(វ៉ាស៊ីនតោន)៖ នៅថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧លោក Bill Shine សហប្រធាននៃប៉ុស្តិ៍ទូរទស្សន៍ Fox News បានសម្រេចលាលែងពីតំណែង នៅចំពោះមុខការផ្ទុះរឿងអាស្រូវបៀតបៀនកេរ្តិ៍ខ្មាស ដែលធ្លាប់បានកើតមានឡើងក្នុងបណ្តាញសារព័ត៌មានអាមេរិកមួយនេះ។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russia Today (RT) ។
ការលាលែងពីតំណែងរបស់លោក Shine ត្រូវបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា សារព័ត៌មាន Fox News បានបង់ប្រាក់ពិន័យចំនួន ១៣លានដុល្លារ ដើម្បីដោះស្រាយរឿងក្តីបៀតបៀនកេរ្តិ៍ខ្មាស ប្រឆាំងនឹងអតីតពិធីករជើងចាស់ដ៏ល្បីឈ្មោះលោក Bill OReilly ចោទប្រកាន់ដោយស្រ្តីចំនួនប្រាំនាក់ ខណៈលោក OReilly ត្រូវបានបញ្ឈប់ពីការងារកាលពីខែមេសាកន្លងទៅនេះ។ ម៉្យាងវិញទៀតលោក Roger Ailes អតីតនាយកប្រតិបត្តិរបស់ Fox News ក៏បានចុះចេញពីតំណែងកាលពីកក្កដា ឆ្នាំ២០១៦ ដោយសារតែរឿងអាស្រូវបៀតបៀនកេរ្តិ៍ខ្មាសផងដែរ។
គួរបញ្ជាក់ផងដែរថា លោកស្រី Suzanne Scott ដែលជាបុគ្គលិកជើងចាស់របស់បណ្តាញសារព័ត៌មាន Fox News នឹងមកជំនួសតំណែងរបស់លោក Bill Shine ជាសហប្រធានមួយរូបរបស់ស្ថាប័នសារព័ត៌មាន និងទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិកនេះ៕