លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកជាថ្មីពីភាពខ្លោចផ្សានៃសង្រ្គាមនៅក្នុងប្រទេសកម្ពុជាយើង

ថ្ងៃពុធ ទី ១០ ឧសភា ២០១៧​
146

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកជាថ្មីពីភាពខ្លោចផ្សានៃសង្រ្គាមនៅក្នុងប្រទេសកម្ពុជាយើង។ លោក បានថ្លែងដូចនេះ ក្នុងឱកាស​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប ទី១០នៃ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ។

នៅក្នុងពិធីសំណេះសំណាលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍រំលឹកពីភាពខ្លោចផ្សានៃប្រទេសកម្ពុជាដែលបានឆ្លងកាត់នូវសង្គ្រាមជាច្រើន ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានបន្សល់ទុកនូវអតីតយុទ្ធជនដែលជាជនពិការ និវត្តន៍ជន និងជនបាត់បងសមត្ថភាព ការងារ ព្រមទាំងគ្រួសារ យុទ្ធជនពលី មរណៈជាច្រើន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ក្រោយពីប្រទេសជាតិទទួលបានសុខសន្តិភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការលើកកម្ពស់សុខមាលភាពនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ តាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ក៏ដូចជាស្ថាប័នពាក់ព័ន្ឋនានាតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យមន្រ្តី និងអ្នកចូលរួមក្នុងពិធីទាំងមូល ក្រោកឈរគោរពវិញ្ញាណក្ខ័នរំលែកទុក្ខដល់កងទ័ពមួយខៀវកម្ពុជាចំនួន៤នាក់ដែលបានពលីជីវិតនៅក្នុងបេសកកម្មសន្តិភាពនៅអាហ្រ្វិកកណ្តាល ដែលក្នុងនោះមាន៖ ១-លោកពលបាលឯក (អនុសេនីយ៍ទោ) អ៊ឺម សំ ២-លោកអនុសេនីយ៍ត្រី (ព្រិន្ទបាលទោ) ស៊ាង នរិន្ទ ៣- លោក ពលបាលឯក (ព្រិន្ទបាលទោ) មុំ តុលា ៤- លោកអនុសេនីយ៍ត្រី(អនុសេនីយ៍ឯក) ម៉ៅ អេង ។

ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកដល់ការតស៊ូរបស់ ឧត្តមសេនីយ៍ទោ មាស ក្រូច ជាមិត្តរួមអាវុធដែលបានចូលរួមតស៊ូជាមួយលោកក្នុងការរំដោះប្រទេសពីរបបប៉ុល ពត ដែលលោកទទួ​លមរណៈភាពកាលពីពេលថ្មីៗនេះផងដែរ៕

ចែករំលែក

បញ្ចេញយោបល់