អភិបាលរាជធានីភ្នំពេញ បើកពិធីប្រកាសដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវប្រវែង ៤០០ម៉ែត្រ ផ្លូវជាតិលេខ៤​ ចាប់ពី​ រង្វង់មូលចោមចៅ​ ដល់ផ្លូវបំបែក​កប់ស្រូវ​ និងស្ពាន​អាកាសថ្មើរ​ជើង២ខ្សែ​

ថ្ងៃសុក្រ ទី ៥ ឧសភា ២០១៧​
326

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបើកពិធីប្រកាសដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវប្រវែង ៤០០ម៉ែត្រ នៃផ្លូវជាតិលេខ៤ ចាប់ពី រង្វង់មូលចោមចៅ ដល់ផ្លូវបំបែកកប់ស្រូវ ប្រវែង១.៧៥០ម៉ែត្រ និងស្ពានអាកាស​ថ្មើរជើង២ខ្សែ ដែលមានទីតាំងស្ថិតនៅ ម្តុំផ្សារជម្ពូវ័ន្ត ក្នុងខណ្ឌពោធិ៍សែនជ័យ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយមានបញ្ហាចម្ងល់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ស្តីពីករណីស្ពានអាកាសថ្មើរជើង នៅផ្លូវជាតិលេខ៤ មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានបំភ្លឺជូនសាធារណជនថា ការសិក្សាគម្រោងឈរលើហេតុផលបច្ចេកទេស និងផលប៉ះពាល់ ជាចម្បងគឺជាការសិក្សា ដោះស្រាយបញ្ហា ចរាចរ ដោយរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ រួមមាន បញ្ហាលំហូរចរាចរ បញ្ហាចំណតរថយន្ត បញ្ហាសុវត្ថិភាព បញ្ហាថ្មើរជើង បញ្ហាបណ្តាញប្រឡាយបង្ហូរ និងការរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ។

លោកបានបន្តថា បញ្ហាផលប៉ះពាល់ផ្សេងៗ ដូចជាបណ្តាញអគ្គិសនី បណ្តាញទឹក បណ្តាញប្រៃសណីយ៍ និងផលប៉ះពាល់ប្រជាពលរដ្ឋ ជារឿងសំខាន់។ ករណីនេះ បើជណ្តើរស្ពានថ្មើរជើងចុះឬឡើង ចំពីមុខផ្ទះ កៀកមាត់ទ្វារ ម្ចាស់ផ្ទះនឹងជំទាស់ដាច់ខាត ដោយសារជណ្តើរ បិទមុខផ្ទះប្រជាពលរដ្ឋ។ លោកថា ផ្លូវក្រៅសងខាង សម្រាប់តែយានយន្តចេញ និងចូលផ្ទះប្រជាពលរដ្ឋ សងខាងផ្លូវ ប៉ុណ្ណោះ ជាផ្លូវចរាចរមិនច្រើនទេ បើធ្វើដំណើរផ្លូវឆ្ងាយ យានយន្តត្រូវបត់ទៅគន្លងផ្លូវកណ្តាលចំនួន៦ខ្សែ ដែលជាផ្លូវល្បឿនលឿនគ្មានឧបសគ្គ ហើយចំពោះ ផ្លូវរថត្រង់នឹងគន្លងជណ្តើរស្របផ្លូវនេះ យើងបង្កើតបានចំណតរថយន្តជាច្រើន រួមទាំងរៀបចំសួនច្បារផងដែរ ទីតាំងនេះបើដោះស្រាយបញ្ហាចំណតមិនបាន ការកកស្ទះចរាចរ ច្បាស់ជាកើតមានដដែល។

នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ ដែលពេលនោះតំបន់ចោមចៅពិតជាអាចដោះស្រាយបាននូវលំហូរចរាចរបានល្អប្រសើរ មិនកកស្ទះចរាចរណ៍ដូច បច្ចុប្បន្នឡើយ។ ជាវិធានការក្នុងការដោះស្រាយការកកស្ទះចរាចរណ៍ សម្រាប់ច្រកចេញក្រៅក្រុងបន្ថែមទៀត ដែលការអភិវឌ្ឍអនុវត្តន៍ បានជោគជ័យ នូវយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។ នេះបើតាមការឲ្យដឹងពីលោក សាំ ពិសិដ្ឋ។

អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើងថា​ ការពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៤ និ​ងគម្រោង​ ស្ថាបនាស្ពាន​អាកាស​ថ្មើ​ជើង​ខាងលើនេះ ដើម្បី​ដោះស្រាយការកកស្ទះ​ចរាចរ ដែលជា​បញ្ហា​ប្រឈមរបស់​អាជ្ញាធរ​ភ្នំពេញ នាពេល​បច្ចុប្បន្ន។ លោកបានថ្លែងបន្តថា ជាពិសេសទៀត ស្ពានអាកាសថ្មើរជើងទាំងពីរមានតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ចៀសចរាចរ ដល់ថ្មើរជើងដែលភាគច្រើនជាសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ កម្មករ និងអាជីវករដែលរស់នៅសងខាងកំណាត់ផ្លូវនេះ។

លោកអភិបាល បានសំណូមពរបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវនេះ សូមជួយថែរក្សាចិញ្ចើមផ្លូវ ក៏ដូចជាចតយានជំនិះឲ្យមានរបៀបរៀបរយ និងសូមកុំបោះចោលសំរាម ក្នុងប្រឡាយចំហដែលជាហេតុនាំឲ្យមានការកកស្ទះ។ លោកថា នេះជាស្ពានអាកាសថ្មើរជើងទី១នៅកម្ពុជា ដែលបានសាងសង់ នៅលើផ្លូវជាតិលេខ៤ រួម ជាមួយ នឹងការពង្រីកផ្លូវពី១១ម៉ែត្រទៅ២៣ម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ និងធ្វើចំណតរថយន្តអមសងខាងផ្លូវ៕

ចែករំលែក

បញ្ចេញយោបល់