ក្រសួង​សេដ្ឋកិ​ច្ច បើក​វគ្គបណ្តុះ​បណ្តាល ស្តីពី «នីតិ​វិធីអនុវត្ត​ថវិកាកម្មវិធី» ជូន​ដល់​មន្ត្រី​រាជការ នៃអង្គភាព​ថវិកាថ្នាក់​កណ្ដាល របស់​ក្រសួង​ស្ថាប័ន​ចំនួន​១១

ថ្ងៃអង្គារ ទី ២ ឧសភា ២០១៧​
352

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីអនុវត្តថវិកាកម្មវិធី» ជូនមន្ត្រីរាជការចំនួន១៣៨នាក់ នៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួង ស្ថាប័នចំនួន១១ ដែលអនុវត្តថវិកាកម្មវិធីពេញលេញ សាកល្បងនៅឆ្នាំ២០១៧ ក្នុងគោលដៅដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ ឲ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ពិធីបើកវគ្គបណ្តុះបណ្តាលខាងលើនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្រោមកិច្ចសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ និងអង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយវគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅសម្រាប់ រយៈពេល៤ ថ្ងៃគឺពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ដែលរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះលោក ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាឆ្នាំទី៣ នៃការអនុវត្តថវិកាកម្មវិធីពេញលេញ សាកល្បង និងអង្គភាពថវិកានៅកម្ពុជា ហើយនៅឆ្នាំ២០១៧នេះ មានក្រសួងស្ថាប័នចំនួន៣៦ រួមនឹងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ត្រូវចូលរួមអនុវត្តថវិកា កម្មវិធីពេញលេញសាកល្បង ហើយនៅឆ្នាំ២០១៨ខាងមុខ នឹងមានក្រសួង ស្ថាប័នធំៗចំនួន៣ចុងក្រោយ ត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងដែលធ្វើឲ្យក្រសួងស្ថាប័ន ត្រូវចូលរួមអនុវត្តថវិកាកម្មវិធីត្រូវកើនដល់ ៣៩ នៅពេលនោះ៕

 

 

បញ្ចេញយោបល់