លោក ហ៊ុន ម៉ាណែត៖ យុវជន​បច្ចុប្បន្ន​មានឱកាស​ច្រើន​ណាស់ក្នុងការ​កសាង​អនាគត​ខ្លួន​

ថ្ងៃអង្គារ ទី ៩ ឧសភា ២០១៧​
105

លោក ហ៊ុន ម៉ាណែត នៅក្នុងវេទិការយុវជនក្រោមប្រធានបទ​«ត្រៀមខ្លួនក្លាយខ្លួនជាមន្ត្រីរាជការ​សាធារណៈ»​ នៅ​សាលាខេត្តកំពង់ចាមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានមានប្រសាសន៍ថា យុវជនឈានដល់​ដំណាក់​កាលម្ចាស់ការលើខ្លួនឯង ក្នុងការកសាងអនាគត​ខ្លួន ព្រោះយុវជនមានឱកាសច្រើនណាស់នា​ពេល​បច្ចុប្បន្ន​ដែលខុសគ្នាឆ្ងាយណាស់កាលពីអតីតកាល។ ស្ថានភាពប្រទេសកាលពីអតីតកាល យុវជនមិនមាន​ឱកាសរៀន​សូត្រនៅតាមមហាវិទ្យាល័យ គ្មានឱកាសទទួលបានការងារ គ្មានការកសាងជីវភាព​ធូធារ​នោះ​ទេ។ ប៉ុន្តែយុវជនយើងសព្វថ្ងៃនេះមានឱកាសច្រើនណាស់ក្នុងការសិក្សាស្រាវជ្រាវ ឱកាសស្វែងរកការងារធ្វើ និង​ឱកាសផ្សេងៗទៀត។

លោក​ ហ៊ុន ម៉ាណែត បន្ត​ថា ប្រទេសជាតិមួយអាចអភិវឌ្ឍទៅមុខបាន គឺអាស្រ័យ​លើ​អ្នក​ដឹកនាំ​រដ្ឋាភិ​បាល​ដែល​មានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ មានមន្ត្រីរាជការដែលជាអ្នកប្រតិបត្តិប្រកប​ដោយ​សមត្ថភាព ការទទួលខុសត្រូវ គុណធម៌ សីលធម៌និងមានការចូលរួមប្រកបដោយប្រសិទ្ធិ​ភាពពីផ្នែក​ដែល​​ពាក់ព័ន្ធ។

លោក ហ៊ុន ម៉ាណែត ឲ្យដឹងទៀតថា មន្ត្រីរាជការជាង ៣០ម៉ឺននាក់ បានបម្រើប្រជាពលរដ្ឋជាង ១៥លាន​នាក់​​នៅ​ទូទាំងប្រទេស គឺជាឆ្អឹងខ្នងនៃប្រទេសជាតិដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់​លើក​ទឹក​​ចិត្ត​មន្រ្តីរាជការនៅក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនរួមមានការពង្រឹងគុណភាព សមត្ថភាពតាម​រយៈ​ការ​​ជ្រើស​​រើស និងការបណ្តុះបណ្តាល។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានពង្រឹងប្រព័ន្ធការងារ និង​មធ្យោ​បាយ​ការងារ ការលើកទឹកចិត្ត ទាំងកិត្តិយសនិងកម្រិតជីវភាពតាមរយៈការតម្លើងប្រាក់បៀវត្ស និងអត្ថ​ប្រយោ​ជន៍​​ផ្សេងៗជាច្រើនទៀត ព្រមទាំងផ្តល់ការទុកចិត្ត និងផ្តល់សិទ្ធិដល់មន្ត្រីថ្នាក់ក្រោមជាតិផងដែរ។ នេះ​គឺ​ជា​គុណ​តម្លៃរបស់មន្ត្រីរាជការ ដែលរារដ្ឋាភិបាលបានយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជា​ពល​រដ្ឋ។

ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត បានលើកជាសំណួរថា តើយុវជនយើងត្រូវធ្វើអ្វីខ្លះជួយដល់សង្គមជាតិ?

លោក ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា ជួយខ្លួនឯង គឺជួយសង្គមជាតិ យុវជនត្រូវខិតខំសិក្សារៀនសូត្រ មិន​បង្កបញ្ហាដល់សង្គមជាតិ មានគុណធម៌ សីល​ធម៌ មានន័យថាយុវជនយើងបានជួយ​សង្គមជាតិរួច​ទៅ​ហើយ។ យុវជនត្រូវគិតថា​បើមិនបាន​ជួយ​ដោះ​ស្រាយបញ្ហាសង្គមទេ សូមកុំបង្កើតបញ្ហាដល់សង្គមជាតិ​ក្នុង​ការ​បំពេញមហិច្ឆិតា បំពេញតម្រូវការខ្លួនឯងគឺត្រូវអភិវឌ្ឍខ្លួនឯងឱ្យស្របទៅនឹងការអភិវឌ្ឍសង្គមជាតិ។ ព្រោះថា ​ការអភិវឌ្ឍសង្គមជាតិមួយត្រូវទាមទារនូវការចូលរួមទាំងអស់គ្នា។ ជាក់ស្តែងការធ្វើកំណែរ​ទម្រង់​វិស័យ​អប់រំ​មួយត្រូវទាមទារការចូលរួមពីផ្នែកដែលពាក់ព័ន្ធ ដែលជាលទ្ធផលយើងទទួលបាននូវគុណ​តម្លៃពី​សង្គម និងការផ្លាស់ប្តូរផ្នត់គំនិតឱ្យយុវជនមានការការខិតខំប្រឹងប្រែង។នេះបើតាមឯកឧត្តម ហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា យុវជនត្រូវអភិវឌ្ឍខ្លួនឯង ត្រូវត្រៀមខ្លួនជាអ្នកដឹកនាំជំនាន់ក្រោយ​ដើម្បីចូលរួមដឹកនាំ​ប្រ​ទេស​​ឱ្យកាន់តែប្រសើរពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីកូនចៅយើងរស់​នៅកា​ន់​តែ​ប្រសើរ និងកាន់តែរីកចម្រើន៕

ចែករំលែក

បញ្ចេញយោបល់