ខេត្តព្រះសីហនុ​ ប្រារព្ឋទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍច័ន្ទក្រហម​ ៨ ឧសភា​ ឆ្នាំ២០១៧ លើកទី១៥៤ ប្រមូលថវិកាបានជាង៤សែនដុល្លារអាមេរិក

ថ្ងៃព្រហស្បតិ៍ ទី ៤ ឧសភា ២០១៧​
101

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ខេត្តព្រះសីហនុ បានប្រារព្ឋទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧ លើកទី១៥៤ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះសីហនុ និងមានមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី អ្នកឧកញ៉ា បណ្តាក្រុមហ៊ុន រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស ពាណិជ្ជករ សប្បុរសជនជាតិ និងអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ តាមបណ្តាមន្ទីរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ផងដែរ។

លោក លូ គឹមឈន់ ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានអោយដឹងថា ការរៀបចំទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៦ ក្រោមប្រធានបទ “កាកបាទ ក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” នាឆ្នាំនោះប្រមូលបានថវិកាពីសប្បុរសចំនួន ៣សែន៦ម៉ឺន២ពាន់ ២រយ៣៥ ដុល្លារ។ ក្នុងឆ្នាំនេះ ធ្វើឡើងក្នុងប្រធានបទដូចគ្នានេះដែរ ទទួលបានថវិកាពីសប្បុរសជន ចំនួន ៤សែន ៧ម៉ឺន ៩ពាន់៤រយ១៣ដុល្លារអាមេរិក។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានមានប្រសាសន៍លើកឡើងថា ថវិកាដែលបានពីការឧបត្ថម្ភរបស់សប្បុរសជនក្នុងទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា នាឆ្នាំនេះ គឺជាការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល សម្រាប់យកទៅប្រើប្រាស់ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះនៅគ្រប់ទីកន្លែង មានដូចជា ប្រជាជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ កុមារកំព្រា គរថ្លង់ កុមារខ្សោយសតិបញ្ញា ជនចាស់ជរាគ្មានទីពឹង និងជួយឧបត្ថម្ភថវិការដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គោះអាយុជិវិតកុមារងាយរងគ្រោះដោយសារជំងឺផ្សេងៗផងដែរ។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមផ្តល់វិភាគទាន ជូនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ ព្រមទាំងបានអំពាវនាវ ដល់សប្បុរសជាតិ និងអន្តរជាតិ បងប្អូនជនរួមជាតិទាំងអស់ សូមបន្តចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រជាកំលាំងកាយ កំលាំងចិត្ត ផ្នែកបច្ចេកទេស សំភារៈ ថវិកា ដើម្បីអោយកាកបាទក្រហមកម្ពុជាមានលទ្ធភាពពង្រីកប្រតិបត្តិការ និងលើកកម្ពស់ប្រសិទ្ធិភាពការងាររបស់ខ្លួន ជាពិសេសគឺការធានាបាននូវការផ្គត់ផ្គង់ផ្នែកធនធានហិរញ្ញវត្ថុ ដែលជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់ដំណើរការសកម្មភាពមនុស្សធម៌ ឆ្លើយតបបានទាន់ ពេលវេលាទៅ នឹងសំណូមពរសេចក្តីត្រូវរបស់ជនងាយរងគ្រោះ និងជនគ្រោះដែលត្រូវការជំនួយសង្គ្រោះ ជាចាំបាច់បំផុត ក្នុងបេសកកម្មដ៏ពិសិដ្ឋ ក្រោមការដឹកនាំរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕

ចែករំលែក

បញ្ចេញយោបល់