កាកបាទក្រហមកម្ពុជា ឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា​មួយចំនួន​ដល់ស្ត្រីមេម៉ាយ​ កើតជំងឺមហារីក​ស្បូនធ្ងន់ធ្ងរ​ ដែលមាន​កូនពីរនាក់​ក្នុងបន្ទុក​

ថ្ងៃសុក្រ ទី ៥ ឧសភា ២០១៧​
122

កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី០៥ ខែឧសភាឆ្នាំ២០១៧នេះ បានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជូនស្ត្រីមេម៉ាយ ដែលមានកូនពីរនាក់ឈ្មោះ សាន់ ចាន់ផល្លីន អាយុ ៤៦ឆ្នាំ កើតជំងឺមហារីកស្បូនធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលស្វាមីជាអតីតមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបទទួលមរណភាពបានរយៈពេលជាង ១ខែកន្លងទៅ។

លោក ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក ជាពិសេស ស្ត្រីមេម៉ាយមានជំងឺរ៉ាំរ៉ៃដូចជា លោកស្រី សាន់ ចាន់ផល្លីន និងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺ នឹងបានវិលត្រឡប់ផ្តល់ភាពកក់ក្តៅដល់កូនៗវិញ។

លោក ម៉ែន នារីសោភ័គ បានឲ្យដឹងថា កូនស្រីបង្កើតទាំង ២នាក់ ដែលមកទទួលអំណោយនាពេលនោះ បានសំដែងក្តីរំភើប និងដឹងគុណចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលបានគិតគូរជួយសម្រាលទុក្ខលំបាកដល់ក្រុមគ្រួសារជនរងគ្រោះគ្រប់ប្រភេទដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ៕

 

ចែករំលែក

បញ្ចេញយោបល់