កម្ពុជាចូល​រួមកិច្ចប្រជុំ​លើក​ទី៤ ស្តីពី ទឹក​និងសន្តិ​ភាព នៅ​ប្រទេស​ហ្សក​ដង់​

ថ្ងៃព្រហស្បតិ៍ ទី ៤ ឧសភា ២០១៧​
114

លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមនៃប្រទេសកម្ពុជា និងជាសមាជិកគណៈកម្មការជាន់ខ្ពស់កម្រិតសកល ស្តីពី ទឹក និងសន្តិភាព បានអញ្ជើញចូលរួមកិច្ចប្រជុំ លើកទី៤ ស្តីពី ទឹក និងសន្តិភាព ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៣-០៤ ខែឧសភា ឆ្នាំ ២០១៧ នៅទីក្រុងអាមែន ប្រទេសហ្សកដង់ នេះបើតាមទំព័រហ្វេសបុករបស់ក្រសួងធនធានទឹកនិងឧតុនិយម។

សូមជម្រាបផងដែរថា កិច្ចប្រជុំលើប្រធានបទទឹក និងសន្តិភាពនាពេលនេះ គឺជាកិច្ចប្រជុំដើម្បីបូកសរុបការងារ និងបិទបញ្ចប់របាយការណ៍ដែលគណៈកម្មការ បានរៀបចំរយៈពេលពីរឆ្នាំកន្លងមក ដោយរាប់ចាប់តាំងពីកិច្ចប្រជុំដំបូងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ សហព័ន្ធស៊្វីស ។ គណៈកម្មការជាន់ខ្ពស់កម្រិតសកល ស្តីពី ទឹក និងសន្តិភាព មានសមាជិកសរុបចំនួន ១៥ ប្រទេស មកពីទ្វីបផ្សេងគ្នានៅលើសកលលោក និងធ្វើកិច្ចការងាររបស់ខ្លួន ដោយផ្តោតទៅលើ ទឹក និងសន្តិភាព កិច្ចសហប្រតិបត្តិការទឹកឆ្លងដែន យន្តការនៃការសម្របសម្រួលនៅពេលមានជម្លោះកើតឡើងបណ្តាលមកពីការប្រើប្រាស់ធនធានទឹក ការអភិវឌ្ឍន៍លើវិស័យធនធានទឹក និងផែនការយុទ្ធសាស្រ្តនៃការថែរក្សាហេដ្ឋារចនាសម្ព័ន្ធទឹក ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិនៅលើសកលលោក ។
របាយការណ៍សិក្សាស្រាវជ្រាវ នៃគណៈកម្មការ នឹងត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០១៧ រួចដាក់ជូនទៅអង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងហ្សឺណែវ ៕

ចែករំលែក

បញ្ចេញយោបល់