លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានសរសេរសារមកកាន់ហ្វេសប៊ុករបស់លោក ស្នើសុំឱ្យបង្កើតអគារសិក្សាបន្ថែម

ថ្ងៃអង្គារ ទី ៩ ឧសភា ២០១៧​
152

នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីរួមខេត្តត្បូងឃ្មុំ លោក បានបំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានសរសេរសារមកកាន់ហ្វេសប៊ុករបស់លោក ស្នើសុំឱ្យបង្កើតអគារសិក្សាបន្ថែម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការបង្កើតខេត្តត្បូងឃ្មុំនេះឡើង គឺបានបង្ខិតសេវារដ្ឋបាល​សាធារណៈឱ្យនៅកៀកជាមួយប្រជាពលរដ្ឋ រួមទាំងបំពេញសេចក្តីត្រូវការចាំបាច់នានារបស់ប្រជាពលក្នុងខេត្តនេះ។ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខេត្តត្បូងឃ្មុំនឹងក្លាយទៅជាទីប្រជុំជន និងមានភាពអ៊ូអរតាមរយៈការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធតម្រូវការចាំបាច់ថ្មីៗជាច្រើន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា តាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានសរសេរសារមកកាន់ Facebook របស់លោក ស្នើសុំឱ្យបង្កើតអគារសិក្សាបន្ថែមដើម្បីងាយស្រួលដល់ក្មួយៗចៅៗសិស្សានុសិស្សនៅទីប្រជុំជននេះ លោក បានសម្រេចផ្តល់ជូននូវការសាលាបឋមសិក្សា១ខ្នង និង អនុវិទ្យាល័យ និងវិទ្យាល័យ១ខ្នង ដែលក្នុងនោះ សាលាបឋមសិក្សាគឺផ្តល់ជូនអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន១៨ បន្ទប់ ទីចាត់ការ ១ខ្នង មាន ៣បន្ទប់។ អនុវិទ្យាល័យ និងវិទ្យាល័យ គឺផ្តល់ជូនអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន ១៨បន្ទប់ និងទីចាត់ការ ១ខ្នង មាន ៣បន្ទប់ ព្រមទាំងផ្ទះស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ ១ខ្នង កម្ពស់ ២ជាន់ មាន ១០បន្ទប់ និងផ្ទះស្នាក់នៅរបស់សិស្ស ១ខ្នង កម្ពស់ ២ជាន់ មាន ១០បន្ទប់ រួមទាំងធ្វើតារាង បាល់ទាត់ បាល់ទះ និងបាល់បោះផងដែរ៕

ចែករំលែក

បញ្ចេញយោបល់