នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក និងឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ភឿង សកុណា ប្រធានអាជ្ញាធរជាតិអប្សរា បានយកថវិកាចំនួន១២លានរៀលឧបត្ថម្ភដល់កាកបាទក្រហមខេត្តសៀមរាបដើម្បីរួមចំណែកការងារមនុស្សធម៌ក្នុងសង្គម។
កម្មវិធីប្រគល់ថវិកានេះ បានធ្វើឡើងក្នុងឱកាសកាកបាទក្រហមខេត្ត ប្រារព្ធពិធីអបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកម្សាន្តរ៉ូហ្សាណា ប្រដវេរ។
កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រះសង្ឃ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ អ្នកជំនួញជាតិ-អន្តរជាតិ អាជីវករ សិស្សានុសិស្សជាច្រើនផងដែរ។
កម្មវិធីនេះ ក៏បានបង្ហាញរបាយការណ៍លទ្ធផលការងារឆ្នាំចាស់ និងការប្តេជ្ញាចិត្តបន្តអនុវត្តផែនការការងារឆ្នាំថ្មី សំដៅធ្វើយ៉ាងណាជួយឱ្យបានច្រើនជាងមុន និងបានឆ្ងាយជាងមុន ដោយស្មើភាព មិនប្រកាន់ឋានៈឬបក្សនយោបាយអ្វីទាំងអស់ចំពោះជនរងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះថ្នាក់ដោយធម្មជាតិ អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយ ក្មេងកំព្រា ជនពិការ។ល។
បន្ថែមពីនោះ អង្គពិធីទាំងមូលក៏បានថ្លែងអំណរគុណដល់សប្បុរសជនជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធានតាមសទ្ធានិងលទ្ធភាពដល់កាកក្រហមកម្ពុជាប្រចាំខេត្តសៀមរាប ដើម្បីជួយដល់ជនរងគ្រោះដែលត្រូវការការសង្គ្រោះជាបន្ទាន់។ តាមរយៈការចូលរួមចំណែកទាំងនេះ គឺបង្ហាញពីការបណ្តុះស្មារតីសាមគ្គីភាព ចែករំលែកការអាណិតអាសូរ និងទឹកចិត្តស្រឡាញ់ដល់អ្នកទន់ខ្សោយ ដែលក្នុងនាមជនរួមជាតិត្រូវធ្វើដើម្បីគ្នាទៅវិញទៅមក៕