នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២៧៩នាក់ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួនជិត៣ពាន់នាក់ នៅស្រុកទ្រាំង ខេត្តតាកែវ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។ ការចុះពិនិត្យ ព្យាបាលជំងឺនេះ គឺមានការសម្របសម្រួលដោយ លោក សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយស្រុកទ្រាំង ខេត្តតាកែវ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដឹកនាំដោយ លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី តំណាងលោក ហ៊ុន ម៉ានី ធ្វើឡើងនៅបរិវេណវិទ្យាល័យព្រៃទប់ ស្ថិតក្នុងឃុំស្រង៉ែ ស្រុកទាំង ខេត្តតាកែវ ដោយមានការចូលរួមពី លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោក សុខ ពុទ្ធិវុធ អនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកទ្រាំង លោក សុខ សប្បាយណា ប្រធានគណៈពង្រឹងឃុំរនៀម ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ និងអភិបាលស្រុកទ្រាំង។
ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ…។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន តាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សូមបញ្ជាក់ថា រយៈពេល៥៣ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៦៧៨នាក់ ចុះពិនិត្យ និងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៧២លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន៩៦៣៩៦នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ៕