កាកបាទក្រហមកម្ពុជា បានជួយដល់ស្ត្រីទីទ័លក្រ ដែលមានជំងឺមហារីកសុដន់នៅខេត្តតាកែវ និងមានផ្ទៃពោះ ​ឱ្យបានមក​ធ្វើការព្យាបាល​ វះកាត់យក​ទារកចេញពីផ្ទៃម្តាយ​ ប្រកបដោយ​សុខភាពល្អ​

ថ្ងៃអង្គារ ទី ២ ឧសភា ២០១៧​
102

កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ បានផ្ដល់អំណោយមនុស្សធម៌ ជូនគ្រួសារស្ត្រីទីទ័លក្រ ឈ្មោះ រី សេង រស់នៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានជំងឺមហារីកសុដន់ និងមានផ្ទៃពោះ ៨ខែផង ឱ្យបានមកធ្វើការព្យាបាធ្វើការវះកាត់យកទារកចេញពីផ្ទៃម្តាយ បានប្រកបដោយសុខភាពល្អ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី)។

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ដល់លោក ឯម ម៉ែងហ៊ាន ដែលត្រូវជាប្ដីរបស់ស្រ្តី ឈ្មោះ រី សេង សូមមើលថែរក្សាសុខភាពប្រពន្ធ កូន និងតាមដាននូវស្ថានភាពសុខភាពប្រពន្ធ កូនជានិច្ច។

លោក ឯម ម៉េងហ៊ាន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាមាតាមនុស្សធម៌ តែងគិតគូរ និងយកចិត្តទុកដាក់ចំពោះទុក្ខលំបាកក្រុមគ្រួសារលោក ដោយបានជួយឧបត្ថម្ភជាបន្តបន្ទាប់។

អំណោយដែលផ្ដល់ជូននាឱកាសនោះរួមមាន៖ សម្ភារៈសម្រាប់ទារក ម្សៅទឹកដោះគោ អាហារបំប៉ន និងថវិកាមួយចំនួនផងដែរ៕

ចែករំលែក

បញ្ចេញយោបល់