លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ UN ពិនិត្យមើលផែនទីដឹកជញ្ជូនកងទ័ពកម្ពុជាឡើងវិញ ព្រោះជាកម្លាំងវិស្វកម្ម មិនមែនជាកម្លាំងប្រយុទ្ធ

ថ្ងៃពុធ ទី ១០ ឧសភា ២០១៧​
181

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យសេនាធិការអង្គការសហប្រជាជាតិប្រចាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលពិនិត្យមើលឡើងវិញពីការរៀបចំផែនទី ក្នុងការដឹកជញ្ជូនកងទ័ពកម្ពុជា ដើម្បីធានាដល់សុវត្ថិភាពកងកម្លាំងរបស់កម្ពុជាដែលធ្វើការនៅទីនោះ។ ការស្នើរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីក្រុមភេរវករមិនស្គាល់អត្តសញ្ញាណ បានធ្វើការវាយឆ្មក់លើកម្លាំងវិស្វកម្មកម្ពុជាមួយក្រុមដែលមានសមាជិក ១២នាក់ ការពារដោយកងកម្លាំងម៉ារ៉ុកបានវិលត្រឡប់ពីបំពេញភារកិច្ចក្នុងតំបន់។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍លើកឡើងថា យើងមិនស្ដីបន្ទោសចំពោះ សេនាធិការអង្គការសហប្រជាជាតិនោះទេ យើងសុំឲ្យសេនាធិការអង្គការ សហប្រជាជាតិប្រចាំអាហ្វ្រិកកណ្ដាលពិនិត្យឡើងវិញ ព្រោះកម្លាំងកម្ពុជាបញ្ជូនទៅនេះ មិនមែនជាកម្លាំងប្រយុទ្ធនោះទេ គឺជាកម្លាំងវិស្វកម្ម ដូច្នេះខ្ញុំសុំឲ្យមានការរៀបចំដើម្បីពិនិត្យមើលបញ្ហានេះ ហើយសុំមើលផែនទីដែលរៀបចំកម្លាំងនេះ តើថាការរៀបចំត្រូវ ឬទេ? យើងជាទាហាននៅទីនេះ សុទ្ធតែជាទាហានដែលមានបទពិសោធន៍។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា កងកម្លាំងកម្ពុជា ដែលកំពុងឈរជើងនៅមាលី សូដង់ខាងត្បូង និងបណ្ដាប្រទេសផ្សេងទៀត មិនតក់ស្លុតចំពោះបញ្ហានេះទេ កងកម្លាំងយើងកំពុងរៀបចំកម្លាំងប្ដូរវេន ដើម្បីបំពេញបេសសកម្មបន្តទៀត យើងមិនថយក្រោយហើយ សម្រេចចិត្តមិនចូលរួមរក្សាសន្តិភាពនោះទេ ផ្ទុយទៅវិញកម្ពុជានឹងបង្កើនកម្លាំងបន្ថែម ដើម្បីបន្តជួយបណ្ដាប្រទេសជាមិត្ត យើងមិនចុះចាញ់ពួកភេរវករ នោះទេ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ កម្លាំងវិស្វកម្មកម្ពុជាមួយក្រុមដែលមានសមាជិក ១២នាក់ ការពារដោយកងកម្លាំងម៉ារ៉ុកបានវិលត្រឡប់ពីបំពេញភារកិច្ចក្នុងតំបន់រ៉ាហ្វាយ លុះមកដល់ម៉ោង ៨យប់ ម៉ោងទៀបភ្លឺថ្ងៃទី០៩ ខែឧសភា នៅភ្នំពេញ ក្នុងភូមិ yogofongo ដែលមានចម្ងាយ ២០គីឡូម៉ែត្រខាងកើតតំបន់ បាំងហ្គាស៊ូ មានការពួនស្ទាក់បាញ់ប្រហារមកលើក្បួនយុទ្ធដំណើររបស់កងកម្លាំង មីនូស្កា ដោយក្រុមមិនស្គាល់អត្តសញ្ញាណ ដោយបានបណ្តាលឲ្យកម្លាំងកម្ពុជា ០៤នាក់ស្លាប់៕

ចែករំលែក

បញ្ចេញយោបល់