ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា យកចិត្តទុកដាក់គ្រប់បញ្ហារបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យពួកគាត់ មាន​សេដ្ឋកិច្ច​ល្អប្រសើរ ​ចំណេះដឹង​ទូលំទូលាយ​និងមានភាព​សុខសាន្ត​ក្នុងសង្គម​គ្រួសារ​

ថ្ងៃព្រហស្បតិ៍ ទី ៤ ឧសភា ២០១៧​
91

អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារ សហគមន៍តែងចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ដោះស្រាយផលលំបាក និងបញ្ហាជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់តាមមូលដ្ឋានដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ ក្រៅពីការងារថែរក្សា គ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរក៏ដូចជាការលើកតម្លៃ បេតិកភណ្ឌរូបី និងអរូបី ប្រកបដោយចីរភាព។

ជាក់ស្តែងនៅខែមេសា ដើមឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមការងារសហគមន៍អាជ្ញាធរជាតិ អប្សរា  បានចុះសួរសុខទុក្ខ និងធ្វើកិច្ចការងារមនុស្សធម៌ដោយបានពាំនាំនូវកញ្ចប់ទ្រទ្រង់ សុខុមាលភាពម្តាយ និងទារកទៅឧបត្ថម្ភដល់ស្ត្រី ដែលទើបតែសម្រាលកូនរួចថ្មីៗ ក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន២០៦ កញ្ចប់។

ក្រៅពីកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានធ្វើការងារសង្គមកិច្ច ដូចជាបាននាំយកនូវស៊ីម៉ង់ត៍ចំនួន១ តោន ទៅឧបត្ថម្ភដល់មណ្ឌលសុខភាពរលួស ឃុំរលួស ស្រុក ប្រាសាទបាគង ដើម្បីចូលរួមក្នុងការកសាងសមិទ្ធផលនានានៅទីនោះ។ បន្ថែមពីនោះអាជ្ញាធរជាតិអប្សរាក៏បានចូលរួមថវិកា ដើម្បីកសាងនូវសមិទ្ធផលក្នុងវិស័យសាសនា ដោយបានឧបត្ថម្ភថវិកាចំនួន ៤០ម៉ឺនរៀល ដើម្បីចូលរួមបុណ្យឆ្លងសាលា នៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាបផងដែរ។

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានឲ្យដឹងទៀតថា ពាក់ព័ន្ធ នឹងការងារអនុញ្ញាតការសាងសង់ប្រភេទសំណង់ស្រាលដូចជា ជួសជុលផ្ទះ ជួសជុលដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ក្រាលឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់ ចាក់ដី និងសាងសង់តូបលក់ដូរ ដែលមានចំនួន៥៣ករណី នៅស្រុកប្រាសាទបាគងចំនួន ៧ករណី ស្រុកពួកចំនួន២ករណី ក្រុងសៀមរាបចំនួន៣៥ករណី ស្រុកបន្ទាយស្រីចំនួន៩ករណី។

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាតែងតែនៅក្បែរ និងយកចិត្តទុកដាក់គ្រប់បញ្ហាចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព ការសាងសង់ និងការអប់រំ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរ មានសេដ្ឋកិច្ចល្អប្រសើរចំណេះដឹងទូលំទូលាយ និងមានភាពសុខសាន្តក្នុងសង្គមគ្រួសារ៕

ចែករំលែក

បញ្ចេញយោបល់