ហ្វេសប៊ុកចៅចាក់ស្មុក៖ បក្សចាញ់មិនដែលឈ្នះ!

ថ្ងៃសុក្រ ទី ៥ ឧសភា ២០១៧​
99

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «បក្សចាញ់មិនដែលឈ្នះ!» ដែលមានខ្លឹមសារដូចខាងក្រោម៖

រហូតមកទល់ពេលនេះ បក្សប្រឆាំងដែលផ្តើមដឹកនាំដោយអ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី ប្តូរមកក្រោមការដឹកនាំរបស់កឹម សុខា មិនដែលស្គាល់ថាអ្វីទៅដែលជាការឈ្នះការបោះឆ្នោត ខណៈរៀងរាល់ពេលបោះឆ្នោតម្តងៗ គណបក្សទាំងមូលស្រែកដោយក្រអឺតក្រទមថាបក្សខ្លួននឹងឈ្នះការបោះឆ្នោតគ្រប់ពេលទាំងអស់។ ប៉ុន្តែដល់ពេលបោះឆ្នោតហើយ លទ្ធផលបានធ្វើឱ្យការស្រម៉ៃខ្ពស់កប់ពពក មកជ្រកក្រោមអាចម៌ជន្លេន ធ្លាក់ទល់ប្រអក ព្រមទាំងយំឡាំប៉ាតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតដើម្បីបន្លំលួងចិត្តអ្នកគាំទ្រខ្លួន និងអ្នកខំបេះពីមាត់ពីកនូវថវិកាបន្តិចបន្តួចរបស់ខ្លួនដើម្បីជួយបក្ស។ មិនតែប៉ុណ្ណោះបក្សប្រឆាំងតែងតែធ្វើជាជនរងគ្រោះនៃភាពចាញ់របស់ខ្លួនដើម្បីស្វែងរកក្តីអាណិតអាសូរសម្រាប់ការបោះឆ្នោតក្រោយៗទៀត។

រាស្ត្រខ្មែរឆ្ងល់ថាហេតុអ្វីបានជាគណបក្សប្រឆាំងចាញ់មិនដែលឈ្នះសោះនៅរៀងរាល់ការបោះឆ្នោត?

១-គោលនយោបាយកុហកបោកប្រាស់៖

ក្នុងគោលនយោបាយដែលបក្សប្រឆាំងរៀបចំឡើងភាគ ច្រើនបង្កប់ដោយការភូតភរកុហកបោកប្រាស់ គ្មានអ្វីជារូបិយឡើយជាពិសេសយរៀបចំគោលនយោបាយដោយយកប្រាក់ដាក់ជានុយដើម្បីទាក់ទាញពលរដ្ឋមួយចំនួន។ បក្សប្រឆាំងបានព្យាយាមក្នុងការមិនបកស្រាយ​ពន្យល់ថាតើលុយដែលខ្លួនសន្យាឱ្យនោះបានមកពីណាឱ្យពិតប្រាកដតែងតែបង្វែងដានព្រោះបើប្រាប់ថាលុយដែលសន្យាឱ្យនោះជាលុយបានមកពីពន្ធអាកររបស់រាស្ត្រនោះរាស្ត្រនឹងមិនគាំទ្រឡើយ។ ដូច្នេះត្រូវធ្វើគោលនយោបាយបែបពាំត្រណោត បន្លំ បំភ័ន្តរាស្ត្រ ធ្វើយ៉ាងណាឱ្យតែបានសន្លឹកឆ្នោតសិន ត្រង់ថាបោក ឬមិនបោកចាំប្រាប់តាមក្រោយ។ ដោយសារតែគ្មានអ្វីជាក់លាក់នៅក្នុងគោលនយោបាយ របស់ខ្លួនដើរតែសន្យាខ្យល់ បានជាប្រជាពលរដ្ឋ មិនទុកមានជំនឿទុកចិត្តព្រោះមានឈ្មោះថា ជាអ្នកថា សន្យាចោលថាអីក៏ចេះតែស្រួលដូចបកចេក ព្រោះមិនមែនជាអ្នកជួបការលំបាក ហើយរាស្ត្រភាគច្រើន បានដឹងពីចរិតពិតនៃបក្សប្រឆាំងដែលចេះតែធ្វើប្រជាភិថុត គ្មានគោលនយោបាយរូបិយនិយមឡើយ។

 ២-អ្នកនយោបាយខ្វះការទទួលខុសត្រូវ៖

កន្លងមកដើម្បីស្វែងរកសំឡេងឆ្នោតគាំទ្រ មេបក្សប្រឆាំងគឺទណ្ឌិតសម រង្ស៊ី បានជាប់ឈ្មោះជាជើងឯកផ្នែកការរើសអើងពូជសាសន៍ដោយប្រើវោហាសាស្ត្រប្រឆាំងនឹងជនជាតិវៀតណាម និងប្រទេសវៀតណាមដើម្បីដុតកំហឹងជាតិនិយមជ្រុលរបស់មនុស្សមួយចំនួនដោយបានបញ្ឆេះកំហឹងឱ្យស្អប់ខ្ពើមជនជាតិវៀតណាមនិងខិតខំបំភ្លៃប្រវត្តិសាស្ត្រ។ សម រង្ស៊ី បានប្រើ ការដុតកំហឹងវណ្ណៈសង្គមឱ្យមានទំនាស់វណ្ណៈរវាងអ្នកមាន និងអ្នកក្រ កម្មករកសិករ និងមន្ត្រីរាជការ និងបានបណ្តុះពូជជេរប្រមាថម៉ាក់ងាយខ្មែរគ្នាឯង និងបង្រៀនពីការលាបពណ៌ ជាក្បាលយួនខ្លួនខ្មែរចំពោះ អ្នកទាំងឡាយដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។ រាស្ត្រខ្មែរមិនអាចគាំទ្រអ្នកនយោបាយខ្វះការទទួលខុសត្រូវ និងនាំតែភាពក្តៅក្រហាយជូនជាតិ និងប្រជារាស្ត្រឡើយ។ វត្តមានសម រង្ស៊ី និងក្រុមរបស់ខ្លួននៅកន្លែងណាបង្កតែការក្តៅក្រហាយដល់មនុស្សនៅកន្លែងនោះព្រោះដោយសារតែការនិយាយស្តីការចោទ ប្រកាន់គ្មានមូលដ្ឋាន និងនិយាយឱ្យរួចតែពីមាត់ និងដើម្បីគ្រាន់តែកេងចំណេញផលប្រយោជន៍នយោបាយតែប៉ុ​ណ្ណោះ។ នៅពេលដែលបង្កជម្លោះជាមួយច្បាប់មេដឹកនាំបក្សប្រឆាំង និងគូកនខ្លួនរត់ប្រាសតែ អាយុ គ្មានការទទួលខុសត្រូវឡើយ ហើយពេលខ្លះទុកឱ្យសកម្មជនខ្លួនជាប់ទោសជំនួសដូចជាករណី សម រង្ស៊ី ដកតម្រុយបង្គោលព្រំដែននៅស្វាយរៀងជាដើម។ ខ្លួននៅសម្ងំសុខ ផឹកស្រាក្រហមក្លែមប៊ឺរនៅ ស្រុកបារាំង ទុកឱ្យអ្នកដើរតាមនយោបាយ និងទង្វើរបស់ខ្លួនជាប់គុករាប់ខែឆ្នាំ។

រាស្ត្រខ្មែរមួយចំនួនត្រូវ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធមដោយសារតែការញុះញង់ និង សាកល្បងកម្លាំងជាមួយសមត្ថកិច្ចរាជរដ្ឋាភិបាល នៅអំឡុងពេលនៃការតវ៉ាលទ្ធផលបោះឆ្នោត។ ចុងក្រោយ ការតវ៉ានៅឆ្នាំ ២០១៣ សម រង្ស៊ីបានដើរញុះញង់កម្មករកម្មការិនីនៅតាមរោងចក្រឱ្យចូលរួមធ្វើបាតុកម្ម ខណៈអ្នកខ្លះគេមិនពេញចិត្ត ចង់បន្តការងារដើម្បីរកកម្រៃចិ​ញ្ចឹមគ្រួសារក្នុងភាពសុខសន្តិភាព និងការអភិវឌ្ឍ។ ដើម្បីចរចារកអំណាច សម រង្ស៊ី និងកឹម សុខា មិនខ្លាចញញើតនឹងដុតកំហឹងពលរដ្ឋអ្នកគាំទ្រខ្លួន និងសាកល្បងតេស្តចលនាបដិវត្តពណ៌របស់ខ្លួនឡើយ។ នៅអំឡុងពេលនោះទាំងសម រង្ស៊ី និងសង្គមស៊ីវិលព្រមទាំងអ្នកវិភាគឯក រាជ្យផ្កាប់មុខដូចជា ឡៅ ម៉ុងហៃ ជាដើម មានភាពរីករាយអំពាវនាវឱ្យមានបដិវត្តន៍ពណ៌ដូចនៅប្រទេសអារ៉ាប់មួយចំនួន។ សម រង្ស៊ី កឹម សុខា និងគូកនខ្លួនមិនខ្លាចនឹង ចំណាយជីវិតមនុស្សដើម្បីធ្វើស្ពានអំណាចខ្លួនឡើយ។ ប៉ុន្តែឥឡូវនេះ គ្មានមុខមេបក្សប្រឆាំង ឬសង្គម ស៊ីវិល និងអ្នកវិភាគណាមួយចេញមុខ ថ្កោលទោសលទ្ធផលដ៏បរាជ័យនៃបដិវត្តន៍ពណ៌នៅប្រទេសទាំង នោះឡើយ។ រៀងរាល់ពេលដែលពួកគេប្រព្រឹត្តខុសច្បាប់ បំពានច្បាប់ និងសិទ្ធិអ្នកដទៃ ពួកគេតែងតែប្រើ សញ្ជាតិទី២របស់ខ្លួន និងរត់ចេញពីទឹកដីកម្ពុជា មិនទទួលខុសត្រូវចំពោះទង្វើខ្លួនឡើយ។ ដោយសារតែ ជាអ្នកនយោបាយអង្ករកំប៉ុង គ្មានទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយដូច្នេះហើយ បានជារាស្ត្រខ្មែរមិន អាចទុកចិត្តទុកថ្លើមលើអ្នកនយោបាយគ្មានការទទួល ខុសត្រូវដូចជាក្រុមបក្សប្រឆាំងនេះបានឡើយ។

៣-មនុស្សគ្មានគុណធម៌៖

ដើម្បីបំពេញនូវមហិច្ឆតាអំណាចរបស់ខ្លួន ទោះបីជាគុណធម៌ជាមនុស្ស ក៏ត្រូវតែក្បត់ដែរសម្រាប់ក្រុមថ្នាក់ដឹកនាំបក្សប្រឆាំង។ គុណធម៌មនុស្ស ដែលមិនត្រូវរំលោភបំពានកូន ប្រពន្ធគេដែលមនុស្សមានសីលធម៌គេមិនជេរប្រមាថស្ត្រីឬប្រើសម្តីអសុរសដាក់គ្នាឡើយ។ នៅក្នុង​សំឡេង បែកធ្លាយកឹម សុខា បាននិយាយសម្តីមិនសមរម្យដាក់នារីកំណាន់របស់ខ្លួន។ តំ​ណាងរាស្ត្ររៀល ខេមរិន្ទ្រ បានជេរប្រមាថស្ត្រីពេញៗមាត់ អ្នកតំណាងរាស្ត្រក្នុងបក្សតែមួយមានសាហាយស្មន់នឹងគ្នា អ្នកខ្លះត្រូវបាន គេចោទប្រកាន់ថាបានរួមសង្វាសជាមួយជំនួយការរបស់ខ្លួនទាំងនៅក្នុងរដ្ឋសភា និងនៅបេសកកម្មតាម ខេត្ត។ រៃអង្គាសប្រាក់ពីសកម្មជនរបស់ខ្លួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក ខណៈសកម្មជនខ្លះ ហ៊ានលក់មាន់ទា សត្វពាហនៈរបស់ខ្លួនរួមនឹងសត្វឆ្កែដើម្បីបាន លុយជួយបក្ស។ ប៉ុន្តែធាតុពិត លុយទាំង នោះក្លាយជាកម្មវត្ថុនៃជម្លោះផ្ទៃក្នុងរបស់បក្សប្រឆាំង។ កេងបន្លំទឹកញើសរបស់មនុស្សម្នារាប់ទាំងអ្នកសុំទានដែលបានប្រមូលលុយមកចូលមូលនិធិទូរទស្សន៍ព្រះអាទិត្យ សុខចិត្តអត់ពីមាត់ដើម្បីចង់មើលទូរទស្សន៍ព្រះអាទិត្យ តែចាំពីមួយថ្ងៃទៅមួយថ្ងៃ មួយខែទៅមួយខែ មួយឆ្នាំទៅមួយឆ្នាំ បានត្រឹមតែពាក្យថា រង់ចាំ តែរូបរាងមិនទាន់លេចចេញ។ លើសពីនេះ ក្រុមមន្ត្រីបក្សប្រឆាំងគ្មានអ្វីបង្ហាញរាស្ត្រមានតែនិយាយ ថាដោយសារតែអាជ្ញាធររារាំងទៅវិញឆ្កុយ! តាមពិតគ្មានលុយគ្រប់គ្រាន់ដើម្បីនឹងដំណើរការផង តែជ្រុល តែអួតជ្រុលទៅហើយ មានតែគេចវេសខ្លះទៅ។ ពេលខ្លះ បក្សប្រឆាំងពូកែបំផុតក្នុងការធ្វើអាជីវកម្មលើអ្នក ដែលស្លាប់បាត់បង់ជីវិតដូចជា ជា វិជ្ជា ឈុត វុទ្ធី ឬកែម ឡី ជាដើមដើម្បីដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋ ប្រឆាំងនឹងរដ្ឋអាជ្ញាធរ។ ចុះបើអ្នកដឹកនាំបក្សសង្គ្រោះជាតិគ្មានគុណធម៌ និងសីល ធម៌ដូច្នេះ ពោរពេញ ដោយអំពើស្មោគគ្រោកយ៉ាងនេះ តើឱ្យរាស្ត្រខ្មែររំពឹងជឿជាក់ និងយកអនាគតទៅផ្ញើម្តេចនឹងបាន? ធ្វើ ម៉េចជួយខ្លួនឱ្យតែរស់សិន ទៅចុះ! ចាំសន្យាឱ្យនេះឱ្យនោះដល់គេ!កុំខ្លួនឯងមិនទាំងមានគ្រប់ផងដើរ សុំគេឯងគ្រប់ពេល បែរជាមក សន្យាឱ្យគេរបស់នេះ លុយប៉ុណ្ណេះ។ នេះបានចាំជាភូតកុហកលើគោក មែន។ រាស្ត្រឯណាជឿទៅ!

៤-ខ្វះបទពិសោធនិងធនធានមនុស្ស៖

បើប្រៀបធៀបជាមួយថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ក្រុមបក្សប្រឆាំងមិនមានបទពិ​សោធន៍ក្នុងការគ្រប់គ្រងប្រទេសជាតិឡើយ មិនបានយល់អំពីជម្រៅពិតនៃដំណើរសង្គ្រោះជាតិចេញពីរបបខ្មែរក្រហម ដៃម្ខាងស្តារ និងកសាងជាតិឡើងវិញពីគំនរផេះផងឈាម និង ទឹកភ្នែកស្ថិតក្រោមទណ្ឌកម្មសេដ្ឋកិច្ចរបស់ពួកបស្ចឹមប្រទេស ហើយដៃម្ខាងទៀតទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហមប្រល័យពូជសាសន៍។ បក្សប្រឆាំងដាក់ឈ្មោះសង្គ្រោះជាតិពេលនេះគ្រាន់តែជាឡប់ឡែបិទបាំងគំនិតអាក្រក់របស់ខ្លួនតែប៉ុណ្ណោះនិងដើម្បីប្រជាភិថុតិ។ ចុះពេលដែលកម្ពុជារងទុក្ខវេទនា រាស្ត្រខ្មែរក្រីក្ររកតែអ្វីហូបមិនបាន គ្មានសម្លៀកបំពាក់ត្រឹមត្រូវ តើពួកគេនៅឯណា? សម រង្ស៊ី កឹម សុខា ប៉ុល ហំម សឺន ស៊ូប៊ែរ្តិ៍ជាដើម ស្ថិតនៅក្នុងចលនាត្រីភាគីដែលចងសម្ព័ន្ធមិត្រជាមួយខ្មែរក្រហមដើម្បីធ្វើ សង្គ្រាមឈ្លបមកបំផ្លិចបំផ្លាញអាយុជីវិត ទ្រព្យសម្បត្តិប្រជាជនក្នុងស្រុក។ ពួកគេពាក់អាវសង្គ្រោះជាតិ ប៉ុន្តែធាតុពិតគឺជាអ្នកបំផ្លាញជាតិ។ ឥឡូវនេះ ជាមួយពាក្យសង្គ្រោះជាតិ ពួកគេនឹងមិនខ្លាចហួចហៅខ្យល់ ដើម្បីបញ្ឆេះឱ្យមានអស្ថេរភាពនៅកម្ពុជាទេ។ ពួកគេមិនមែនជាអ្នកស្វែងសន្តិភាព និងនាំសន្តិភាពជូនពល រដ្ឋខ្មែរ និងប្រជាជាតិកម្ពុជាដូចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទេ។ ពួកគេមិនដែលបានលះបង់ អាយុជីវិត និងយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេស និងប្រជាជនចេញពីក្រញ៉ាំដៃខ្មែរក្រហមទេ។ ពួកគេក៏មិនដែលរស់នៅក្នុងភាពក្រីក្រលំបាកជាមួយរាស្ត្រខ្មែររាប់លាននាក់ដែរ។ ដោយសារតែពួកគេមិន យល់ពីអ្វីទៅដែលហៅថាសន្តិភាព ឬធ្វើជាភ្លេចអ្វីដែលជាអតីតកាលរបស់ខ្លួន ពួកគេសប្បាយនឹងស្ថិតនៅ ក្រោមខ្សែញាក់របស់បរទេស និងហួចហៅសង្គ្រាមសាជាថ្មីនៅលើទឹកដីកម្ពុជា។ ពួកគេមិនមែនត្រឹមតែខ្វះ បទពិសោធក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេសទេ សូម្បីតែធនធានមនុស្សក៏មិនគុណភាពហើយបញ្ហា វិសោធនកម្មលើលក្ខនិ្តកៈបក្សជាឧទាហរណ៍ស្រាប់ សរសេរខ្លួនឯង មើលខ្លួនឯងមិនយល់អនុវត្តខុសជាន់លើខុសទាល់តែគេជួយប្រាប់ទើបអនុវត្តត្រឹមត្រូវ។ តើឱ្យរាស្ត្ររំពឹងលើអ្នកម្តេចនឹងកើត?

៥-អ្នកនយោបាយគ្មានអធិបតេយ្យភាព៖

រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនបាន ខិតខំងើបចេញពីភាព​ឯកោដែលខ្លួនជាជនរងគ្រោះដល់ទៅពីរដង គឺទី១-រងគ្រោះដោយការកាប់សម្លាប់របស់ខ្មែរក្រហមនិងទី២-យកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម តែត្រូវបានគេស្តីបន្ទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាង ១០ ឆ្នាំ។ ឥឡូវនេះ ប្រទេសកម្ពុជាបានឈរស្មើមុខស្មើមាត់ ជាមួយប្រទេសទាំងអស់នៅលើសកលលោក និងមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ ព្រមទាំងប្រែក្លាយពីប្រទេសដែលទទួលកម្លាំងមួកខៀវរបស់អង្គការសហប្រជាជាតិមកជាអ្នកចូលរួម បញ្ជូនកម្លាំងមួកខៀវចូលក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប។ សន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះគឺជារូបភាពពីរដែលលេចធ្លោនៅក្នុងតំបន់ និងសកលលោក។ ប្រទេសមួយ ចំនួនបានពឹងពាក់កម្ពុជាដែលមាននាយករដ្ឋមន្ត្រីប្រកបដោយបទពិសោធកាងារខ្ពស់ឱ្យជួយសម្របសម្រួលការងារខ្លួន និងជួយដោះស្រាយបញ្ហាដែលកើតមាននៅក្នុងតំបន់ និងលើពិភពលោក។ កម្ពុជាបានប្តូរពី ការស្គាល់ឈ្មោះជាវាលពិឃាតមកជាប្រទេសនៃទេស​ចរណ៍ វប្បធម៌ ជាប្រទេសដែលមានកម្រិតអភិវឌ្ឍ ខ្ពស់ កំណើនសេដ្ឋកិច្ចខ្ពស់។ តើនេះមិនមែនជាមោទនភាពជាតិខ្មែរទេឬ?

ផ្ទុយស្រឡះពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលខិតខំកសាងជាតិ និងកេរ្តិ៍ឈ្មោះកម្ពុជា មេបក្សប្រឆាំងដូចជា សម រង្ស៊ី កឹម សុខា និងគូកនមួយចំនួនទៀតបានងុបងុលនឹងការពឹងលើបរទេស ខណៈប្រវត្តិសាស្ត្រខ្មែរបានបង្ហាញថា ដោយសារតែពឹងបរទេសនេះហើយបានជាកម្ពុជាធ្លាក់ខ្លួនទៅក្នុង ភ្នក់ភ្លើងសង្គ្រាម ទម្រាំនឹងស្តារបានដូចសព្វថ្ងៃនេះ។ គ្រប់ពេលវេលា មេដឹកនាំបក្សប្រឆាំងសប្បាយរីករាយ នឹងអំពាវនាវឱ្យបរទេសកាត់ជំនួយមនុស្សធម៌ មានមោ​ទនភាពស្នើឱ្យប្រទេសនានាឈប់ទិញផលិតផល សម្លៀកបំពាក់ស្បែកជើងពីកម្ពុជា។ មិនតែប៉ុណ្ណោះ ផ្សារភ្ជាប់ខ្លួនទៅនឹងមេដឹកនាំពិភពលោក ឱនក្បាល នៅក្រោមឥទ្ធិពលបរទេស និងសុខចិត្តធ្វើខ្ញុំបម្រើ និងជាកូនចឹងរបស់បរទេសខ្លះឱ្យតែបំណងប្រាថ្នារបស់ ខ្លួនបានសម្រេចក្នុងការគ្រប់គ្រងអំណាច ដោយមិនគិតថាមានផលវិបាកអ្វីកើតឡើង។ តើមេដឹកនាំនយោបា​យដែលគ្មានអធិបតេយ្យ និងមិនគិតពីផលប្រយោជន៍ជាតិវែងឆ្ងាយដូច្នេះ សក្តិសមនឹងធ្វើជាមេដឹកនាំ ប្រទេសមួយទេ? ពិតជាគ្មានឡើយ! គឺមានតែធ្វើជាអាយ៉ងបរទេសមកកកូរកកាយសេចក្តីសុខសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ និងប្រជាជន។

ដោយសារតែកក្តាធំៗទាំង ៥ នេះហើយដែលធ្វើឱ្យរាស្ត្រខ្មែរមិនជ្រើសរើសបក្ស និងមេដឹកនាំនៃ បក្សដែលគ្មានគុណធម៌ គ្មានការទទួលខុសត្រូវ ជាមេដឹកនាំគ្មានអធិបតេយ្យភាពមកដឹក​នាំប្រទេស។ ដូច្នេះហើយបានជាបក្សប្រឆាំងនៅកម្ពុជាជាប់ឈ្មោះជាបក្សចាញ់ចាស់វស្សា ឬបក្សចាញ់មិនដែលឈ្នះ។ រាស្ត្រខ្មែរពិតជាបានផ្តល់នូវសច្ចៈធម៌ជូនដល់អ្នកដែលស្រឡាញ់ជាតិ ប្រជាជនពិតប្រាកដ ទោះបីជាមាន កំហុសឆ្គងបន្តិចបន្តួច ប៉ុន្តែដូចជាកូន និងឪពុកម្តាយ ខឹងស្តីឱ្យអាក់អន់ចិត្ត ប៉ុន្តែនៅតែជាសាច់ឈាមតែមួយដដែល៕

ដោយ៖ ចៅចាក់ស្មុក

ចែករំលែក

បញ្ចេញយោបល់