ពិធីអបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម០៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហម មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅសាលមហោស្រពខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តតាកែវ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តតាកែវ លោក ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវព្រមទាំង លោក លោកស្រី មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធ និងយុវជនសរុប ៥៩៤នាក់ ដោយរៃអង្គាសថវិកាបានជាង ១៤ម៉ឺនដុល្លារ។
ថ្លែងក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍កោតសរសើរ ដល់សាខា កាកបាទក្រហមកម្ពុជាខេត្តតាកែវ ដែលកន្លងមកបានធ្វើការងារយ៉ាងសកម្ម និងចុះជួយបានទាន់ ពេលវេលានូវ រាល់បញ្ហា និងភាពប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ខ្លួន។ លោកក៏បានថ្លែងគោរព កោតសរសើរខ្ពស់ដល់ ការដឹកនាំប្រកប ដោយទឹកចិត្តមនុស្សធម៌ និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ជួយដល់ជនរងគ្រោះ និងជនងាយ រងគ្រោះទូទាំងប្រទេសកម្ពុជាកន្លងមក។
លោកក៏បានផ្តល់អនុសាសន៍ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ត្រូវខិតខំបន្តជំរុញ បណ្តុះបណ្តាលជំនាញ លើកកម្ពស់ស្មារតី លើកទឹកចិត្តដល់យុវជនដើម្បីចូលរួមក្នុងកិច្ចការនេះ ក៏ដូចជាបង្កើនប្រសិទ្ធភាពការងារមនុស្សធម៌នេះសំដៅធ្វើយ៉ាងណា ធ្វើឱ្យបានច្រើន ធ្វើឱ្យបានល្អ ធ្វើឱ្យបានស៊ីជម្រៅ និងទៅឱ្យឆ្ងាយជាងមុន៕