នាយឧត្តមសេនីយ៍ មាស សុភា អញ្ជើញក្នុង​ទិវាពិភពលោកកាកបាទក្រហម ​ខួបលើកទី១៥៤ នៅខេត្តព្រះវិហារ ប្រមូល​ថវិកាសប្បុរសជនបានជិត១០ម៉ឺនដុល្លារ

ថ្ងៃសុក្រ ទី ៥ ឧសភា ២០១៧​
127

ថវិកាជំនួយសប្បុរស៩៧៧៦៤ដុល្លារ ត្រូវបានប្រមូលក្នុង ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ខួបលើកទី១៥៤ នៅខេត្តព្រះវិហារ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា ​សមាជិកគណៈអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ។

ពិធីនេះត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពីអភិបាលខេត្តព្រះវិហារ​ លោក អ៊ុន ចាន់ដា ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងអ្នកពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

នាយឧត្តមសេនីយ៍ មាស សុភា បានលើកឡើងថា ដើម្បីជាការរំលឹកទៅដល់ចលនាកាកបាទក្រហម ដែលតែងតែធ្វើការងារមនុស្សធម៌ មិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ឬបក្សនយោបាយអ្វីឡើយ ក្នុងការជួយប្រជាពលរដ្ឋក្រីក្រលំបាក ឫជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។

​នាយឧត្តមសេនីយ៍ មាស​ សុភា​ បានថ្លែងនូវការកោតសរសើរចំពោះសកម្មភាពរបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ​ ដែលរយៈពេលកន្លងមក តែងចុះជួយបានទាន់ពេលវេលា​ នូវរាល់បញ្ហា និងការប្រឈមនានារបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន​។

នាយឧត្តមសេនីយ៍រូបនេះ បានសង្កត់ធ្ងន់លើការដឹកនាំ​របស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែល​កន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ​ បានធ្វើឱ្យមជ្ឈដ្ឋានជាតិនិងអន្ដរជាតិ​ ទទួលស្គាល់តាមរយៈសកម្មភាពមនុស្សធម៌​ ស្របតាមគោលការណ៍គ្រឹះទាំង៧ចំណុច។

ជាមួយគ្នានោះ លោកបានបញ្ជាក់ថា ​ចំពោះកាកបាទក្រហមកម្ពុជាដែលមានពាក្យ ស្លោកថា «កាកបាទក្រហមមានគ្រប់ទីកន្លែង​ សម្រាប់គ្រប់ៗគ្នា» គឺថារហូតមកដល់ពេលនេះ កាកបាទក្រហមកម្ពុជា មានចាប់តាំងពីថ្នាក់កណ្តាល​ រហូតសាខា​ អនុសាខាមានគ្រប់ទីកន្លែងទាំងអស់ សម្រាប់ជួយរាល់ហេតុការណ៍កើតឡើង ចំពោះជនក្រីក្រ​ ជនរគ្រោះ​ និងជនងាយរងគ្រោះផ្សេងៗ ដោយគ្រោះធម្មជាតិជាដើម។

បន្ថែមពីនេះ ក្នុងនាមប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ លោក សូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជននានា ដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រ រាល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក្នុងការងារមនុស្សធម៌ ។

សូមបញ្ជាក់ថា ​សាខាកាកបាទក្រហមខេត្តព្រះវិហារ កាលពីឆ្នាំ២០១៦ ប្រមូលបាន​ជំនួយពីសប្បុរសជនជាង៨ម៉ឺនដុល្លារ ៕

ចែករំលែក

បញ្ចេញយោបល់