សង្ខេប​នៃ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ពី​បុរាណកាល​

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
1249

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាទំនៀមទម្លាប់ប្រពៃណីតាំងពីបុរាណកាល ឬចាប់តាំងពីប្រទេសកម្ពុជាមានព្រះមហាក្សត្រសោយរាជ្យ មកដែលគេគិតពីបឋមក្សត្រនៃអាណាចក្រនគរភ្នំមកនោះគឺគេសន្និដ្ឋាន ថា ព្រះមហាក្សត្រតែងបានប្រារព្ធពិធីច្រត់ព្រះនង្គ័លជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលពាក់កណ្តាលខែពិសាខ។ ដ្បិតព្រះមហាក្សត្រជាម្ចាស់ទឹកដីហើយដែលព្រះអង្គបានមានព្រះរាជ តម្រិះគិតគូរដល់ផលប្រយោជន៍និងមុខរបរកសិកម្ម ដល់ប្រជាពលរដ្ឋ។

ក្នុងការពន្យល់ពាក្យថា ក្សត្រនៃវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជជួន ណាត ទំព័រ៩១ បានអោយដឹងថា “ក្សត្រ” គឺជាមេស្រែ។ យ៉ាងនេះហើយទើបព្រះមហាក្សត្រទ្រង់បានរៀបចំពិធីច្រត់ព្រះនង្គ័ល ដើម្បីព្រះអង្គជាតំណាងនៃម្ចាស់ស្រែ ឬជាមេស្រែ។

ក្នុងពិធីច្រត់ព្រះនង្គ័ល ចំពោះស្រែ ឬកន្លែងសម្រាប់ប្រារព្ធពិធីនេោះគេហៅថា ព្រះស្រែ, ឯគោដែលទឹមភ្ជួរនាពេលនោះគេហៅថា ព្រះគោ ឬគោឧសភរាជ, ចំណែកឯនង្គ័លគេហៅថា ព្រះនង្គ័ល។ ចំពោះអ្នកដែលជាតំណាងអោយព្រះមហាក្សត្រនោះមានឈ្មោះថា ” ស្ដេចមាឃ”។ ជាមួយគ្នានោះដែលក៏មានស្ត្រីម្នាក់ជាតំណាងមហេសីរបស់ស្ដេចមាឃ មានឈ្មោះថា ព្រះមេហួ ព្រមទាំងបរិវារហែហមជាច្រើន យាងនិងដើរតាមក្រោយក្បួនព្រះនង្គ័ល។

ក្នុងសកម្មភាពនៃពិធីច្រត់ព្រះនង្គ័ល ឬជាពេលភ្ជួរដោយផាលនង្គ័ល គ្រាន់តែមុត ឬប៉ះដីឆិតៗនិងតិចៗបង្អូសស្នាមគំនូសប៉ុណ្ណោះ ពោលគឺមិនមែនដូចជាការភ្ជួរស្រែធម្មតានោះទេ។ គប្បីបញ្ជាក់ថា នង្គ័លមាន៣គ្រឿងនិងមានគោបីនឹមដែរ។ នង្គ័លមួយនាំមុខនិងនង្គ័លមួយនៅខាងក្រោយ ចំណែកឯនង្គ័លកណ្ដាលគេនោះជាតំណាងព្រះនង្គ័លនៃព្រះមហាក្សត្រ ដែលមានស្ដេចមាឃជាតំណាង ហើយជាអ្នកច្រត់។ ចំណែកឯក្បួនដើរឬយាងពីក្រោយនោះ មានព្រះមេហួ កណ្តៀតកញ្ជើដែលមានស្រូវហើយបានចាប់ក្តាប់និងបាចសាចតំណាងអោយអ្នក សាបព្រោះស្រូវ តាមស្នាមខាងក្រោយនៃព្រះនង្គ័ល។ ឯការបញ្ជាក់ចំពោះសម្លៀកបំពាក់ទាំងស្ដេចមាឃ និងព្រះមេហួ នោះគឺជាការតុបតែងរបៀបជាព្រះពស្ត្រនៃព្រះមហាក្សត្រ និងព្រះអគ្គមហេសីតែម្តង។

ការច្រត់ព្រះនង្គ័លបាន គម្រប់៣ជុំហើយទើបឈានចូលក្នុងកម្មវិធីចុងក្រោយគឺការដោះពីនឹមនៃ ព្រះគោឧសភរាជ មួយនឹមដែលមានស្រោមតុបតែងលម្អស្នែង និងមានកំណាត់ព្រំគ្របដណ្ដប់លើខ្នងនោះ អោយស៊ីផឹកនូវអាហារចំនួន៧មុខ តម្កល់នៅលើថាសឬតុប្រាក់ទាំង៧នៅខាងមុខព្រះរាជវេទិកានោះគឺ ស្រូវមួយតុ, សណ្ដែកមួយតុ, គ្រាប់ពោតមួយតុ, គ្រាប់ល្ងមួយតុ, ស្មៅស្រស់មួយតុ, ទឹកមួយតុ និងស្រាមួយតុ។ មានព្រាហ្មណ៍ជាអ្នកចេះទស្សន៍ទាយ និងគន់គូរទៅតាមការស៊ីចំណីដែលបានរៀបចំនោះដោយសេរីនៃគោឧសភរាជ ពោលគឺគេមិនបានបង្ខំអោយគោស៊ីឬផឹកអ្វីនោះទេ។

ចំពោះការទស្សន៍ទាយជាទូទៅគេតែងដឹងអំពី ការរីកចម្រើននិងការទទួលផលពីវិស័យកសិកម្មបានល្អតាមរយៈការស៊ី របស់គោដោយមានការលើកលែងតែ ចំណី២យ៉ាងដែលទាយថា មិនល្អគឺ បើគោស៊ីស្មៅ ទាយថា នឹងកើតជំងឺគោក្នុងឆ្នាំនេះហើយ បើគោផឹកស្រា នឹងនាំអោយសង្គមយើងមានមនុស្សពាលឬមានកើតអំពើចោរកម្មច្រើនផង។
ពិធីច្រត់ព្រះនង្គ័លនេះមានប្រវត្តិព័ត៌មានដែលគេបានដឹងថា មានប្រភពពីប្រទេសឥណ្ឌា ហើយដែលមានទាំងអក្សរសិល្ប៍ និងសាសនាព្រាហ្មណ៍ព្រមទាំងពុទ្ធសាសនាហូរចូលមកស្រុកខ្មែរតាំងពី សតវត្សរ៍ទី១នៃគ្រិស្តសក រាជមកម្ល៉េះ។ ជាក់ស្តែងគេបានប្រទះឃើញពិធីច្រត់ព្រះនង្គ័លក្នុងរឿងភារតយុទ្ធ និងក្នុងរឿងរាមកេរ្តិ៍ជាដើម។ គឺក្នុងរឿងរាមកេរ្តិ៍មានព្រះបាទមិថិលាច្រត់ព្រះនង្គ័លដែលព្រះអង្គ រើសបាន នាងសីតា ពីគន្លងនង្គ័លផង។ ដោយឡែកក្នុងពុទ្ធប្រវត្តិក៏មានពិធីច្រត់ព្រះនង្គ័លដោយព្រះបាទ សុទ្ធោទនៈជាព្រះបិតារបស់ព្រះអង្គ។
សរុបសេចក្តីមកដោយសារតែព្រះមហាក្សត្រក្នុងព្រះនាមព្រះអង្គជាតំណាង នៃមេស្រែទើបព្រះអង្គទ្រង់បន្តជាប្រពៃណីនៃពិធីច្រត់ព្រះនង្គ័ល ក្នុងរដូវដើមវស្សាទុកជាគំរូនៃការបើកឆាកដំបូងគេជូនប្រជាកសិករ ក្នុងការធ្វើស្រែចម្ការ បង្កបង្កើតភោគផលដើម្បីអោយប្រទេសជាតិសំបូរសប្បាយរុងរឿងតាមរយៈវិស័យ កសិកម្ម៕

អត្ថបទ៖ ឥន្ទ្រីយ៍ ខ្មៅ

 

darith-13

ចែករំលែក

បញ្ចេញយោបល់