សាលរបាំប្រាសាទតាព្រហ្មកំពុងជួសជុលក្នុងដំណាក់កាលទី២

ថ្ងៃសុក្រ ទី ៥ ឧសភា ២០១៧​
466

សាលរបាំ ដែលស្ថិតក្នុងប្រាសាទតាព្រហ្ម បាននិងកំពុងជួសជុលដោយក្រុមអ្នកជំនាញពីប្រទេសឥណ្ឌា ដែលមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា។ គម្រោងជួសជុលសាលរបាំនេះ គឺស្ថិតក្នុងដំណាក់កាលទី២ ដែលត្រូវជួសជុលដំបូលកណ្តាល។

លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម បានរៀបរាប់ពីការងារជួសជុលដែលលោកពន្យល់ថា ការជួសជុលនេះ គឺស្ថិតក្នុងគម្រោងដំណាក់កាលទី២ ដែលចាប់ផ្តើមនៅក្នុងឆ្នាំ២០១៧នេះ។ តាមគម្រោង ការជួសជុលនេះគ្រោងនឹងបញ្ចប់នៅរយៈពេល២ឆ្នាំបន្ទាប់។

តាមអ្នកគ្រប់គ្រងលើការងារជួសជុល សាលរបាំត្រូវបានជួសជុលក្នុងដំណាក់កាលទី១ គឺនៅក្នុងឆ្នាំ២០១០។ អ្នកជំនាញបានប្រើពេលជាង២ឆ្នាំ សម្រាប់ការធ្វើកំណាយ មុននឹងចាប់ផ្តើមការងារជួសជុលនៅចុងឆ្នាំ២០១២។ តាមការបញ្ជាក់របស់លោក ចាន់ ឡាយ ក្នុងការងារជួសជុលដំណាក់កាលទី១ គឺចាប់ផ្តើមពីជ្រុងខាងជើង ដោយជួសជុលពីគ្រឹះដល់ដំបូល ដោយបញ្ចប់នៅឆ្នាំ២០១៤។ ចំណែកក្នុងដំណាក់ទី២នេះ គឺបន្តជួសជុលភ្ជាប់ទៅដំបូលកណ្តាល។ ក្រៅពីនេះ តាមការការពន្យល់របស់លោក ចាន់ ឡាយ ក្រុមការងារក៏បានកំពុងធ្វើកំណាយទៅជ្រុងខាងត្បូងផងដែរ ដើម្បីពិនិត្យមើលគ្រឹះរបស់វា ហើយបើអ្នកជំនាញឃើញថា គ្រឹះវាខ្សោយ គេនឹងចាប់ផ្តើមពង្រឹងគ្រឹះវាឡើងវិញ។

យ៉ាងណាក្តី បើទោះជាការងារជួសជុលសាលរបាំប្រព្រឹត្តទៅដោយរលូន និងមានសោភ័ណស្រស់ស្អាតក៏ពិតមែន តែតាមគម្រោងនេះ អ្នកជំនាញនឹងទុកផ្នែកខ្លះដែលបាក់បែកឲ្យនៅសភាពដើម។ ដោយសារក្រុមអ្នកជំនាញយល់ថា វាអាចជាចំណែកមួយទាក់ទាញភ្ញៀវទេសចរ ដើម្បីប្រៀបធៀបចំណុចដែលបានជួសជុល និងចំណុលដែលគ្រាន់ជាគំនរថ្ម ដែលពុំមានការជួសជុលនោះ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ ឡាយ។

សាលរបាំ បើតាមការរម្លឹកពីក្រុមការងារជួសជុលនៅទីនោះ គឺមុនពេលមានការជួសជុល សាលនេះគ្រាន់តែជាគំនរថ្មតែប៉ុណ្ណោះ។ ដំបូលនៃសាលនេះ ជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកសសរដួលរាបដល់ដីគ្មានសល់។ ក្រុមការងារជួសជុលបានចាប់ផ្តើមរើថ្មចេញ និងបង់លេខ ដើម្បីងាយស្រួលក្នុងការរៀប និងជួសជុលឡើងវិញ។

បច្ចុប្បន្នគម្រោងជួសជុលសាលរបាំ ស្ថិតក្នុងគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម។ គម្រោងនេះប្រើប្រាស់កម្មករចំនួន ១១៨នាក់ ដោយក្នុងនោះអាជ្ញាធរជាតិអប្សរាបានបញ្ជូនកម្មករចំនួន ២៥នាក់ សម្រាប់ការងារសហប្រតិបត្តិការនេះផងដែរ៕

ចែករំលែក

បញ្ចេញយោបល់