នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិសាស្រ្តកម្ពុជា ស្តីពីជនក្បត់ជាតិសម សារី ជូនសាធារណជនឱ្យបាន យល់ច្បាស់ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ។
លោក សុខ ឥសាន បានបញ្ជាក់ថា ក្រោយកិច្ចព្រមព្រៀងហ្សឺណែវឆ្នាំ ១៩៥៤ បារាំងបានដកថយចេញពីឥណ្ឌូចិន ហើយ អាមេរិកមានបំណងចង់លោតចូលមកឥណ្ឌូចិនជំនួសបារាំង ក្នុងបំណងយកតំបន់នេះធ្វើជាជួរមុខប្រឆាំងកុំមុយនីស្ត ។ ដើម្បីងាយស្រួលចូលមកកម្ពុជា អាមេរិកបានយក សម សារី ធ្វើជារនុកក្នុង ដើម្បីអូសទាញ សម្តេចព្រះនរោត្តម សីហនុឱ្យចូលមកខាងលោកសេរី ។សម សារី បានធ្វើសកម្មភាពចលនាសម្តេចព្រះនរោត្តម សីហនុ យ៉ាងសកម្ម តែមិនទទួលបានលទ្ធផលជាវិជ្ជមានតាមបំណងឡើយ ដែលធ្វើឱ្យ សម សារី ឆេះកំហឹងនឹងសម្តេចព្រះនរោត្តម សីហនុ ដែលមាននិន្នាកាលំអៀងទៅរកចិនកុំមុយនីស្ត ។
លោក សុខ ឥសាន ក៏បានបន្ថែមថា ដើម្បីសងសឹកនឹងសម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃមួយ សម សារី បានប្រើឧបាយកល ខ្ចប់វត្ថុអនុស្សាវរីយ៍មួយកញ្ចប់ ដោយបង្កប់គ្រាប់បែកដៃ មួយគ្រាប់នៅខាងក្នុង ផ្ញើថ្វាយព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្តិ កុសុមៈ នារីរតន៍ សិរីវឌ្ព្បនា ត្រូវជាព្រះមាតារបស់សម្តេចព្រះនរោត្តម សីហនុ។ នៅពេល មន្ត្រីព្រះបរមរាជវាំងទៅទទួលយកកញ្ចប់វត្ថុអនុស្សាវរីយ៍នោះ ក៏គ្រាប់បែកបានផ្ទុធ្វើឱ្យស្លាប់មន្ត្រីព្រះបរមរាជវាំងនោះទៅ ។ ដោយភ័យខ្លាចខ្លួន សម សារី ក៏បានរត់ភៀសខ្លួនទៅរស់នៅទីក្រុងសាយ ហ្គ័ន ( ទីក្រុងហូជីមិញសព្វថ្ងៃ ) រស់នៅទីនោះ ដោយដូរឈ្មោះជា ង្វៀង យ៉ាំង សាម រហូតដល់ស្លាប់នៅទីនោះទៅ ។ សម្តេច ព្រះនរោត្តម សីហនុ បានដាក់ឈ្មោះ សម សារី ថាជាជនក្បត់ជាតិ ដូចមានចម្រៀងមួយបទ ខាងក្រោមនេះទុកជាអនុស្សាវរីយ៍ឱ្យក្មេងជំនាន់ក្រោយបានដឹង៖
សារី ឆ្កែខ្ញុំ មិនតូចមិនធំ រាងទ្រើសជាងឆ្មា
ត្រចៀកកញ្ច្រឺប កន្ទុយដូចស្វា បានស៊ីឆ្អែតកាលណា
បែរខាំម្ចាស់វិញ។
ដោយមានប្រវត្តិជាកូនជឹង អាមេរិក យ៉ាងនេះហើយ បានជា សម រង្ស៊ី ត្រូវជាកូនប្រុសរបស់ សម សារី ត្រូវបានចៅហ្វាយនាយយកចិត្តទុកដាក់ជាពិសេស តាំងពីពេលនោះមកដែលមានសកម្មភាពមិនខុសពី សម សារី ឡើយ។ នេះហើយដែលហៅថា «ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់» ។ ហេតុដូច្នេះហើយបានជនម្នាក់នេះ មានឬកពារព្រហើនលើសគេលើសឯង តាំងពីដើម៕