លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានត្រឡប់មកដល់កម្ពុជាវិញហើយ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានទៅសម្រាកព្យាបាលជំងឺអស់រយៈពេល ៣ថ្ងៃនៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី។
លោកនាយករដ្ឋមន្រ្តី បានវិលត្រឡប់មកដល់កម្ពុជា វិញជាមួយនឹងសុខភាពយ៉ាងល្អប្រសើរ។ ចៅៗរបស់លោកមួយចំនួនបានមករង់ចាំទទួលជីតារបស់ពួកគេ ដោយការនឹករលឹក។ លោកនាយករដ្ឋមន្រ្តី ក៏សូមអរគុណបងប្អូនជនរួមជាតិ ដែលបានផ្ញើសារជូនពរ និងបារម្ភពីសុខភាពរបស់លោក។
មន្ត្រីបានឲ្យដឹងថា ស្ថានភាពជំងឺរបស់លោកនាយករដ្ឋមន្រ្តី បានវិលមករកប្រក្រតីភាពជាធម្មតា ហើយក៏អាចបំពេញការងារជូនប្រទេសជាតិ ដោយគ្មានឧបសគ្គនោះឡើយ។
ជាការកត់សម្គាល់ជាមួយដំណឹងនៃការមានជំងឺ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ប្រជាពលរដ្ឋខ្មែរជាច្រើន បានចូលមកសម្តែងសមានចិត្តមនោសញ្ចេតនា អាណិតអាសូរ ព្រមទាំងបានជូនពរជាបន្តបន្ទាប់ឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆាប់បានជាសះស្បើយពីជំងឺ ដែលក្នុងនោះរួមមានទាំងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សមរង្ស៊ី ផងដែរ។ លើសពីនោះ លោកនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់លោក សម រង្ស៊ី ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានជូនពរលោកក្នុងពេលសម្រាកព្យាបាលជំងឺនៅប្រទេសសិង្ហបុរី។
ជាមួយដំណើរនិវត្តន៍មកដល់មាតុភូមិដ៏កម្សត់នេះវិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឡូកជីវិតក្នុងសមរភូមិសង្រ្គាមតាំងពីវ័យជាង ១០ឆ្នាំរូបនេះ នឹងត្រូវបន្តការងារយ៉ាងមមាញឹកទៀត។ តាមកម្មវិធីដែលបានដាក់ចេញ ពេញមួយសប្តាហ៍ក្រោយនេះ លោកនាយករដ្ឋមន្រ្តី នឹងត្រូវអញ្ជើញជាអធិបតីក្នុងកម្មវិធីជាច្រើន ទាំងកម្មវិធីក្នុងប្រទេស និងក្រៅប្រទេសផងដែរ។
ដែលកម្មវិធីទាំងនោះមានដូចជា ការអញ្ជើញប្រារព្ធទិវាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ៨ ឧសភា ការបើកសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ, ទិវាអតីតយុទ្ធជនកម្ពុជា បើកវេទិកាសេដ្ឋកិច្ចពិភាពលោកស្តីពីតំបន់អាស៊ាន។ ហើយនៅថ្ងៃចុងសប្តាហ៍ នឹងត្រូវអញ្ជើញទៅប្រទេសចិន ដើម្បីចូលរួមវេទិកាផ្លូវមួយ ខ្សែក្រវាត់មួយទ៕