នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ័ង យី បានធ្វើការហៅទូរស័ព្ទបន្ទាន់ទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov ដើម្បីពិភាក្សាគ្នាអំពីវិបត្តិសន្តិសុខនៅឧបទ្វីកូរ៉េ។ ក្នុងពេលការឆ្លងឆ្លើយរបស់ពួកគេនោះ លោក វ័ង យី បានស្នើការជួយរបស់រុស្ស៊ីក្នុងការទប់ស្កាត់ជម្លោះរវាងអាមេរិក និងកូរ៉េខាងជើងមិនឲ្យកើតឡើងបាន។
ទោះបីជារុស្ស៊ី និងចិន គឺជាសម្ព័ន្ធមិត្តអន្តរជាតិសំខាន់បំផុតរបស់កូរ៉េខាងជើងក៏ដោយ ក៏កិច្ចសហការគ្នារវាងម៉ូស្គូ និងប៉េកាំងអំពីវិបត្តិសន្តិសុខកូរ៉េត្រូវបានគេកំណត់ជាយូរលង់មកហើយ ទៅលើក្របខ័ណ្ឌពហុភាគីជាជាងទ្វេភាគី។
ការងើបឡើងនាពេលថ្មីៗនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងម៉ូស្គូ និងប៉េកាំងលើកូរ៉េខាងជើងនោះអាចត្រូវបានពន្យល់ដោយកត្តាចំនួនពីរ។ ទីមួយ ទាំងរុស្ស៊ី និងចិនបានប្រឆាំងទៅនឹងការវាយប្រហារយោធារបស់អាមេរិកជាឯកតោភាគីលើទីតាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ទីពីរ មន្ត្រីរុស្ស៊ី និងចិនជឿថា ការងារការទូតទ្វេភាគីរវាងម៉ូស្គូ-ព្យុងយ៉ាង និងប៉េកាំង-ព្យុងយ៉ាងអាចដាក់សម្ពាធ គីម ជុងអ៊ុន ឲ្យធ្វើដំណើរទៅរកផ្លូវគោលនយោបាយការបរទេសមានលក្ខណៈសន្តិភាព។
ការប្រឆាំងរួមគ្នារបស់ ចិន-រុស្ស៊ី លើឯកោភាគីនិយមរបស់អាមេរិកលើកូរ៉េខាងជើង
ទោះបីជារុស្ស៊ី និងចិនបានរិះគន់ខ្លាំងៗលើការសាកល្បងនុយក្លេអ៊ែរ និងកម្មវិធីគ្រាប់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងក៏ដោយ ក៏ប្រទេសទាំងពីរបានប្រឆាំងនឹងការធ្វើអន្តរាគមន៍យោធាដើម្បីទប់ស្កាត់កូរ៉េខាងជើងមិនឲ្យមានសមត្ថភាពប្រើនុយក្លេអ៊ែរ។ នៅពេលរដ្ឋបាល ត្រាំ សម្តែងឆន្ទៈរបស់ខ្លួនក្នុងការប្រើកម្លាំងយោធា ដើម្បីដោះស្រាយវិបត្តិសន្តិសុខនៅឧបទ្វីបកូរ៉េនោះ កង្វល់របស់ម៉ូស្គូ និងប៉េកាំងអំពីការវាយប្រហារយោធារបស់អាមេរិកលើព្យុងយ៉ាងនោះបានម៉ុតមាំជាងអំឡុងពេលមុនៗនៃភាពប្រទូសសារាយរបស់កូរ៉េខាងជើង។
កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិនលើការវាយប្រហារយោធាឯកតោភាគីរបស់អាមេរិកលើកូរ៉េខាងជើងនោះរួមមានការរំលោភបំពានជាប្រព័ន្ធលើការដាក់ទណ្ឌកម្មអន្តរជាតិ និងសកម្មភាពយោធាដែលមានគោលដៅក្នុងការទប់ស្កាត់ការធ្វើអន្តរាគមន៍យោធារបស់អាមេរិក។ នៅពេលសង្គ្រាមអ៊ីរ៉ាក់ឆ្នាំ ២០០៣ និងការធ្វើអន្តរាគមន៍នៅលីប៊ីឆ្នាំ ២០១១ បានបង្ហាញពីនិន្នាការរបស់វ៉ាស៊ីនតោនក្នុងការប្រើប្រាស់ភាពឯកោសេដ្ឋកិច្ចមកធ្វើជាចំណុចស្នូលដល់ការផ្លាស់ប្តូររបបដោយបង្ខំនោះ ម៉ូស្គូ និងប៉េកាំងបានរំលោភការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើសេដ្ឋកិច្ចកូរ៉េខាងជើង ហើយបានគាំទ្រវិធានការដាក់ទណ្ឌកម្មក្នុងកម្រិតតូចមួយលើទីតាំងឧស្សាហកម្មយោធារបស់កូរ៉េខាងជើង។
ទិន្នន័យដែលបានចេញផ្សាយដោយរដ្ឋាភិបាលចិននៅថ្ងៃទី ១៣ ខែមេសា បានបង្ហាញថា ពាណិជ្ជកម្មរបស់កូរ៉េខាងជើងជាមួយចិនបានកើនឡើង ៣៧,៤ ភាគរយ បើធៀបទៅនឹងត្រីមាសទីមួយនៃឆ្នាំ ២០១៦។ ការកើនឡើងខាងពាណិជ្ជកម្មរវាងប៉េកាំងនិងព្យុងយ៉ាងនេះគឺជាការផ្ទុយយ៉ាងខ្លាំងទៅនឹងការស្នើសុំរបស់ ត្រាំ ឲ្យចិនដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងលើកូរ៉េខាងជើង ហើយបានបង្ហាញពីការប្រឆាំងរបស់ប៉េកាំងទៅអ្វីដែលខ្លួនយល់ថា ជាសង្គ្រាមសេដ្ឋកិច្ចរបស់អាមេរិកលើរបបរបស់ គីម ជុងអ៊ុន។
ការប្រឆាំងរបស់រុស្ស៊ីលើការធ្វើឲ្យឯកោខាងសេដ្ឋកិច្ចរបស់កូរ៉េខាងជើងនោះ គឺគួរឲ្យកត់សម្គាល់ដូចគ្នាដែរ។ នៅខែកុម្ភៈ ឆ្នាំ ២០១៧ ប្រធាននាយកដ្ឋានអន្តោរប្រវេសន៍នៅក្រសួងកិច្ចការផ្ទៃក្នុងរុស្ស៊ីបានធ្វើដំណើរទៅទីក្រុងព្យុងយ៉ាងដើម្បីពិភាក្សាអំពីការពង្រីកការនាំកម្មករកូរ៉េខាងជើងទៅរុស្ស៊ី។ នៅពេលស្ថានភាពសេដ្ឋកិច្ចរបស់រុស្ស៊ីបានប្រសើរឡើងនៅក្នុងប៉ុន្មានខែថ្មីៗនេះ តម្រូវការលើកម្មករកូរ៉េខាងជើងនៅភាគខាងលិចរុស្ស៊ីនិងតំបន់ស៊ីបេរីទំនងជាកើនឡើង ដោយប្រឆាំងទៅនឹងចេតនាដឹកនាំដោយអាមេរិកក្នុងការដាក់ទីក្រុងព្យុងយ៉ាងស្ថិតនៅឯកោខាងសេដ្ឋកិច្ចពីទីផ្សារពិភពលោក។
លើសពីការមិនគោរពតាមជាប្រព័ន្ធលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាតិ អ្នកធ្វើគោលនយោបាយចិននិងរុស្ស៊ីបានធ្វើការសន្យាខាងយោធា និងការធ្វើសមយុទ្ធមានគោលដៅដើម្បីធ្វើការវាយប្រហារយ៉ាងខ្លាំងរបស់អាមេរិកលើទីក្រុងព្យុងយ៉ាង។ កិច្ចខិតខំទាំងនេះទំនងជាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ដល់អំពើឯកតោភាគីរបស់អាមេរិក តិចជាងកម្លាំងសេដ្ឋកិច្ចដែលម៉ូស្គូ និងប៉េកាំងមាននោះទេ។ នេះបានបង្ហាញថា ការសហការគោលនយោបាយរវាងរុស្ស៊ី និងចិនលើកូរ៉េខាងជើងនោះត្រូវបានជំរុញឡើងដោយបំណងប្រាថ្នាក្នុងការសម្តែងសាមគ្គីភាពជានិមិត្តរូបលើគោលនយោបាយកាន់តែប្រទូសសារាយរបស់រដ្ឋបាល ត្រាំ លើកូរ៉េខាងជើង។
ដើម្បីបង្ហាញពីការប្រឆាំងរបស់ម៉ូស្គូចំពោះការវាយប្រហារឯកតោភាគីលើកូរ៉េខាងជើងនោះ មន្ត្រីរុស្ស៊ីបានបញ្ជាឲ្យបំលាស់ទីបុគ្គលិកយោធាទៅព្រំដែនកូរ៉េខាងជើងនៅថ្ងៃទី ២០ ខែមេសា។ ទោះបីជាអ្នកជំនាញនាំមុខស្តីពីយុទ្ធសាស្ត្រយោធារុស្ស៊ី ដូចជាលោក Pavel Baev ជឿថា ទោះបីការបង្កើនយោធារបស់រុស្ស៊ីត្រូវគេឃើញមានតិចតួចណាស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដោយ ក៏ការបង្កើនយោធារុស្ស៊ីនៅក្បែរកូរ៉េខាងជើងបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការ ជួយកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការទប់ស្កាត់ការធ្វើអន្តរាគមន៍យោធារបស់អាមេរិកលើព្យុងយ៉ាង។
ទោះបីជារបាយការណ៍ដែលថា យោធារបស់ចិនមានផែនការបញ្ជូនទាហានចំនួន ១៥០.០០០ នាក់នៅក្បែរព្រំដែនកូរ៉េខាងជើងនោះនៅតែមិនគួរឲ្យជឿក៏ដោយ ក៏ការបំលាស់ទីយន្តហោះទម្លាក់គ្រាប់បែករបស់ចិននិងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែឆ្នេសមុទ្រកូរ៉េខាងជើងនោះបានបង្ហាញពីការប្រឆាំងរបស់ខ្លួនដល់ការវាយប្រហារយោធារបស់អាមេរិកលើកូរ៉េខាងជើង។
ឆន្ទៈរបស់រដ្ឋាភិបាលចិនក្នុងការចូលរួមការពិភាក្សាជាមួយរដ្ឋបាល ត្រាំ លើការទប់ស្កាត់មហិច្ឆិតានុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះ ខុសប្លែកពីឥរិយាបទប្រឈមមុខរបស់រុស្ស៊ីទៅលើយុទ្ធសាស្ត្ររបស់វ៉ាស៊ីនតោនលើកូរ៉េខាងជើង។ ប៉ុន្តែ ការផ្តោតរបស់ប៉េកាំងលើការទប់ស្កាត់ការធ្វើអន្តរាគមន៍យោធារបស់អាមេរិកលើរបប គីម ជុងអ៊ុន នោះគឺជាកម្លាំងបូករួមជាមួយចេតនារបស់រុស្ស៊ី ហើយបានបង្ហាញពីការសាមគ្គី ទល់នឹងការវាយប្រហារយោធារបស់អាមេរិកលើព្យុងយ៉ាងដែលបញ្ជាក់ដោយលោក វ័ង យី និងលោក Lavrov ក្នុងអំឡុងការឆ្លើយឆ្លងគ្នារបស់គេនៅថ្ងៃទី ១៥ ខែមេសា។
ការទូតទ្វេភាគីនិងការរួមកម្លាំងរបស់ រុស្ស៊ី-ចិន លើអំពើឯកតោភាគីរបស់អាមេរិកលើកូរ៉េខាងជើង
លើសពីការអនុវត្តការគាំទ្រសេដ្ឋកិច្ចបំពេញបន្ថែម និងយុទ្ធសាស្ត្រទប់ស្កាត់យោធានោះ អ្នកធ្វើគោលនយោបាយរុស្ស៊ី និងចិនបានបង្ហាញរួមគ្នានូវប្រសិទ្ធភាពនៃការចូលរួមទ្វេភាគីជាមួយរបបកូរ៉េខាងជើងនៅក្នុងចេតនារបស់គេក្នុងការកាត់បន្ថយវិបត្តិសន្តិសុខកូរ៉េ។ ការទូតបង្ខិតបង្ខំប្រើដោយម៉ូស្គូ និងប៉េកាំងលើកូរ៉េខាងជើងនោះត្រូវបានធ្វើឡើងដោយចំណុចស៊ីសង្វាក់គ្នាពីរ។
ទីមួយ អ្នកធ្វើគោលនយោបាយរុស្ស៊ី និងចិនបានប្រឆាំងយ៉ាងច្បាស់ដល់សញ្ញាណរបស់វ៉ាស៊ីនតោនដែលថា ការបង្កើតនុយក្លេរអ៊ែររបស់កូរ៉េខាងជើងគឺជាដំណើរការមិនអាចបញ្ឈប់បាន។ ជាជំនួសវិញ ពួកគេមានបំណងបង្ហាញថា ការរិះគន់ខ្លាំងៗអាចផ្លាស់ប្តូរចរឹតរបស់កូរ៉េខាងជើង។
រុស្ស៊ីបានរិះគន់ការធ្វើតេស្តនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង ប៉ុន្តែបានទប់មិនឲ្យឈានដល់ការថ្កោលទោសលើរបបកូរ៉េខាងជើង។ អភិក្រមនេះត្រូវបានជួយដោយការធ្វើវេតូរបស់ម៉ូស្គូនៅថ្ងៃទី ១៩ ខែមេសា លើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលបានថ្កោលទោសការធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការរិះគន់ដ៏ប្រុងប្រយ័ត្នរបស់វិមានក្រឹមឡាំងលើកូរ៉េខាងជើងនោះអាចត្រូវបានពន្យល់ដោយជំនឿរបស់ប្រធានាធិបតី ពូទីន ថា ការចូលរួមបែបស្ថាបនាជាមួយព្យុងយ៉ាងនឹងផ្តល់ឲ្យរុស្ស៊ីនូវកម្លាំងពិសេសមួយលើចរឹតរបស់កូរ៉េខាងជើង នៅចំពេលមួយដែលការប្តេជ្ញាចិត្តរបស់ចិនចំពោះកូរ៉េខាងជើងកំពុងរួមតូច ហើយភាពតានតឹងរវាងអាមេរិកនិងកូរ៉េខាងជើងកំពុងស្ថិតក្នុងកម្រិតដែលគេមិនអាចព្យាករណ៍បាន។
ទីពីរ អ្នកធ្វើគោលនយោបាយរុស្ស៊ីនិងចិនជឿថា ចេតនារបស់អាមេរិកក្នុងការធ្វើឲ្យកូរ៉េខាងជើងឯកោទាំងស្រុងពីសេដ្ឋកិច្ចពិភពលោកនោះនឹងបង្កើតឲ្យមានអារម្មណ៍អស់សង្ឃឹម។ អារម្មណ៍អស់សង្ឃឹមបែបនេះបានលើកទឹកចិត្តឲ្យ គីម ជុងអ៊ុន គៀងគរស្មារតីជាតិនិយមឲ្យគាំទ្ររបបនោះលើគោលនយោបាយការបរទេសប្រទូសសារាយនោះ។ ដើម្បីធ្វើឲ្យកូរ៉េខាងជើងផ្លាស់ប្តូរដំណើរផ្លូវរបស់ខ្លួននោះ មន្ត្រីនៅម៉ូស្គូនិងប៉េកាំងបានខិតខំដាក់ទណ្ឌកម្មកម្រិតណាមួយលើកូរ៉េខាងជើងដែលអាចត្រូវលើកចេញ ប្រសិនបើចរឹតរបស់ គីម ជុងអ៊ុន បានប្រសើរឡើង។
ទណ្ឌកម្មរបស់ចិនលើកូរ៉េខាងជើងបានធ្វើលើវិស័យរ៉ែ និងស្ថាប័នហិរញ្ញវត្ថុពាក់ព័ន្ធ។ ចិនក៏មានគោលនយោបាយដាក់ទណ្ឌកម្មក្នុងកម្រិតមួយ ដោយការអនុវត្តទណ្ឌកម្មលើការផ្គត់ផ្គង់ប្រេងនិងធ្យូងថ្មដែលជួយផ្តល់លំនឹងដល់សេដ្ឋកិច្ចរបស់កូរ៉េខាងជើង។ ដោយការផ្តោតការខិតខំរបស់គេលើវិស័យមួយចំនួន និងការភ្ជាប់ទណ្ឌកម្មនោះដោយច្បាស់ៗជាមួយនឹងភាពកម្រោលរបស់កូរ៉េខាងជើងនោះ អ្នកធ្វើគោលនយោបាយរុស្ស៊ីនិងចិនកំពុងតែមានបំណងបញ្ចុះបញ្ចូល គីម ជុងអ៊ុន ថា សន្តិសុខរបបរបស់គាត់អាចការពារបានដោយការកាត់បន្ថយភាពតានតឹងលើឧបទ្វីបកូរ៉េ ជាងជាងការបង្កើនភាពតានតឹង។
ទោះបីជារុស្ស៊ី និងចិន មានមូលហេតុផ្សេងៗគ្នាសម្រាប់ការសម្របខ្លួនរបស់គេជាមួយព្យុងយ៉ាងក៏ដោយ ក៏ការបង្កើនក្នុងការសហការគោលនយោបាយនាពេលថ្មីៗរវាងម៉ូស្គូនិងប៉េកាំងលើកូរ៉េខាងជើងនោះបង្ហាញច្បាស់ថា ប្រទេសទាំងពីរបានបង្ហាញពីការព្រួយបារម្ភអំពីវិធីប្រឈមមុខរបស់រដ្ឋបាល ត្រាំ លើក្រុងព្យុងយ៉ាង។ នៅពេលដំណោះស្រាយការទូតលើវិបត្តិសន្តិសុខកូរ៉េមិនជោគជ័យនោះ គោលនយោបាយការបរទេសអាមេរិកត្រូវបានកំណត់ដោយអំពើឯកតោភាគីនោះ គេនៅតែមិនច្បាស់ថា តើការរួមដៃគ្នារវាងម៉ូស្គូ-ប៉េកាំងនោះអាចទប់ស្កាត់ការវាយប្រហាររបស់យោធាអាមេរិកលើព្យុងយ៉ាងនៅក្នុងប៉ុន្មានខែខាងមុខឬអត់៕
ប្រភព៖ The Diplomat ចុះថ្ងៃ០១ ខែឧសភា ឆ្នាំ២០១៧