ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការបំបែកជាខេត្តត្បូងឃ្មុំគឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។ លោក បានថ្លែងដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាង នៅទីរួមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការកសាងខេត្តត្បូងឃ្មុំក៏ជាការរំលឹកឡើងវិញនូវប្រវត្តិអតីតកាលរបស់យើង ដូចដែលមាននិទាននៅក្នុងរឿងទុំទាវ។ នេនទុំធ្លាប់បានធ្វើ ដំណើរពីបាភ្នំខេត្តព្រៃវែង រហូតមកដល់ត្បូងឃ្មុំដើម្បីស្វែងរកនាងទាវ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា អ្វីដែលសំខាន់មិនមែនជាបញ្ហាឈ្មោះទេ គឺបញ្ហា ការបង្ខិតនូវរដ្ឋបាលរបស់យើងឱ្យផ្សាភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋ និងងាយស្រួលក្នុងការគ្រប់ គ្រង ងាយស្រួលក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលកន្លងមកប្រជាពលរដ្ឋ ត្រូវធ្វើដំណើរវែងឆ្ងាយដើម្បីមកទទួលសេវាសាធារណៈ៕