លោក គឹម សន្ដិភាព៖ បទបរិហាកេរ្ដិ៍ កម្ពុជាដកចេញតែទោសជាប់ពន្ធនាគារប៉ុណ្ណោះ ឯការពិន័យជាប្រាក់ គឺរក្សាឱ្យនៅដដែល

ថ្ងៃពុធ ទី ៣ ឧសភា ២០១៧​
358

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា បទល្មើសបរិហារកេរ្តិ៍ ដែលជាករណីព្រហ្មទណ្ឌ ត្រូវបានប្រទេសកម្ពុជា ដកចេញតែទោស ជាប់ពន្ធនាគារតែប៉ុណ្ណោះ ហើយការពិន័យជាប្រាក់ នៅតែរក្សាដដែល។

ការអះអាងរបស់មន្រ្តីច្បាប់រូបនេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានមួយចំនួន មានការភ័ន្ដច្រឡំថា បទល្មើសបរិហាកេរ្ដិ៍នៅកម្ពុជា ត្រូវបានលុបចោលពី ក្រមព្រហ្មទណ្ឌទាំងស្រុងហើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ លោក គឹម សន្ដិភាព បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងសារលិខិតរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកបានបញ្ជាក់ច្បាស់ថា ដកទោសពន្ធនាគារនៃបទបរិហាកេរ្ដិ៍ គឺរាជរដ្ឋាភិបាលបានសម្រេចតាំងពីយើងរៀបចំសេចក្ដីព្រាងក្រមព្រហ្មទណ្ឌ នៅក្នុងឆ្នាំ២០០៨ និង២០០៩»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្រោយពីក្រមព្រហ្មទណ្ឌត្រូវបានអនុម័ត និងចូលជាធរមាន គឺបទបរិហាកេរ្ដិ៍ជាសាធារណៈ មិនមានទោសជាប់ពន្ធនាគារនោះទេ គឺមានត្រឹមតែទោសត្រឹមពិន័យជាប្រាក់ ដែលគេហៅថាបទលហុ។
មួយវិញទៀត លោកបន្ដថា ប្រសិនបើអំពើបរិហារកេរ្ដិ៍តាមសារព័ត៌មាន ក្នុងបញ្ញាតិ្តមាត្រា៣០៦ នៃក្រមព្រហ្មទណ្ឌ ក៏បានកំណត់ថា ឲ្យអនុវត្តតាមច្បាប់ស្ដីពីរបបសារព័ត៌មាន៕

 

ចែករំលែក

បញ្ចេញយោបល់