លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យចូលរួមលើកកម្ពស់វិស័យការងារនៅក្នុងប្រទេសកម្ពុជា។ លោក បានថ្លែងដូចនេះ នៅក្នុងសារលិខិតអបអរសាទរជាមួយបងប្អូនកម្មករ និយោជិត និយោជក និងជនរួមជាតិទាំងអស់ ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមប្រធានបទ «ដើម្បីសន្តិភាព ការងារ មុខរបរ និងអភិវឌ្ឍន៍»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ជោគជ័យតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺសុទ្ធតែមានការចូលរួមយ៉ាងសកម្ម និងសុឆន្ទៈពីសំណាក់អង្គការវិជ្ជាជីវៈ របស់កម្មករ និយោជិត និងនិយោជក ក៏ដូចជាអង្គការអន្តរជាតិជាដៃគូផងដែរ។ លោក ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារផ្នែក ទំនាក់ទំនងវិជ្ជាជីវៈ គណៈកម្មការប្រឹក្សាការងារ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដ កម្មបាតុកម្ម និងដោះស្រាយវិវាទការងារដោយសន្តិវិធី សំដៅលើកកម្ពស់ការយោគយល់គ្នា ក្នុងទំនាក់ទំនងវិជ្ជាជីវៈរវាងភាគីពាក់ព័ន្ធទាំងអស់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវចំពោះ ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាលគ្រប់ លំដាប់ថ្នាក់ ក៏ដូចជានិយោជក កម្មករនិយោជិត សមាគមនិយោជក អង្គការសហជីព ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ ដូចជា៖
១- បន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តច្បាប់ស្តីពី ការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ។
២- បន្តពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់កម្មករនិយោជិត និងនិយោជកព្រមទាំងបង្កើនប្រសិទ្ធភាពវិធានការការពារទប់ស្កាត់ កូដកម្មបាតុកម្ម និងដោះស្រាយវិវាទការងារដោយសន្តិភាព។
៣- បន្តពង្រឹងការអនុវត្តបទប្បញ្ញតិ្តច្បាប់ និងអនុសញ្ញាអន្តរជាតិខាងការងារ និងរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីការងារលើចំណុចមួយចំនួនមានជាអាទិ៍ ប្រភេទកិច្ចសន្យាការងារ ការងារវេនយប់ លក្ខខណ្ឌការងារសម្រាប់ស្ត្រី និងការហ្វឹកហ្វឺនកូនជាង។
៤- បន្តអនុវត្តកម្មវិធីពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ តាមរូបមន្ត និងយន្តការត្រីភាគីដែលគ្រប់ភាគីទទួលយកបានកន្លងមកក្នុងការកំណត់ការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើង។
៥- បន្តពង្រឹងប្រសិទ្ធភាពសេវាគាំពារ និងការពារសិទ្ធិពលករកម្ពុជានៅបរទេស ព្រមទាំងទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់ ទាំងប្រថុយប្រថាន ដោយចាត់វិធានការម៉ឺងម៉ាត់ចំពោះជនជាមេខ្យល់ ដែលប្រើឧបាយកលអូសទាញ ឬបោកបញ្ឆោតប្រជាពលរដ្ឋ។
៦- កម្មករ និយោជិត យុវជន និងមាតា បិតា គួរបញ្ជូនកូនចៅទៅទទួលការបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈដើម្បីលើកកម្ពស់ជំនាញ ផលិតភាពការងារ និងមានសមត្ថភាពប្រកួតប្រជែង។
៧- សូមបងប្អូនកម្មករនិយោជិត និងជនរួមជាតិទាំងអស់អញ្ជើញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញភារកិច្ច និងសិទ្ធិជាពលរដ្ឋនៃប្រទេសមួយដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
៨- សូមយកឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះធ្វើការរៀបចំសកម្មភាពវប្បធម៌សិល្បៈ ការលំហែកំសាន្តរីករាយតាមលទ្ធភាព និងលក្ខណៈសម្បត្តិរៀងៗខ្លួន ហើយចៀសវាងឱ្យបានដាច់ខាតនូវការធ្វើសកម្មភាពនានា ដែលនាំឱ្យរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសសប្បាយរីករាយរបស់សង្គមជាតិ៕