អាស៊ានប្រារព្ធខួបលើកទី ៥០៖ ការសាកល្បងថ្មីមួយ សម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ថ្ងៃព្រហស្បតិ៍ ទី ៤ ឧសភា ២០១៧​
113

ទិដ្ឋភាពធម្មនុញ្ញអាស៊ានដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រូវបានគេបំភ្លេចចោលភាគច្រើន។ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣០ បានបញ្ចប់ដោយជោគជ័យនៅទីក្រុងម៉ានីល។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលប្រធានបទកិច្ចប្រជុំកំពូលនេះគឺ «ការបង្កើតដៃគូសម្រាប់ការផ្លាស់ប្តូរ ការចូលរួមជាមួយពិភពលោក»។ បើទោះបីជាអាស៊ាន បានធ្វើឱ្យមានសមិទ្ធិផលគួរឱ្យកត់សម្គាល់មួយចំនួនជាងប្រាំទសវត្សរ៍កន្លងមកនេះក៏ដោយ ក៏នៅតែមានការសង្ស័យមួយចំនួនចំពោះការរំពឹងទុកនាពេលអនាគតនៃស្ថាប័នក្នុងតំបន់នេះ និងតំបន់នេះទាំងមូល។

តំបន់អាស៊ីអាគ្នេយ៍បានធ្វើពិពិតកម្មតាមរបៀបជាច្រើន។ សម្រាប់រឿងមួយ អាស៊ានត្រូវបានគេកត់សម្គាល់ដោយស្ថានភាពប្រេះស្រាំវិវត្តទៅលទ្ធិប្រជាធិបតេយ្យ ដែលអាចត្រូវបានពន្យល់ដោយការសម្លឹងមើលតម្លៃនយោបាយផ្សេងគ្នានៅតំបន់ទាក់ទងទៅនឹងប្រព័ន្ធអភិបាលកិច្ច។ ចាប់តាំងពីធម្មនុញ្ញអាស៊ានឆ្នាំ ២០០៧ អាស៊ានបានបន្តការធ្វើកំណែទម្រង់នយោ បាយ និងលទ្ធិប្រជាធិបតេយ្យ ទោះបីជាមានការយឺតយ៉ាវ និងស្ថិតក្រោមឆ័ត្ររបស់សហគមន៍ អាស៊ានក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ គោលការណ៍មួយចំនួននៃធម្មនុញ្ញមិនត្រូវបានអនុវត្តឱ្យបានគ្រប់គ្រាន់ ហើយកម្រិតមួយចំនួនគឺស្ទើតែត្រូវគេបំភ្លេចចោលដោយប្រទេសជាសមាជិកអាស៊ានមួយចំនួន។ ការពិត នៅពេលវានិយាយអំពីបញ្ហាដែលទាក់ទងនឹងសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពជាមូលដ្ឋាន អភិបាលកិច្ចល្អ និងនីតិរដ្ឋ។

 ខណៈអាស៊ានប្រារព្ធខួបលើកទី ៥០ របស់ខ្លួន និងការសន្យារបស់ខ្លួនក្នុងការនាំយកការផ្លាស់ប្តូរអាស៊ានដោយយកប្រជាជនជាធំ ប្រជាជនជាគោលដៅ និងច្បាប់ជាមូលដ្ឋាន មានការកើនឡើងការព្រួយបារម្ភចំពោះភាពមិនដំណើរការ ដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់នេះ ។ ជាឧទាហរណ៍នៅក្នុងប្រទេសហ្វីលីពីន ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនាពេលថ្មីៗនេះ សង្គ្រាមដ៏ចម្រូងចម្រាស់របស់លោក Duterte លើបញ្ហាគ្រឿងញៀនខុសច្បាប់ជាផ្នែកមួយដ៏ធំនៃការវាយប្រហារគួរឱ្យព្រួយបារម្ភចំពោះតម្លៃលទ្ធិប្រជាធិបតេយ្យនៅទូទាំងតំបន់។ ភាពសង្ស័យកំពុងរីករាលដាលទៅលើលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហ្វីលីពីន ដោយសារតែយុទ្ធសាស្រ្តរបស់លោក Duterte។ ក្រុមសិទ្ធិមនុស្សបាននិយាយចេញខ្លាំងៗអំពី «ឧក្រិដ្ឋកម្ម» របស់គាត់ប្រឆាំងនឹងមនុស្សជាតិ។

ស្របពេលជាមួយគ្នានេះដែរ ឥណ្ឌូនេស៊ីដែលមានលទ្ធិប្រជាធិបតេយ្យធំជាងគេទីបីរបស់ពិភពលោកបច្ចុប្បន្នកំពុងត្រូវបានសាកល្បង ដោយការកើនឡើងតួនាទីសាសនាមកធ្វើជាឧបករណ៍នយោបាយ។ ឧប្បត្តិហេតុ Ahok ជាកន្លែងអភិបាលក្រុង Jakara កាន់សាសនាគ្រិស្តដែលមានដើមកំណើតចិនដ៏មានប្រជាប្រិយភាពបានចាញ់ការបោះឆ្នោតសារជាថ្មីរបស់គាត់ដោយសារការចោទប្រកាន់ពីបទមើលស្រាលគម្ពីរ គឺជាការបង្ហាញពីអនាគតមិនច្បាស់ លាស់នៃលទ្ធិប្រជាធិបតេយ្យរបស់ឥណ្ឌូនេស៊ី។ កាលពីឆ្នាំ ២០១៤ ការទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់លោក Jokowi ត្រូវបានគេមើលឃើញថា ជាសញ្ញាល្អមួយសម្រាប់ស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌូនេស៊ី ទោះបីជាយ៉ាងណាក៏ដោយ ការកើនឡើងឥទ្ធិពល នៃក្រុមអ៊ីស្លាមអាចជាកត្តាអស្ថិរភាពយ៉ាងខ្លាំងនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់ឥណ្ឌូនេស៊ី។

នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងកើនឡើងនៃការបង្ក្រាបសម្លេងប្រឆាំងដែលបានឈានដល់កម្រិតគួរឱ្យភ្ញាក់ផ្អើលក្នុងចំណោមរឿងអាស្រូវពុករលួយដ៏ធំនៃ 1MDB របស់ប្រទេសនេះបាន​ចោទប្រកាន់ថា បានពាក់ព័ន្ធនឹងអ្នកនយោបាយជាន់ខ្ពស់។ ជាមួយនឹងពាក្យច​ចាមអារ៉ាមដែលថា ការបោះឆ្នោតអាចនឹងត្រូវបានប្រារព្ធធ្វើឡើងនៅឆ្នាំនេះ ភាពមិនប្រាកដប្រជាផ្នែកនយោបាយបង្ហាញពីទស្សនវិស័យអាប់អួរ សម្រាប់លទ្ធិប្រជាធិបតេយ្យមិនល្អរបស់ប្រទេសម៉ាឡេស៊ី។

ទន្ទឹមនឹងនេះដែរ រដ្ឋប្រហារយោធាជាញឹកញាប់នៅក្នុងប្រទេសថៃបានបន្តបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ រដ្ឋធម្មនុញ្ញថ្មីដែលប្រកាសអោយប្រើរបស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងអាចឈានទៅរកអតុល្យភាពនយោបាយបន្ថែមទៀត។ រីឯមីយ៉ាន់ម៉ាវិញ បានចាប់ផ្តើមនៅផ្លូវវិជ្ជមានជាមួយនឹងជ័យជម្នះដ៏ធំរបស់មេដឹកនាំគណបក្សប្រជាធិតេយ្យលោកស្រី Aung San Suu Kyi ដោយជ័យជម្នះរបស់លោកស្រីបានបញ្ចប់ភាពត្រួតត្រារបស់យោធាជិតពាក់កណ្តាលសតវត្ស។ ប៉ុន្តែការប្រារព្ធពិធីនៃលទ្ធិប្រជាធិបតេយ្យបានស្ថិតក្នុងភាពអាប់អួរ នៅពេលដែលលោកស្រី Suu Kyi ត្រូវបានរិះគន់យ៉ាងខ្លាំងចំពោះការមិនបាននិយាយប្រឆាំងនឹងការរើសអើង និងអំពើហិង្សាដែលបានកំណត់ទិសដៅលើពួក Rohingya Muslim។

ម្យ៉ាងវិញទៀត ការដាក់ពាក្យសុំរបស់ទីម័រខាងកើតចំពោះសមាជិកភាពអាស៊ានត្រូវបានពន្យារពេលសម្រាប់ជុំមួយផ្សេងទៀត ទោះបីជាទីតាំងភូមិសាស្ត្រស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លោក Duterte ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលនេះថា «ការដាក់ពាក្យសុំរបស់ទីម័រខាងកើត ដើម្បីក្លាយជាសមាជិកអាស៊ានគឺស្ថិតក្រោមការសិក្សាដោយមន្រ្តីជាន់ខ្ពស់ដែលពាក់ព័ន្ធ»។ លោកបានបន្ថែមទៀតថា «ដើម្បីរៀបចំទីម័រខាងកើតជាសមាជិកក្នុងអាស៊ានយើងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់ជំនួយទៅឱ្យទីម័រខាងកើតសម្រាប់ការកសាងសមត្ថភាពរបស់ខ្លួន ដោយយោងទៅតាមសមាសភាព និងនីតិវិធីដែលឯកភាពដោយក្រុមប្រឹក្សាសម្របសម្រួលក្រុមការងារអាស៊ាន (ACCWF) ស្តីពីការដាក់ពាក្យសុំធ្វើជាសមាជិកអាស៊ានរបស់ទីម័រខាងកើត»។

 ក្នុងនាមជាប្រទេសក្មេងខ្ចីបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ កិច្ចខិតខំប្រឹងប្រែងរបស់ទីម័រខាងកើត​ដើម្បីក្លាយជាសមាជិកអាស៊ាននៅតែជាករណីស្មុគស្មាញ ជាពិសេសនៅពេលដែលប្រទេសនេះ ទទួលបានពិន្ទុខ្ពស់បំផុតនៃសន្ទស្សន៍លទ្ធិប្រជាធិបតេយ្យនាពេលថ្មីៗក្នុងចំ​ណោម​ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចេញផ្សាយដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (EIU) ។ មានសំណួរថា តើតម្លៃប្រជាធិបតេយ្យរបស់ទីម័រខាងកើតសមស្របជាមួយក្របខណ្ឌអាស៊ាន ដែលផ្អែកលើការមូលមតិគ្នានិងការមិនជ្រៀតជ្រែកដែរឬទេ។

ឆ្នាំ ២០១៧ គឺជាឆ្នាំជាពិសេសសម្រាប់អាស៊ាន និងអាស៊ីអាគ្នេយ៍ ដើម្បីបង្ហាញខ្លួនឯងថា ជាតំបន់ដែលសង្កត់ធ្ងន់លើការយកប្រជាជនជាធំ។ នៅក្នុងកាលៈទេសៈនេះ ផ្លូវទៅកាន់លទ្ធិប្រជាធិបតេយ្យមានភាពរង្គោះរង្គើសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ វាពិតជាគ្រោះថ្នាក់នៅពេលអ្នកជំនាន់ថ្មីងើបមកកាន់កាប់អំណាចនៅក្នុងតំបន់នេះ ដែលអាចនឹងមិនត្រូវបានបំពាក់បំប៉ននូវតម្លៃប្រជាធិបតេយ្យ ដែលអាចបង្កឱ្យមានបញ្ហាប្រឈមសម្រាប់សមត្ថភាពរបស់ពួកគេ ដើម្បីទទួលយក ឬការផ្តួចផ្តើមការធ្វើកំណែទម្រង់លទ្ធិប្រជាធិតេយ្យ៕

​​(​ប្រភព: The Diplomat ចុះថ្ងៃទី០៣ ខែឧសភា​​ ឆ្នាំ២០១៧)

 

ចែករំលែក

បញ្ចេញយោបល់