កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់

ថ្ងៃសុក្រ ទី ៥ ឧសភា ២០១៧​
89

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានដឹកនាំដោយ លោក ច័ន្ទ សុផល ប្រធានកិត្តិយសសាខារួមដំណើរដោយមន្រ្តីប្រតិបត្តិសាខា ព្រមទាំងអនុសាខាស្រុក បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១៥ គ្រួសារ ធ្ងន់ធ្ងរចំនួន៦គ្រួសារ រស់នៅក្នុងស្រុកចំនួន២លើឃុំ២គឺសង្កាត់វត្តគរ ក្រុងបាត់ដំបងចំនួន៩គ្រួសារ ធ្ងន់ចំនួន២គ្រួសារ/ ឃុំ កំពង់ព្រៀង ស្រុកសង្កែ ចំនួន៦គ្រួសារ/៤គ្រួសារ ដែលបានរងគ្រោះកន្លងទៅ។

ថ្លែងក្នុងឱកាសនោះដែរ លោក ច័ន្ទ សុផល បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ និងបានសម្តែងនូវការសោកស្តាយដល់គ្រួសាររងគ្រោះ ដែលមិននឹកស្មានដល់ធ្វើឱ្យបាត់បង់និងខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើន ហើយលោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុពិសេសគ្រោះធម្មជាតិ និងអគ្គីភ័យជាដើម។

អំណោយផ្តល់ជូនក្នុងមួយគ្រួសាររួមមាន ៖ អង្ករ២៥គីឡូក្រាម មី ២០កញ្ចប់ ត្រីខ ១០កំប៉ុង សារ៉ុង១ ក្រម៉ា១ ទឹកបរិសុទ្ធវីឃែរ១កេស និងថវិកា២ម៉ឺនរៀលផងដែរ ។ ដោយឡែងសង្កាត់វត្តគរ លោក ច័ន្ទ សុផល បានបន្ថែមថវិកាផ្ទាល់ខ្លួនក្នុងមួយគ្រួសារ ១០ម៉ឺនរៀលផងដែរ ។

បញ្ជាក់៖ សាខាកាកបាទក្រហមខេត្តបានឆ្លើយតបភ្លាមៗទៅនឹងគ្រោះមហន្តរាយខ្យល់កន្រ្តាក់ ក្នុងខែមេសា និងដើមខែឧសភា ឆ្នាំ២០១៧នេះ បានចំនួន២៧៥គ្រួសារ ក្នុងនោះខូចខាតទាំងស្រុងចំនួន៦៣គ្រួសារ លើស្រុក\ក្រុងចំនួន៩រួមមាន៖ ស្រុកថ្មគោល ចំនួន៣៣គ្រួសារ/៤គ្រួសារ ស្រុករុក្ខគីរី៣២គ្រួសារ/ ៩គ្រួសារ , ស្រុកមោងឬស្សីចំនួន ២៦គ្រួសារ/៥គ្រួសារ ស្រុកសង្កែ ចំនួន៦គ្រួសារ/៤គ្រួសារ ស្រុកគាស់ក្រឡ ចំនួន៣៥គ្រួសារ/៤គ្រួសារ  ស្រុកបាណន់ចំនួន៤០គ្រួសារ/៧គ្រួសារ ស្រុកភ្នំព្រឹក ចំនួន៥៥គ្រួសារ/១៣គ្រួសារ ក្រុងបាត់ដំបងចំនួន ៩គ្រួសារ/២គ្រួសារ និងស្រុកកំរៀង ៣៩គ្រួសារ/១៦គ្រួសារ និងកំពុងត្រៀមរៀបចំចែកបន្ថែមលើស្រុកមួយចំនួនដែលកំពុងរងគ្រោះដោយខ្យល់កន្រ្តាក់ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់