នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ច ពិសេសចំនួន៤៥កន្លែង ពង្រីកទំហំពាណិជ្ជកម្មរហូតដល់ទៅ២,៨៣ប៊ីលានដុល្លារ និងបានបង្កើតការងារជូនប្រជាពលរដ្ឋចំនួន៨៦,០០០កន្លែង។ លោក ថ្លែងបែបនេះ ក្នុងពិធីសម្ពោធបើកជាផ្លូវការ នូវតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារ (ឃ្លាំង) គយមានដែនកំណត់របស់ក្រុមហ៊ុន ឃែរី វើលប៊្រីជ ឡូជីស្ទិក លីមីធីត នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ចាប់តាំងពីការបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស ពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ៤៥កន្លែង និងបង្កើតការងារប្រមាណជា ៨៦,០០០កន្លែង។ តំបន់សេដ្ឋកិច្ចពិសេសទូទាំប្រទេសកម្ពុជា នឹងស្រូបយកកម្លាំងពលកម្មប្រមាណ១០០,០០០កន្លែង។
លោកបានបន្តទៀតថា ទំហំពាណិជ្ជកម្មនៅតំបន់សេដ្ឋកិច្ចពិសេស មានទឹកប្រាក់ប្រមាណ២,៨៣ប៊ីលានដុល្លារ នៅឆ្នាំ២០១៦ កើនឡើង១,២% ធៀបនឹងឆ្នាំ២០១៥ ហើយនឹងបន្តកើនឡើងទៅឆ្នាំខាងមុខ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ តំបន់ឧស្សាហកម្ម និងធ្វើឲ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូន និងឡូជីស្ទិកនេះ៕