរក្សាសន្តិភាពឱ្យមានស្ថិរភាពយូរអង្វែង ដើម្បីជាមូលដ្ឋានគ្រឹះនៃការធ្វើឱ្យប្រសើរឡើងសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ក្នុងការអភិវឌ្ឍន៍រុងរឿងជាជំហានៗ។ និយាយយ៉ាងខ្លី បោះឆ្នោតជូនគណបក្សទេវតា គឺមានន័យថា ពលរដ្ឋគ្រប់រូបបោះឆ្នោតឱ្យខ្លួនឯង, ក្រុមគ្រួសារ, សហគមន៍ និងប្រទេសជាតិទាំងមូល៕