លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ បានដឹកនាំគណៈប្រតិភូ ក្នុងគោលបំណងផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិន និងទេសចរណ៍ជប៉ុនឲ្យមកវិនិយោគទុន និងទស្សនាប្រទេសកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត តាមរយៈការរៀបចំព្រឹត្តិការណ៍ចំនួនពីរនៅទីក្រុងតូក្យូប្រទេសជប៉ុន។
ព្រឹត្តិការណ៍ទីមួយគឺសន្និសីទ “Cambodia Tourism Roadshow” ដែលត្រូវបានសហការរៀបចំឡើង នៅសណ្ឋាគារ ANA International ទីក្រុងតូក្យូ ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ដល់ប្រតិបត្តិករទីភ្នាក់ងារទេសចរណ៍ជប៉ុន-កម្ពុជា និងភាគីពាក់ព័ន្ធសរុបប្រមាណ២០០នាក់ មកពី១៥០ក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងការដឹកជញ្ជូន។ ចំណែកឯព្រឹត្តិការណ៍ទីពីរគឺ ពិព័រណ៍កម្ពុជាឆ្នាំ២០១៧ “Cambodia Festival 2017” ដែលត្រូវរៀបចំឡើងចាប់ពីថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០១៧ នៅឧទ្យាន Yoyogi ទីក្រុងតូក្យូ ដោយមានស្តង់ពិព័រណ៍សរុបចំនួន៨០ស្តង់ ដើម្បីបង្ហាញដល់ប្រជាជនជប៉ុនឲ្យស្គាល់ និងស្វែងយល់អំពីវប្បធម៌ ទំនៀមទម្លាប់ សិល្បៈ របាំប្រពៃណី ចំរៀង ផលិតផល និងម្ហូបអាហារខ្មែរ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយលោក Miki Watanabe នាយកប្រតិបត្តិនៃសភាសមាគមមិត្តភាពជប៉ុន-មេគង្គ នៅការិយាល័យសភាទីក្រុងតូក្យូនាថ្ងៃទី០២ ខែឧសភានេះផងដែរ ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាព ព្រមទាំងបានថ្លែងអំណរគុណដល់ភាគីជប៉ុនចំពោះការគាំទ្រឲ្យមានការហោះហើរត្រង់ផ្ទាល់រវាងទីក្រុងតូក្យូ-ភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) និងការគាំទ្រដល់ប្រទេសតំបន់មេគង្គរួមទាំងកម្ពុជា លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ដឹកជញ្ជូន និងធនធានមនុស្ស។
ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនានៅកម្ពុជាក្នុងឆ្នាំ២០១៦ មានចំនួនជាង៥លាននាក់ កើនឡើង ៥% ក្នុងនោះ ទេសចរជប៉ុនមានចំនួនជិត២០ម៉ឺននាក់។ ព្រមជាមួយនោះ ទេសចរកម្ពុជាក៏បានទៅទស្សនាជប៉ុនមានចំនួន ១២,០០០នាក់ នៅក្នុងឆ្នាំ២០១៦។ ដោយឡែក នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ១.៣លាននាក់ ព្រមជាមួយទេសចរជប៉ុន ជាង៤ម៉ឺននាក់ កើនឡើង ១៤%។ រីឯក្នុងឆ្នាំ២០១៧ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនា ប្រមាណ ៥.៤លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណ ៧លាននាក់ ដោយក្នុងនោះរំពឹងថា នឹងទទួលបានទេសចរជប៉ុនប្រមាណ ៣៥ម៉ឺននាក់ផងដែរ៕