កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីពិនិត្យមើលកិច្ចការសំខាន់ៗ។
សូមជម្រាបផងដែរថា របៀបវារៈដែលលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានព្រាងនិងទទួលបានការយល់ព្រមសម្រាប់ការពិនិត្យពិភាក្សានៅព្រឹកនេះមានដូចជា៖
1-ការធ្វើបច្ចុប្បន្នភាពពីផែនការសកម្មភាព របស់សហព័ន្ធស្រូវអង្ករកម្ពុជា និង លេខាធិការដ្ឋាន
2-ការពិនិត្យនិងសម្រេច លើផែនការ៥ឆ្នាំរបស់សហព័ន្ធដែលបានកែសម្រួលថ្មី
3-ពិនិត្យនិងសម្រេចលើគោលការណ៍ និង បញ្ជីឈ្មោះក្រុមហ៊ុននាំចេញ
4-ពិនិត្យនិងសម្រេចលើសេចក្តីព្រាងអនុស្សារណៈយោគយល់គ្នា ស្តីពី ក្រមសីលធម៌របស់អ្នកនាំចេញមុននឹងបញ្ជូនទៅកាន់ក្រសួងពាណិជ្ជកម្ម។
ក្រៅពីរបៀបវារៈនេះ ក្រុមប្រឹក្សាភិបាល ក៏ត្រៀមលើកយកបញ្ហាផ្សេងៗទៀត ដើម្បីជជែកនិងដោះស្រាយបន្ទាន់។
ក្នុងឱកាសនៃកិច្ចប្រជុំកម្រិតខ្ពស់នេះ លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអរគុណចំពោះក្រុមប្រឹក្សាភិបាលដែលបានតស៊ូ និង លះបង់ពេលវេលាសម្រាប់ដំណើរការសហព័ន្ធ។
ថ្លែងក្នុងពេលបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លោក សុខ ពុទ្ធីវុធ បានបញ្ជាក់ថា៖ «ផែនការប្រាំឆ្នាំនេះ ខ្ញុំយល់ថា វាមានសារៈសំខាន់ណាស់ ហើយ តាមរយៈផែនការថ្មី យើងនឹងមានលទ្ធភាពធ្វើការងារកាន់តែទូលំទូលាយ និង មានលទ្ធភាពគ្រប់គ្រាន់»។
លោកបានគូសបញ្ជាក់ថា បញ្ហាមានច្រើន គំនិតក៏មានច្រើន តែគំនិតទាំងអស់មិនទាន់ទទួលបានការសហការពេញលេញក្នុងការធ្វើការងារនៅឡើយ។
លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា នឹងបន្តធ្វើច្ចុប្បន្នភាពជូនសាធារណៈជន៕