បេក្ខភាព​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា គណបក្ស​សង្គ្រោះ​ជាតិ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដាក់ពាក្យ​លាលែង ក្រោមហេតុផល​អំពើពុករ​លួយ និងគ្មានតម្លាភាព​ក្នុងបក្ស

ថ្ងៃចន្ទ ទី ១ ឧសភា ២០១៧​
902

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧នេះ មានបេក្ខជនមួយរូបទៀតហើយដែល ដាក់​ពាក្យ​សុំចាកចេញពីគណបក្សសង្គ្រោះជាតិ ក្រោមហេតុផល អស់ជំនឿ​លើថ្នាក់​ដឹក​នាំ​បក្ស ថាអាចការពារផលប្រយោជន៍ជាតិបាន។
លោក នេត សៅ អាយុ ៦៤ឆ្នាំ ដែលជាបេក្ខភាព​ឈរឈ្មោះបោះ​ឆ្នោតក្រុម​ប្រឹក្សា​ឃុំ​ក្រយា លេខរៀងទី២ របស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្នុង​លិខិត​សុំលា​លែង​ថា លោកមិនអាចចូលរួមជាមួយបក្សនេះបានតទៅទៀតទេ ដោយ​លោក​មិន​មាន​ជំនឿលើគោលការណ៍ដឹកនាំរបស់គណបក្ស និងដោយមើលឃើញថា គណ​បក្ស​នេះមិនអាចការពារផលប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋបាន។
ជាមួយ​គ្នានេះលោក នេត សៅ បាន លើកឡើងត្រង់ៗថា បក្សសង្គ្រោះជាតិ គ្រប់​គ្រង​គ្មានតម្លាភាព និងពុករលួយក្នុងការរៀបចំបេក្ខជនឈរឈ្មោះ។ គ្រប់​គ្រង​ផ្តាច់​ការ​ បក្ខពួកនិយម និងមិនបាន​យកចិត្តទុកដាក់​ការពារផល​ប្រយោជន៍​ប្រជាជន​ឡើយ​។
គួរបញ្ជាក់ថា ខណៈដែលការបោះឆ្នោតក្រុមប្រក្សាឃុំ សង្កាត់ កាន់តែខិត​ជិតមក​ដល់ បេក្ខជនគណបក្សសង្គ្រោះជាតិ មួយចំនួន​ធំបានសម្រេច​ចាកចេញ​ពីគណ​បក្ស​នេះ​ជាបន្តបន្ទប់ ហើយពួកគេបានបង្ហាញ​នូវហេតុផល​ស្រដៀងៗ​គ្នាជុំវិញការ​លា​លែង​​របស់ខ្លួន គឺបញ្ហាពុករលួយ ក្នុងការរៀបចំបេក្ខភាពចូលរួមបោះឆ្នោត៕

បញ្ចេញយោបល់