នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសាររំលែកទុក្ខជូន លោកស្រី អ៊ុក សារ៉េត ចំពោះមរណភាពរបស់លោក មាស ក្រូច ទីប្រឹក្សារាជរដ្ឋាភិបាល ដែលជាស្វាមីរបស់លោកស្រី។
ក្នុងសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបរាប់ថា មរណភាពរបស់លោក មាស ក្រូច គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងការបំរើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា លោក មាស ក្រូច គឺជាសកម្មជន ១រូប នៃក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានរួមចំណែកជួយកសាងសមិទ្ធផលសង្គមនានា ជួយលើកស្ទួយដល់ជីវភាពប្រជាជន នៅតាមមូលដ្ឋាន និងបានបន្សល់ទុកស្នាដៃសំរាប់កូនចៅជំនាន់ក្រោយ។
ដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកនាយករដ្ឋមន្រ្ដី និងភរិយា សូមចូលរួមចែករំលែកនូវមរណ ទុក្ខដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយ លោក លោកស្រី បុត្រា បុត្រី ព្រមទាំងបង ប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្ដីសង្វេគជាទីបំផុត ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រានី ហ៊ុនសែន បានឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធលោក មាស ក្រូច បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើង សូមលោកស្រី ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីភរិយាលោក និងរូបលោកផ្ទាល់៕