ការចូលរួមអភិវឌ្ឍសហគមន៍ប្រជាពលរដ្ឋក្នុងតំបន់បេតិកភណ្ឌនៅតែជាការងារសំខាន់ របស់អាជ្ញាធរជាតិអប្សរា

ថ្ងៃព្រហស្បតិ៍ ទី ៤ ឧសភា ២០១៧​
82

 

ក្រៅពីការងារថែរក្សា គ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ​ក៏ដូច​ជាការលើកតម្លៃ បេតិកភណ្ឌរូបី និងអរូបី ប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារ សហគមន៍​តែងចុះ​សួរ សុខទុក្ខ អប់រំ ស្តាប់សំណូមពរ ដោះស្រាយផលលំបាក និង​បញ្ហាជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ តាមមូលដ្ឋាន​ដែល​ស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ។

នៅខែមេសាដើមឆ្នាំ២០១៧កន្លងទៅនេះ ក្រុមការងារ​សហគ​មន៍​អាជ្ញាធរជាតិ អប្សរា  បានចុះសួរសុខទុក្ខ និងធ្វើកិច្ចការងារ​មនុស្សធម៌ដោយបានពាំនាំនូវកញ្ចប់ទ្រទ្រង់ សុខុមាល​ភាព​ម្តាយ ងទារកទៅឧបត្ថម្ភដល់ស្ត្រី ដែលទើបតែសម្រាល​កូនរួច​ថ្មីៗ ក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន ២០៦ កញ្ចប់។ បន្ថែមពីលើកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានធ្វើការងារសង្គមកិច្ច ដូចជាបាននាំយកនូវស៊ីម៉ង់ត៍ចំនួន ១ តោន ទៅ​ឧបត្ថម្ភ​ដល់​មណ្ឌល​សុខភាពរលួស ឃុំរលួស ស្រុក ប្រាសាទបាគង ដើម្បី​ចូលរួមក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីនោះ។ អាជ្ញាធរជាតិអប្សរាក៏បានចូលរួមថវិកា ដើម្បីកសាង​នូវ​សមិទ្ធ​ផលក្នុងវិស័យសាសនា ដោយបានឧបត្ថម្ភថវិកាចំនួន ៤០​ម៉ឺន​រៀល ដើម្បីចូលរួមបុណ្យឆ្លងសាលា នៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

ដោយឡែក ពាក់ព័ន្ធនឹងការងារ​អនុញ្ញាតការសាង​សង់ប្រភេទ​សំណង់ស្រាល ដូចជា ជួសជុលផ្ទះ ជួសជុលដំបូល ជួសជុល​ជញ្ជាំ​ង ប្តូរសសរ កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់ ចាក់ដី និង​សាង​​​សង់តូបលក់ដូរ ដែលមានចំនួន៥៣ករណី នៅ​ស្រុក​ប្រា​សាទ​​​​​បាគងចំនួន ៧ករណី ស្រុកពួកចំនួន២ករណី ក្រុង​សៀម​រាប​​ចំនួន៣៥ករណី​ ស្រុកបន្ទាយស្រីចំនួន ៩ករណី។

ស្តែងចេញពីសកម្មភាពទាំងនេះ ក្រុមការងារសហគមន៍​អាជ្ញា​ធរជាតិអប្សរាតែងតែ នៅក្បែរនិងយកចិត្តទុកដាក់គ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់ នៅសុខភាព ការ​សាងសង់ និងការអប់រំ ធ្វើយ៉ាងណាឱ្យ​ប្រជាពល​រដ្ឋ​ក្នុង​តំបន់​អង្គរ មានសេដ្ឋកិច្ច ល្អប្រសើរចំណេះ​ដឹងទូលំទូលាយ​និង​មានភាពសុខសាន្តក្នុងសង្គមគ្រួសារ៕

 

ចែករំលែក

បញ្ចេញយោបល់