បេក្ខជននាំមុខក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងបានប្រាប់ BBC ថា សហភាពអឺរ៉ុបត្រូវតែធ្វើកំណែទម្រង់ ឬប្រឈមនឹងការរំពឹងទុកនៃការចាកចេញរបស់បារាំង (Frexit)។
អ្នកនិយមកណ្តាលដែលគាំទ្រសហភាពលោក Emmanuel Macron បានធ្វើការអត្ថា ធិប្បាយ ខណៈដែលលោក និងគូប្រជែងរបស់លោកគឺលោកស្រី Le Pen បានធ្វើការប្រមូលផ្តុំគ្នាកាលពីសប្តាហ៍មុននៃយុទ្ធនាការឃោសនាបោះឆ្នោត។
អ្នកបោះឆ្នោតបារាំងទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីសម្រេចចិត្តរវាងអ្នកទាំងពីរ។
បាតុកម្មនៅឯជាយក្រុងប៉ារីស ទន្ទឹមនឹងនោះដែរលោកស្រី Le Pen បានចោទប្រកាន់លោក Macron ជាមនុស្សធ្វើអ្វីដដែលៗ។
លោកស្រី Le Pen បានកេងចំនេញលើសតិអារម្មណ៍ប្រឆាំងនឹងសហភាពអឺរ៉ុប និងបានសន្យាធ្វើប្រជាមតិលើសមាជិកភាពរបស់បារាំង។
នៅក្នុងប្រទេសបារាំងមានការប្រមូលផ្តុំគ្នាដ៏ធំនៅថ្ងៃទិវាពលកម្មអន្តរជាតិ។ សហជីពធំទាំងប្រាំបានជំរុញឱ្យសមាជិករបស់ខ្លួនមិនឱ្យបោះឆ្នោតឱ្យលោកស្រី Le Pen បើទោះបីជា មានសហជីពចំនួនបីក្នុងចំណោមប្រាំមិនបានលើកឡើងពីការគាំទ្រលោក Macron ក៏ដោយ។
លោក Macron ប្រាប់ BBC ថា «ខ្ញុំជាអ្នកគាំទ្រអឺរ៉ុប ជានិច្ចជាកាលខ្ញុំការពារគំនិតរបស់អឺរ៉ុប និងគោលនយោបាយរបស់អឺរ៉ុបអំឡុងពេលនៃការបោះឆ្នោតនេះ ដោយសារតែខ្ញុំជឿថា វាសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនបារាំង និងសម្រាប់ទីកន្លែងមួយនៃប្រទេសរបស់យើងនៅក្នុងសកលភាវូបនីយកម្ម» ។
«ប៉ុន្តែនៅពេលដូចគ្នានេះដែរ យើងត្រូវប្រឈមមុខនឹងស្ថានភាពនេះ ដើម្បីស្តាប់ប្រជាជនរបស់យើង និងដើម្បីស្តាប់ការពិតដែលថា ពួកគេមានការខឹងសម្បាយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ការមិនចេះអត់ធ្មត់ និងការដើរខុសរបស់សហភាពអឺរ៉ុបនេះ គឺមិនមានចីរភាព។
«ដូច្នេះខ្ញុំគិតថា ការគិតរបស់ខ្ញុំ នៅថ្ងៃបន្ទាប់ នឹងនៅតែដដែលក្នុងការធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅទៅនឹងសហភាពអឺរ៉ុប និងគម្រោងសហភាពអឺរ៉ុបរបស់យើង»។
លោក Macron បានបន្ថែមថា ប្រសិនបើលោកអនុញ្ញាតឱ្យសហភាពអឺរ៉ុបបន្តដំណើរការដូចដែលធ្វើទៅនោះគឺជាការ «ក្បត់» ។
លោកបាននិយាយថា «ខ្ញុំមិនចង់ធ្វើដូច្នេះទេ»។ «ដោយសារតែនៅថ្ងៃក្រោយ យើងនឹងមានការចាកចេញរបស់បារំាង (Frexit) ឬយើងនឹងមានរណសិរ្សជាតិ (FN) របស់លោកស្រី Le ជាថ្មីម្តងទៀត»៕
ប្រភព: BBC ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧