នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០១៧ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានបញ្ជាក់ប្រាប់កម្មករ កម្មការនី ប្រមាណជាង៥០០នាក់ ថា បើគ្មានសន្តិភាពនោះទេ ប្រាកដណាស់គ្មានការអភិវឌ្ឍដូចសព្វថ្ងៃនោះទេ ។ លោកបានបន្តថា សន្តិភាពដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានខិតខំកសាងយ៉ាងលំបាក បាននាំមកនូវការអភិវឌ្ឍសម្រាប់ប្រជាជាតិទាំងមូល ធ្វើឲ្យបងប្អូនមានលទ្ធភាព មានឱកាសប្រកបរបរទទួលទាន ។
លោក ថង សាវុន ក៏បានរំលឹកពីអតីតកាលខេត្តរតនគិរី និងបច្ចុប្បន្នក្រោមសន្តិភាព ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រែក្លាយខេត្តដាច់ស្រយាល ពុំសូវមានមនុស្សរស់នៅទៅជាខេត្តមួយមានផ្លូវគមនាគមន៍ មានអគ្គិសនី សាលារៀន វត្តអារាម មានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចូលមករស់នៅច្រើន ដំណាំកសិកម្ម និងកសិឧស្សាហកម្មគ្រប់ប្រភេទបានរីកដុះដាល ។
លោក ថង សាវុន ក៏បានអំពាវនាវបងប្អូនកម្មករ ប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា នាថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលមានសមត្ថភាព ដែលបានខិតខំកសាងសន្តិភាព ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍ គឺគណបក្សប្រជាជនកម្ពុជា៕