រដ្ឋមន្រ្តីក្រសួងកសិកម្ម រៀបចំវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត​កម្មវិធីនយោបាយ​ និងយុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាលទី០៣​ របស់រាជ​រដ្ឋាភិបាល​

ថ្ងៃសៅរ៍ ទី ៦ ឧសភា ២០១៧​
151

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបចំវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី០៣ របស់រាជរដ្ឋាភិបាល ដែលធ្វើឡើងនៅវត្តកោះប៉ែន ភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន ១០០០នាក់។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ដែលលោកទាំងពីរតែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតាមដានជាប្រចាំនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមានការយកចិត្តទុកដាក់ខ្ពស់។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ពីគុណប្រយោជន៍នៃសន្តិភាព ដែលបានមកពីការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ដូច្នេះប្រជាពលរដ្ឋគ្រប់ៗរូបត្រូវរួមគ្នារក្សានូវសុខសន្តិភាពនេះអោយបានគង់វង្ស។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្ថែមថា រាជរដ្ឋាភិបាលកំពុងខិតខំកសាងនូវសមិទ្ធផលសំខាន់ៗដូចជាផ្លូវថ្នល់ ស្ពាន វត្តអារាម សាលារៀន បណ្តាញផ្គត់ផ្គង់អគ្គិសនី កំពង់ផែ និងព្រលានយន្តហោះអន្តរជាតិថ្មីផងដែរ។ ចំពោះបញ្ហាទីផ្សារកសិកម្មបច្ចុប្បន្ន ក្រសួងកំពុងខិតខំស្វែងរកទីផ្សារតាមរយៈការសហការវិនិយោគលើការកែច្នៃផលិតផលកសិកម្មសម្រាប់ការនាំចេញ។

ជាចុងក្រោយ ប្រជាពលរដ្ឋរស់នៅក្នុង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលើកឡើងនូវបញ្ហាប្រឈម ដូចជា បញ្ហាខូចខាតផ្លូវលំ ស្នើសុំកុំព្យូទ័រ សំលៀលបំពាក់ប្រជាការពារ វិទ្យុទាក់ទង ជួសជុលសាលារៀន និងកសាងវត្តអារាម។ ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានដោះស្រាយជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងចាត់អោយក្រុមការងារបន្តតាមដានចំពោះការអនុវត្តសំណើទាំងអស់អោយមានប្រសិទ្ធភាពផងដែរ៕

ចែករំលែក

បញ្ចេញយោបល់