តើអាមេរិកនឹងទទួលបានគោលនយោបាយអាស៊ីកណ្តាលថ្មីឬ?

ថ្ងៃព្រហស្បតិ៍ ទី ៤ ឧសភា ២០១៧​
118

អាស៊ី​កណ្តាល​មិន​ដែល​​ក្លាយ​ជា​​​អាទិ​ភាព​កំពូលសម្រាប់​សហ​រដ្ឋ​អា​មេ​រិក និង​ស្ថិត​ក្រោមរដ្ឋ​ការ​ថ្មី​របស់​លោក Donald Trump ដែល​មាន​គន្លឹះបង្ហាញ​ផ្លូវ​​មួយ​ចំនួន​សម្រាប់​ទិស​ដៅ​ថ្មី។ ជំនួស​ឱ្យ​ផែន​ការ​ថ្មី​ដ៏​ធំ​មួយ​ គឺ​មាន​ផែន​ការ​ជា​ច្រើន​ទៀត​កាល​ពី​អតីត​កាល​នឹង​នៅ​តែ​បន្ត​ដដែល។

នៅ​ឯ​សន្និ​សីទ​មួយ​នាសប្តាហ៍​នេះ ​ដែល​ត្រូវ​បាន​​រៀប​ចំដោយ​កម្ម​វិធី​អាស៊ី​កណ្តាល​របស់​សាកល​វិទ្យា​ល័យ​ ​George Washington លោក Paul Stronski គឺ​​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ Carnegie Endowment បាន​ទស្ស​ន៍​ទាយ​ពី​គោល​នយោ​បាយ​អា​មេ​រិក​ឆ្ពោះ​ទៅ​អាស៊ី​កណ្តាល​ក្រោម​រដ្ឋ​ការ​របស់​លោក Trump។ លោក Stronski បាន​និយាយ​ថា អាស៊ី​កណ្តាល​ខ្លួន​ឯង​មិន​ដែល​មាន​កម្លាំង​ជំរុញ​នៅ​ពី​ក្រោយ​ការ​ចូល​រួម​របស់​អា​មេ​រិក​នៅ​ក្នុង​តំបន់ទេ​។

កាល​ពី​ទសវត្សរ៍​ទី​៩០ នៅ​ពេល​ដែល​សហ​ភាព​សូវៀត​បាន​ដួល​រលំ​ ក្លាយ​​ទៅ​ជា​រដ្ឋ​ឯក​រាជ្យ​ថ្មី​ៗ ចំនួន​​​បួន​ដប់រដ្ឋ​ ផល​ប្រ​យោជន៍​ធំ​ជាង​គេ​របស់​អា​មេ​រិក​នៅ​ក្នុង​តំបន់ ​គឺ​ជាប់​ទាក់​ទិន​ទៅ​នឹង​ក្តី​បារម្ភ​អំពី​ការ​មិន​រីក​សាយ​ភាយ​សម្ភារៈ​អាវុធ​នុយ​ក្លេ​អ៊ែរ ជីវ​សាស្រ្ត និង​គីមី ​​និង​ស្ថិរ​ភាព​ទូទៅ​នៃ​រដ្ឋ​ថ្មីៗ​ទាំង​នេះ។ បន្ទាប់​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ផល​ប្រយោជន៍​អាមេ​រិក​នៅ​ក្នុង​តំបន់​​ត្រូវ​បាន​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​នឹង​ប្រ​ទេស​អាហ្គានី​ស្ថាន។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីចុង​ក្រោយ​ៗ​នេះ ខណៈ​ដែលមាន​ការ​ផ្តោត​​យក​ចិត្ត​ទុក​ដាក់​របស់​​អាមេ​រិកលើ​ប្រ​ទេស​អាហ្គានី​ស្ថាន​បាន​ថយ​ចុះ ប្រ​ទេស​រុស្ស៊ី​បាន​បង្ហាញ​ខ្លួន​ឡើង​ម្តង​ទៀត​ ដោយ​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ និង​មាន​ការ​ចាប់​អារម្ម​ណ៍​យ៉ាង​ខ្លាំង ជាពិសេស​បន្ទាប់​ពី​ព្រឹត្តិ​ការ​ណ៍​នៅ​ក្នុង​ប្រ​ទេស​អ៊ុយ​ក្រែន​កាល​ពី​ឆ្នាំ​២០១៤។ ខណៈ​ដែល​រដ្ឋ​ការ​របស់​លោក ​​Trump បាន​ប្រឹង​ប្រែង​ដោយ​ស្ថិត​ក្រោម​ទម្ងន់នៃ​​ការិយាធិបតេយ្យរបស់​ខ្លួន​ដែល​មាន​បុគ្កលិក​តិច​តួចនោះ​​ ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ​នៃ​គោល​នយោ​បាយ​អា​ស៊ី​កណ្តាល​ គឺមិន​​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​ខ្លួន​ឡើយ។

លោក Stronski បាន​និយាយ​ថា «​គោល​នយោ​បាយ​អា​ស៊ី​កណ្តាល​គឺ​ពិត​ជា​មិន​ទាន់បាន​​រៀបចំរួច​រាល់​ទេ លុះ​ត្រាណា​តែ​រុស្សី​ អាហ្គានី​ស្ថាន និង​ចិន​រៀប​ចំ​ឱ្យបាន​​រួច​រាល់​ជាមុន​សិន»។​ គាត់​បាន​បន្ត​ថា «​ជា​មូល​ដ្ឋាន​ នេះ​មាន​ន័យ​ថា ប្រ​សិន​បើ​ពុំ​មាន​គោល​នយោ​បាយ​ថ្មី​របស់​​រដ្ឋ​ការ​​លោក ​​Trump ទេ គោល​នយោបាយ​ពី​មុន​របស់​លោក Obama នឹង​បន្ត»។

លោក Stronski បានលើក​ឡើង​ថា គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ពី​រឿង​នេះ​ទេ។ នៅ​ពេល​ដែល​លោក Obama បាន​ចូល​កាន់​តំណែង​ គាត់​ក៏​បាន​បន្ត​គោល​នយោ​បាយ​អា​ស៊ី​កណ្តាល​ពី​អ្នក​​កាន់​តំណែង​មុន​ដែរ។  អ្វី​​ជា​គន្លឹះ​បង្ហាញ​ផ្លូវ​ដែល​យើង​មាន​អំពី​គោល​នយោ​បាយ​រដ្ឋ​ការ​របស់​លោក Trump ទាក់​ទិន​ទៅ​នឹង​អា​ស៊ី​កណ្តាល​ គឺ​ត្រូវ​បាន​គេ​លើកឡើង​ថា សន្តិ​សុខ​នៅ​តែ​ជា​ក្តី​កង្វល់​ដ៏​សំខាន់​របស់​ទី​ក្រុង​វ៉ា​ស៊ីន​តោន​៕

(ប្រភព: The Diplomat ចុះថ្ងៃទី០៣ ខែ​​​​​ឧ​សភា​​​ ឆ្នាំ២០១៧)

 

ចែករំលែក

បញ្ចេញយោបល់