លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ បានដឹកនាំក្រុមប្រឹក្សាសង្កាត់ជើងឯក ចុះសំណេះសំណាលសួរសុខទុក្ខតាមខ្នងផ្ទះ និងនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋកី្រក្រ២៨គ្រួសារ ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។
លោកបានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ដែលជានិច្ចកាលតែងគិតគូដល់ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា កុមារកំព្រាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
លោកអភិបាល ក៏ការសាកសួរសុខទុក្ខពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជូនដល់លោកតាលោកយាយបងប្អូនទាំងអស់ ព្រមទាំងបានលើកឡើង អំពីការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនៅទូទាំងប្រទេស។
អភិបាលខណ្ឌដង្កោ ក៏បានផ្តាំផ្ញើដល់លោកតាលោកយាយ បងប្អូនទាំងអស់ឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាព អនាម័យក្នុងការរស់នៅ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីរស់នៅបានយូរអង្វែង និងមានសុខភាពល្អ បន្តមើលការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាបន្តទៀត៕