ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ទាហានមួកខៀវកម្ពុជាម្នាក់បានស្លាប់ និង៣នាក់ទៀតកំពុងបាត់ខ្លួន ក្រោយការវាយប្រហារដោយពួកឧទ្ទាមមួយ នៅអាហ្រ្វិកកណ្តាល នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញ។ ការវាយប្រហារនេះ ក៏បានធ្វើឱ្យទាហានម៉ារ៉ុក៥នាក់រងរបួសធ្ងន់ស្រាល និងបាត់ខ្លួនម្នាក់ផងដែរ។ លោក បានថ្លែងដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាង នៅទីរួមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា យើងមានការសោកស្តាយមួយ ដើម្បីចូលរួមមរណទុក្ខចំពោះកងកម្លាំងរបស់យើង ដែលកំពុងស្ថិតនៅអាហ្រិកកណ្តាល ការពារឱ្យកងកម្លាំងរបស់ម៉ារ៉ុក ត្រូវក្រុមឧទ្ទាមវាយប្រហារ បណ្តាលស្លាប់ម្នាក់ និងកំពុងបាត់ខ្លួន៣នាក់។ ឯខាងម៉ារ៉ុករបួសធ្ងន់ស្រាល៥នាក់ ហើយក៏បាត់ខ្លួនម្នាក់ដែរ។
ជាមួយនឹងការថ្លែងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារទាហានដែលទទួលមរណភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យអង្គការសហប្រជាជាតិដែលនាំ ទាហានកម្ពុជា ទៅកាន់តំបន់នោះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវចំពោះទាហានកម្ពុជា ដែលបាត់បង់ជីវិត និងទាហានដែលបាត់ខ្លួន។ បើក្នុងករណីដែលទាហានបាត់ខ្លួនទាំងនោះ ត្រូវបានពួកឧទ្ទាមចាប់ដើម្បីធ្វើជាថ្នូរនោះ អង្គការសហប្រជាជាតិ ក៏ត្រូវយកចិត្តទុកដាក់ការពារដល់អាយុជីវិតរបស់ពួកគេផងដែរ។
សូមបញ្ជាក់ថា កម្ពុជាក្រោមស្លាកអង្គការសហប្រជាជាតិ បានបញ្ជូនទាហានមួកខៀវជាបន្តបន្ទាប់ ដើម្បីបំពេញបេសកកម្មសង្រ្គោះ និងដោះមីន នៅប្រទេសមួយចំនួន។ របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំនេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្ម របស់អង្គការសហប្រជាជាតិ បានចំនួន៣.៥៥៧នាក់ ក្នុងនោះមានទៅបំពេញបេសកម្មបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមបណ្ដា ប្រទេសនានា ដូចជា ប្រទេសស៊ូដង់, សូដង់ខាងត្បូង ឆាដ-សាធារណរដ្ឋអាហ្វ្រិកកណ្ដាល លីបង់ ស៊ីរី ម៉ាលី និង អាហ្វ្រិកកណ្ដាលជាដើម៕