ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រារព្ធទិវាវិទ្យាសាស្រ្តលើកទី៧ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្ដល់ឱកាសឲ្យនិស្សិតកម្ពុជា បានយល់ដឹងពីអាទិ៍កំបាំង ពាក់ព័ន្ធនឹងផ្នែកវិទ្យាសាស្រ្តទាំងក្នុងតំបន់ និងលើពិភពលោក។
លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំបានឲ្យដឹងថា ទិវាវិទ្យាសាស្រ្តនេះ គឺជាវិស័យអាទិភាពមួយរបស់ក្រសួងអប់រំ ពីព្រោះបានដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកបន្តថាប្រទេសជឿនលឿនទាំងអស់ក្នុងពិភពលោក បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិទ្យាសាស្រ្ត ការស្រាវជ្រាវ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំត្រូវតែលើកតម្កើង និងជំរុញឲ្យបានលឿនទៅមុខវិស័យនេះ ដើមី្បឲ្យកម្ពុជាមានភាពស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសមួយចំនួន ក្នុងតំបន់ និងក្នុងពិភពលោក នាពេលអនាគត។
លោក អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរំលឹកផងដែរថា ទិវាវិទ្យាសាស្រ្តលើកទី១ របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ ទី២៦ ខែមីនា ឆ្នាំ២០១០។ មានការចូលរួមពីអ្នកវិទ្យាសាស្រ្ត ផ្នែកអាវកាសល្បីៗជាច្រើននាក់របស់បារាំង រួមទាំងអាកាសយានិកដែលបានបើកជាលើកដំបូងយន្តហោះដ៏ធំ Airbus A380។
លោកក៏បានបន្ថែមថា នេះគឺជាកាលានុវត្តភាពមួយ សម្រាប់ឲ្យយុវជនខ្មែរបានយល់ពីការរីកចម្រើនរបស់បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តភាព ដើមី្បឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រោមការចង្អុលបង្ហាញតម្រង់ទិសរបស់ក្រសួងអប់រំ ដែលជាសិស្សចំនួន ១,២០០នាក់ មកពីវិទ្យាល័យចំនួន២៤ ក្នុងរាជធានីភ្នំពេញ និងនិសិ្សតជាង៣,០០០នាក់ ដែលអាចទស្សនាពិព័រណ៍ផ្សេងៗ ក្នុងបរិវេណវិទ្យាស្ថាន៕