នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបជាមួយ លោក Huang Xiqiang ប្រធានមន្ទីរកិច្ចការបរទេសប្រចាំខេត្ត ជាំងស៊ូ ប្រទេសចិន រួមទាំងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងបង្កើនភាពស្នឹតស្នាលនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Huang Xiqiang ប្រធានមន្ទីរកិច្ចការបរទេសប្រចាំខេត្ត ជាំងស៊ូនិងក្រុមការងារ ដែលបានធ្វើទស្សនកិច្ចនៅក្រសួងការងារនាឱកាសនេះ។ លោករដ្ឋមន្រ្តីបន្តថា ប្រទេសចិនមានការអភិវឌ្ឍន៍យ៉ាងលឿន ហើយបានប្រែក្លាយខ្លួនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក ហើយការអភិវឌ្ឍយ៉ាងលឿននេះ ធ្វើទៅបានដោយសារ ភាពជឿនលឿននូវវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាកំលាំងចលករយ៉ាងសំខាន់ក្នុងការពន្លឿនសេដ្ឋកិច្ចជាតិ។ លោករដ្ឋមន្រ្តីក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រង និងការរក្សាវឌ្ឍនភាពតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះស៊ីហនុ ដែលទទួលបានជោគជ័យជាផ្លែផ្កា រហូតមកដល់បច្ចុប្បន្ននេះ ហើយលោករដ្ឋមន្រ្តីចង់ឃើញវឌ្ឍនភាពនេះកាន់តែមានភាពល្អប្រសើរ ព្រមជាមួយការចែករំលែកបទពិសោធន៍ បច្ចេកទេស ដល់ប្រទេសកម្ពុជាសំដៅបង្កើនការអភិវឌ្ឍជឿនលឿនដូចប្រទេសចិនដែរ។
ថ្លែងនាឱកាសនោះ លោក Huang Xiqiang ប្រធានមន្ទីរកិច្ចការបរទេសប្រចាំខេត្ត ជាំងស៊ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក រដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃនៅក្នុងជំនួបនាឱកាសនេះ។ លោក Huang Xiqiang បានរំលឹកផងដែរថា ទីក្រុងជាំងស៊ូបានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាតាំងពី១០ឆ្នាំមុន ហើយមកទល់ពេលនេះទំនាក់ទំនងរវាងប្រទេសទាំង២ មានភាពកាន់តែជិតស្និត និងកំពុងស្ថិតក្នុងស្ថានភាពដែលមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ឆ្លៀតក្នុងឱកាសនេះ លោក Huang Xiqiang ក៏បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដែលបានគាំទ្រដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះស៊ីហនុ ហើយលោក Huang Xiqiang មានសុឆ្ឆន្ទៈក្នុងការប្រែក្លាយតំបន់នេះ មិនត្រឹមតែជាតំបន់សេដ្ឋកិច្ចពិសេសនោះទេ តែឱ្យប្រែក្លាយទៅជាទីក្រុងដ៏ទំនើបមួយ ដែលមានទាំងខ្សែចង្វាក់ផលិតកម្ម សេវាកម្ម លំនៅដ្ឋាន ព្រមទាំងសាលារៀន។ ជាក់ស្តែងលោករដ្ឋមន្រ្តីកំពុងតែសាងសង់ វិទ្យាស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសមិត្តភាពកម្ពុជា-ចិន សំដៅលើកស្ទួយជំនាញបច្ចេកទេស មិនត្រឹមតែសម្រាប់ក្រុមហ៊ុនដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទេ តែដើម្បីលើកស្ទួយវិស័យនេះទូទាំងប្រទេសកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក Huang Xiqiang ក៏បានសំណូមដល់ក្រសួងការងារ ក្នុងការផ្តល់សិទ្ធ និងលទ្ធភាពឱ្យឯកឧត្តមក្នុងកិច្ចការគ្រប់គ្រងសាលាបណ្តុះបណ្តាលបច្ចេកទេស មិត្តភាពកម្ពុជា-ចិន សំដៅបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសកម្ពុជា។ មួយវិញទៀត លោក Huang Xiqiang ក៏បានគោរពអញ្ជើញលោករដ្ឋមន្ត្រី ទៅធ្វើដំណើរទស្សនកិច្ចនៅខេត្តជាំងស៊ូ ក្នុងវេទិការកិច្ចសហប្រតិបត្តិការរវាងខេត្តជាំងស៊ូនិងប្រទេសកម្ពុជានៅខែមិថុនាខាងមុខនេះផងដែរ។
តបតាមការស្នើរសុំរបស់លោក Huang Xiquang លោករដ្ឋមន្ត្រីបានសម្តែងនូវភាពសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះស៊ីហនុឱ្យទៅជាទីក្រុងទំនើបមួយ ព្រមទាំងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ មិត្តភាពកម្ពុជា-ចិននៅក្រុងព្រះស៊ីហនុដែលបច្ចុប្បន្ន វិទ្យាស្ថាននេះបានសាងសង់រួចរាល់ប្រមាណ ៩០%ហើយ។ លោករដ្ឋមន្រ្តីបន្តថា ក្រសួងការងារ រីករាយក្នុងភាពជាដៃគូរជាមួយទីក្រុងជាំងស៊ូ ហើយនឹងប្រគល់សិទ្ធឱ្យភាគីចិនគ្រប់គ្រងលើវិទ្យាស្ថាននោះ ទាំងគ្រូ កម្មវិធីសិក្សា និង សម្ភារៈបច្ចេកទេស ក៏ដូចជាបរិក្ខាផ្សេងៗ។ ការចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធនេះនឹងត្រូវធ្វើឡើងនាពេលឆាប់ៗនេះ ហើយលោករដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់វឌ្ឍនភាពនៃប្រទេសទាំង២។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១៧នេះ យើងនឹងមានជើងយន្តហោះផ្ទាល់ពីទីក្រុងជាំងស៊ូមកក្រុងព្រះស៊ីហនុ ដែលជើងហោះហើរនេះនឹងបង្ករលក្ខណៈងាយស្រួលដល់ការវិនិយោគ ព្រមទាំងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើងសម្រាប់ប្រទេសកម្ពុជា៕