អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Margaret Thatcher ធ្លាប់បានកំណត់និយមន័យពាក្យ មតិឯកច្ឆន្ទ (consensus) ថាជា” អ្វីមួយដែលគ្មានអ្នកណាម្នាក់ជឿជាក់ ហើយក៏គ្មានអ្នកណាម្នាក់ ជំទាស់”។
ចំណុចនេះបានរៀបរាប់អំពីវិធីសាស្រ្តរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឯជំនួបកំពូលថ្មីៗរបស់ខ្លួននៅក្នុងប្រទេសឡាវ ពេលដែលនិយាយដល់ជម្លោះទឹកដីនៅសមុទ្រ ចិនខាងត្បូង។
ទោះបីការអនុម័តក្រមសំរាប់ការប៉ះទង្គិចគ្នានៅសមុទ្រដោយមិនបានគ្រោងទុក ឬដោយចៃដន្យ (Code for Unplanned Encounters at Sea- Cues) នៅសមុទ្រចិនខាងត្បូងអាចជាសញ្ញាថាអាស៊ាន និងចិនបានចាប់ផ្តើមជំហានដំបូងដើម្បីកសាងការជឿទុកចិត្ត និងទំនុបចិត្តនៅចំពេលដែលភាពតានតឹងកំពុងកើនឡើងយ៉ាងណាក៏ដោយ តែមើលទៅមិនអាចធ្វើឲ្យមានអព្ភូតហេតុបានឡើយ។
ចិនមិនទទួលយកសេចក្តីសម្រេចរបស់តុលាការអន្តរជាតិលើការទាមទាររបស់ខ្លួននៅសមុទ្រ ចិនខាងត្បូងឡើយ ដែលផ្អែកលើអនុសញ្ញាគតិយុត្តិដូចជា អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ ដែលចិនក៏ជាហត្ថលេខីមួយដែរ។
តើហេតុអ្វីខ្លួនយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងដែលគ្មានលក្ខណៈគតិយុត្តិដូចជា ក្រម Cues? សំនួរនៅតែមានថាតើអាស៊ានអាចរក្សាការជឿទុកចិត្តបានទេ ប្រសិនបើខ្លួនបរាជ័យក្នុងការដោះស្រាយវិបត្តិធំៗនៅក្បែររបងរបស់ខ្លួនផ្ទាល់។
តក្កវិជ្ជាបង្ហាញថា អាស៊ានត្រូវតែអនុម័តវិធីសាស្រ្តធ្វើការ និងការយល់គ្នាមួយចំនួនដែលស៊ីសង្វាក់គ្នា ទាំងនៅផ្ទៃក្នុងសំរាប់សមាជិករបស់ខ្លួនផ្ទាល់ និងនៅខាងក្រៅ ដើម្បីធ្វើការងារជាមួយចិន និងភាគីផ្សេងទៀតដែលមិនមែនជាសមាជិកអាស៊ាន។
ដើម្បីធ្វើកិច្ចការនេះបាន ភាពដឹកនាំរបស់ឥណ្ឌូណេស៊ីគឺមានសារៈសំខាន់បំផុត។ ក្នុងនាម ជាសមាជិកស្ថាបនិកមួយរបស់អាស៊ាន ហើយឋានៈជាប្រពៃណីរបស់ខ្លួនជា “អ្នកទីមួយក្នុងចំណោម អ្នកស្មើភាពគ្នា” ឥណ្ឌូណេស៊ីគឺស្ថិតនៅក្នុងស្ថានភាពមួយដ៏ល្អបំផុតដើម្បីកំណត់សំលេងសំរាប់រដ្ឋជាសមាជិកផ្សេងទៀត។
ក្រៅពីទំហំរបស់ខ្លួន ឥណ្ឌូណេស៊ីគឺជាប្រទេសក្នុងអាស៊ានតែមួយគត់ដែលចិនមានការ អត់ធ្មត់មិនហ៊ានបង្កើនជម្លោះនៅសមុទ្រចិនខាងត្បូង។
នាវាឆ្មាំសមុទ្ររបស់ចិនមិនស្ទាក់ស្ទើរក្នុងការបុកទំលុះទូកនេសាទរបស់វៀតណាមនៅក្នុង ឆ្នាំ ២០១៤ ឡើយនៅក្នុងការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរលើការដាក់ពង្រាយឧបករណ៍ ខួងប្រេងរបស់ចិននៅក្នុងដែនទឹកនៅក្បែរឆ្នេរសមុទ្រវៀតណាម។ ការឈ្លានពានរបស់ចិនលើ ហ្វីលីពីននៅប្រជុំកោះ Spratly ក៏មានឯកសារចងក្រងបង្ហាញច្បាស់លាស់ផងដែរ។
ផ្ទុយទៅវិញ គ្មានសកម្មភាពសងសឹកណាមួយធ្វើឡើងពីសំណាក់ចិនឡើយ បន្ទាប់ពី ឥណ្ឌូណេស៊ីបានឆ្លើយតបដោយបាញ់ប្រហារ និងរឹបអូសនាវាមួយរបស់ចិន ដែលបានចូលបំពាន សមុទ្រ Natuna Sea នៅក្នុងខែមិថុនា។
ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួននៅលើសមុទ្រ Natuna ជាមួយមហាអំណាចមួយ ដូចជាចិនជាដើម ឥណ្ឌូណេស៊ីនឹងត្រូវការកម្លាំងរួមគ្នាមួយរបស់អាស៊ាន និងរបស់រដ្ឋជាសមាជិក ផ្សេងទៀតដែលមានចិត្តគំនិតដូចគ្នា។
អ្នកខ្លះអះអាងថា ការឲ្យឥណ្ឌូណេស៊ីដើរតួនាទីកាន់តែធំមួយនៅក្នុងអាស៊ានលើបញ្ហា សមុទ្រចិនខាងត្បូងអាចមិនងាយស្រួលឡើយ។
ទំនាក់ទំនងរបស់ប្រទេសនេះជាមួយអាស៊ានបានធ្លាក់ចុះបន្តិចម្តងៗចាប់តាំងពីការដួលរលំ របស់ប្រធានាធិបតី Suharto ក្នុងឆ្នាំ ១៩៩៨។ ភាពស្មុគស្មាញកាន់តែច្រើននៅក្នុងនយោបាយ ប្រជានិយមនៅក្នុងស្រុក និងបញ្ហាកង្វះថវិកានៅក្នុងក្រសួងការបរទេសឥណ្ឌូណេស៊ីធ្វើឲ្យប្រទេស នេះគិតគូរអំពីខ្លួនឯងកាន់តែច្រើនដោយមិនសូវមានទំនុបចិត្តលើភូមិសាស្រ្តនយោបាយក្នុងតំបន់។ រហូតមកដល់ពេលនេះ គេមិនឃើញមានឯកសារគោលណាមួយរបស់ក្រសួង ស្តីពីបញ្ហាសមុទ្រ ចិនខាងត្បូងឡើយ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី Joko Widodo ដែលមានប្រជាប្រិយភាពនៅក្នុងស្រុក បានជម្រុញឲ្យមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ។ ពេលចូលកាន់តំណែងប្រធានាធិបតីដំបូង លោក Widodo បានបង្ហាញចំណាប់អារម្មណ៍តិចតួចលើការងារការទូតរបស់អាស៊ាន។ នៅក្រោមគោល នយោបាយបាញ់ពន្លិចទូករបស់លោកសំរាប់ទូកនេសាទបរទេសខុសច្បាប់ដែលបានរឹបអូស ទូក នេសាទដែលមានប្រភពមកពីប្រទេសក្នុងអាស៊ាន ដូចជាវៀតណាម និងថៃ បានទទួលរងគ្រោះ មុនគេ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំទិចទូកនេសាទរបស់ចិនតែមួយប៉ុណ្ណោះនៅក្នុងឆ្នាំ ២០១៥។ គួរឲ្យចាប់អារម្មណ៍ ទូកនេសាទនេះបានរឹបអូសតាំងពីឆ្នាំ ២០០៩ មកម្លេះ។ ប៉ុន្តែ មានសញ្ញាជា ច្រើនបង្ហាញថាអ្វីៗអាចមានការផ្លាស់ប្តូរ។
ទីមួយ ត្បិតថាចិនបានបញ្ជាក់ទទួលស្គាល់ម្តងហើយម្តងទៀតចំពោះការទាមទាររបស់ ឥណ្ឌូណេស៊ីនៅប្រជុំកោះ Natuna ក៏ដោយ តែខ្លួនបានអះអាងថា ដែនទឹកត្រួតស៊ីគ្នានេះគឺជា “ទីតាំងនេសាទជាប្រវត្តិសាស្រ្តរបស់ចិន”។
ដូច្នេះ ពេលដែលមានការចូលបំពានពីសំណាក់ទូកនេសាទចិននៅក្នុងសមុទ្រ Natuna នៅ ឆ្នាំនេះចំនួនបីដង (ទូកនេសាទទាំងអស់នេះទទួលបានការការពារដោយកងឆ្មាំសមុទ្ររបស់ចិន) ក្រុងយ៉ាការតាត្រូវតែដឹងថា ឋានៈរបស់ខ្លួនដែលបានប្រកាសថាជា “មិនមែនភាគីពាក់ព័ន្ធ” និងជា “អ្នកសម្របសម្រួលដោយស្មោះត្រង់” នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង លែងទទួលយកបានទៀត ហើយ។
តាំងពីនោះមក ក្រុងយ៉ាកាតាបានដាក់ជំនួសឆ្មាំសមុទ្ររបស់ខ្លួននៅជុំវិញសមុទ្រ Natuna នូវនាវាកងទ័ពជើងទឹក និងបានប្រកាសផែនការបង្កើនកំលាំងយោធា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅ ក្នុងតំបន់នេះ ដូចបានគូសបញ្ជាក់នៅក្នុងឯកសារការពារជាតិ និងគោលនយោបាយសមុទ្ររបស់ ខ្លួននៅក្នុងឆ្នាំ ២០១៦។
លោក Widodo ឥឡូវនេះក៏មានការយល់ដឹងកាន់តែច្រើនអំពីសារៈសំខាន់របស់អាស៊ាន ចំពោះកិច្ចប្រឹងប្រែងខាងកាទូតរបស់ឥណ្ឌូណេស៊ី។ ការចូលរួមយ៉ាងសកម្មរបស់លោកនៅក្នុងជំនួប កំពូលថ្មីៗរបស់អាស៊ាន (ដោយលោកបានអំពាវនាវឲ្យមានឯកភាពផ្ទៃក្នុងអាស៊ាន) អាចជាសញ្ញានៃការផ្លាស់ប្តូរចិត្តគំនិត។ លោក Widodo ក៏បានពិភាក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូងជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ក្នុងដំណើរទស្សនកិច្ចថ្មីៗរបស់អស់លោកនៅក្នុងទីក្រុងយ៉ាការតា។
ដោយប្រឈមជាមួយបញ្ហារបស់ចិនដែលមិនធ្លាប់មានពីមុននៅសមុទ្រ Natuna លោក Widodo នឹងត្រូវកៀគរជំនួយទាំងអស់ រួមមានទស្សនៈពីមេដឹកនាំក្នុងអាស៊ានពីហ្វីលីពីន និង វៀតណាមដែលមានជម្លោះទឹកដីស្រដៀងគ្នាជាមួយចិនព្រមទាំងពីសិង្ហបូរី ដែលមានទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌សំខាន់ៗជាមួយក្រុងប៉េកាំង និងជាប្រទេសសម្របសម្រួលសំរាប់ទំនាក់ទំនងរវាងអាស៊ាន និងចិន។
ហ្វីលីពីន ដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ គួរស្វាគមន៍ និងគាំទ្រការបង្កើនការ ចូលរួមពាក់ព័ន្ធរបស់ឥណ្ឌូណេស៊ីនៅក្នុងតំបន់។ ប្រធានាធិបតី Widodo បានថ្លែងប្រាប់សារព័ត៌មាន ឥណ្ឌូណេស៊ីថា រូបលោក និង ប្រធានាធិបតី Duterte មានទស្សនៈដូចគ្នាច្រើន។
ការដែលថាការយល់ច្រឡំគ្នាជាបន្តបន្ទាប់លើអ្វីដែលប្រធានាធិបតី Duterte បានប្រាប់ ប្រធានាធិបតី Widodo អំពីវាសនារបស់ជនជាតិហ្វីលីពីននៅក្នុងបញ្ជីប្រហារជីវិតនៅឥណ្ឌូណេស៊ី ឈ្មោះ Mary Jane Veloso ត្រូវបានធ្វើឲ្យរលូនឈានដល់ទំនាក់ទំនងការងារមួយរវាងបុរសទាំងពីរ។
ភាពក្រអឺតក្រទមកាន់តែខ្លាំងរបស់ចិននៅសមុទ្រចិនខាងត្បូងបានបង្ហាញនូវបញ្ហាមួយ ដែលធ្វើឲ្យមានភាពប្រេះឆាខ្លាំងជាងគេសំរាប់អាស៊ាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយ ធ្វើតេស្តសាកល្បងមុខងារស្នូលរបស់ខ្លួនក្នុងនាមជាវេទិកាតំបន់សំរាប់ការដោះស្រាយជម្លោះ។
ជាការសំខាន់ឥណ្ឌូណេស៊ីត្រូវប្រើឥទ្ធិពលរបស់ខ្លួននៅក្នុងអាស៊ានដើម្បីការពារសមាគម នេះកុំឲ្យធ្លាក់ចូលទៅក្នុងភាពគ្មានសារៈសំខាន់។
ការមិនស្ងប់អារម្មណ៍របស់វៀតណាមលើស្ថានភាពនេះត្រូវបានបង្ហាញច្បាស់រួចទៅហើយ។ នៅក្នុងសន្ទរកថាថ្មីៗមួយនៅសិង្ហបូរី ប្រធានាធិបតីវៀតណាមលោក Tran Dai Quang បាននិយាយ ប្រឆាំងនឹងផ្នត់គំនិតដែលថា “មានអំណាចធ្វើត្រូវ” ដោយក្នុងចិត្តគិតច្បាស់ទៅដល់ប្រទេសចិន។
ដោយចងចាំថា វៀតណាមកំពុងសំឡឹងហួសពីអាស៊ាននៅក្នុងផែនការសន្តិសុខរបស់ខ្លួន ដូចជា ការរិតចំណងទាក់ទងលើវិស័យការពារជាតិកាន់តែជិតស្និទ្នជាមួយឥណ្ឌាតាមរយៈកិច្ចសហការរបស់ខ្លួនលើប្រព័ន្ធមីស៊ីល BrahMos ភាពបន្ទាន់នៃឯកភាពផ្ទៃក្នុងអាស៊ានគឺមិនអាចប្រកែកបាន។
ចូរយើងសង្ឃឹមថា ឥណ្ឌូណេស៊ី ដោយធ្វើការជាមួយសមាជិកស្ថាបនិកផ្សេងទៀត អាច ត្រួសត្រាយផ្លូវឲ្យមានមតិឯកច្ឆន្ទមួយ ដែលមនុស្សគ្រប់គ្នាអាចធ្វើការជាមួយ និងគ្មានអ្នកណាជំទាស់៕
ប្រភព : TODAYonline ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦