លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ចាបមួយនៅក្នុងដៃ ប្រសើរជាងចាប២០ នៅលើមេឃ!

ថ្ងៃអង្គារ ទី ៩ ឧសភា ២០១៧​
151

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋពិចារណាឱ្យច្បាស់មុនសម្រេចចិត្តជ្រើសរើសមេដឹកនាំ ហើយគិតឱ្យច្បាស់រវាងសន្តិភាព និងសង្រ្គាម ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នគឺរស់នៅប្រកបដោយ សុខសន្តិភាព ហើយសន្តិភាពនេះហើយ ដែលមានតម្លៃខ្លាំងបំផុត។ ពាក្យស្លោក «ចាបមួយនៅក្នុងដៃ ប្រសើរជាងចាប២០ នៅលើមេឃ» វាពិតប្រាកដយ៉ាងដូច្នោះមែន ប្រយ័ត្នលែងអាចាបនៅក្នុងដៃ ដែលកំពុងតែមាននេះ រួចហើយបាត់ទាំងអាចាបក្នុងដៃបាត់ទាំងអស់។ លោកបានថ្លែងដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាង នៅទីរួមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្ត្រីបន្តថា កម្ពុជាកុំភ្លេចថា បើទោះបីជាប្រទេសគ្របដណ្តប់ដោយសន្តិភាពពេញប្រទេស ក៏ប៉ុន្តែវាមានចរិកផុយស្រួយរបស់វា។ នេះហើយជាមូលហេតុនៃសង្រ្គាម ការញុះញង់ ការជេរប្រមាថសព្វគ្រប់បែបយ៉ាងទាំងអស់តើនោះវាជាអ្វី វាជាការដុតបញ្ឆេះកំហឹង នេះវាដល់ពេលដែលប្រជាពលរដ្ឋត្រូវជ្រើសរើស រវាងសន្តិភាព និងសង្រ្គាម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា អ្នករស់នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺអ្នកទាំងអស់គ្នាមានសេរីភាព គ្រប់គ្រាន់មានន័យថា អ្នកមានទោសទទួលទោសតាមច្បាប់ អ្នកគ្មានកំហុសមិនត្រូវទទួលនូវទណ្ឌកម្មណាមួយនោះទេ។ ប៉ុន្មានថ្ងៃទៀតការបោះឆ្នោតនឹងមកដល់ ដូចនេះប្រជាពលរដ្ឋត្រូវធ្វើការវិនិច្ឆ័យឱ្យបានច្បាស់លាស់ យើងបានរួមសុខរួមទុក្ខ ជាមួយគ្នាទាំងលំបាក ស៊ីអត់ស៊ីឃ្លានជាមួយគ្នា រហូតមកដល់ពេលនេះ តើយើងគួរបោះបង់ចោលសមិទ្ធិផលនេះ ដែរឬទេ?

 

ចែករំលែក

បញ្ចេញយោបល់