ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយបេក្ខនារីដែលបានឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តីទី៤ សរុបចំនួន ៨០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកស្រី បានពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជូនដល់បេក្ខភាពជាស្ត្រី នៃក្រុមប្រឹក្សាឃុំសង្កាត់នៅរាជធានីភ្នំពេញ។
លោកស្រីក៏បានបន្តទៀតថា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំនៅតាមមូលដ្ឋាន។
លោកស្រី បានជម្រុញឲ្យបេក្ខជន ក៏ដូចជាមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវមានមានទំនាក់ទំនងល្អជាមួយប្រជាជនក្នុងមូលដ្ឋាន និងត្រូវចូលរួមបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដូចជាការផ្តល់សំបុត្រកំណើត សំបុត្រអាពាហ៌ពិពាហ៌ និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ដើម្បីប្រជាជនរស់នៅប្រកបដោយភាពសុខសាន្ត និងការអភិវឌ្ឍ និងគៀងគរឲ្យប្រជាជនបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងការគាំទ្របោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ នាពេលខាងមុខ ៕