លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រក​សេដ្ឋកិច្ចជាតិ​ទ្រទ្រង់​សកម្មភាព​ពាណិជ្ជ​កម្ម​អន្តរជាតិ​កម្ពុជា

ថ្ងៃចន្ទ ទី ១ ឧសភា ២០១៧​
132

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ​រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ គឺជាច្រកសេដ្ឋកិច្ចជាតិដែលមានចរិតជា​អង្គភាព​យុទ្ធសាស្រ្ត​ ក្នុងការទ្រទ្រង់​សកម្ម​ភាព​ពាណិជ្ជ​កម្ម អន្តរ​ជាតិ​​របស់​កម្ពុជាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក និងនាពេលបច្ចុប្បន្ន ហើយនិង​បន្ត​ទៅ​អនាគត។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស​អបអរ​សាទរ​ខួប​​លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៧ នា​ព្រឹក​ថ្ងៃទី១ឧសភានេះ នៅកំពង់​ផែ​ស្វយ័តក្រុង​ព្រះ​សីហនុ លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បាន​មាន​ប្រសាសន៍បន្ត​​ថា បច្ចុប្បន្ននេះ កំពង់​ផែស្វយ័ត​ក្រុង​ព្រះ​សីហនុមានទំហំតូច ធៀបនឹងកំពង់ផែផ្សេងៗក្នុងតំបន់ ប៉ុន្តែ​គុណភាព និង​ល្បឿន​សេវា​កម្មលើកដាក់ នៅ​កំពង់​ផែ​ស្វយ័តក្រុងព្រះសីហនុ បានលើកកំពស់ជាបន្តបន្ទាប់​ដែល​ធ្វើ​ឲ្យគុណភាព​សេវា​កម្ម​បច្ចុប្បន្ននេះ អនុវត្តបាន​ដូច​កំពង់​ផែ​ផ្សេងៗក្នុងតំបន់ផងដែរ។ ទាំងនេះ គឺជា​ចំណែក​នៃ​ការ​ចូលរួមលើកកំពស់​កំណើន​សេដ្ឋកិច្ច​ជាតិយ៉ាង​ពិត​ប្រាកដ។

លោកឧបនាយករដ្ឋមន្ត្រី​ ប៊ិន ឈិន​ បាន​បន្ត​ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលរួមយ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​​កិច្ច​កម្ពុជា។ ទំនិញឆ្លងកាត់ផែនេះ បានកើនឡើងជាប្រចាំ ក្នុងឆ្នាំ២០១៤ មាន​កំណើន ១៦%, ឆ្នាំ២០១៥ មាន​កំណើន​ជាង ១៧%, និងឆ្នាំ២០១៦ មានកំណើនជាង ៣% ។ តាម​និទស្សន៍​បរិមាណ​កុង​តេន័រ​ឆ្លងកាត់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុនៅឆ្នាំ ២០២៣ នឹងកើនលើស ៧០០,០០០TEUs ។

បើ​តាម​លោកឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ក្នុងពេលដ៏ខ្លីខាងមុខ​កំពង់ផែ​នេះ​នឹងដើរតួនាទីកាន់តែមានសារៈ​សំខាន់​ទ្វេ​ឡើង សម្រាប់បម្រើឱ្យចរន្តសេដ្ឋកិច្ច និង ពង្រឹងឧត្តមភាពនៃ​ការប្រកួត​​ប្រជែង​របស់កម្ពុជាផងដែរ នៅពេល​ឤស៊ាន​អនុវត្ត​កម្មវិធីតំបន់ពាណិជ្ជកម្ម​សេរី​ឤស៊ា​ន​​​ដែលនឹងធ្វើ​ឱ្យ​ចលនានៃចរាចរទំនិញ​នាំចេញ​-​នាំចូល កាន់តែមាន​សកម្ម​ភាព​មមាញឹក។ ​លើសពីនេះ​ទៅទៀត រាជ​រដ្ឋាភិបាល​កំពុងអនុវត្តនូវ​គោលនយោ​បោយអភិវឌ្ឍវិស័យឧស្សាហកម្ម សំដៅ​ជំរុញឧស្សាហកម្ម​កម្ពុជាឡើង​មួយ​កម្រិត​ទៀត ក្នុងខ្សែចង្វាក់​តម្លៃ​នៃ​សេដ្ឋកិច្ចតំបន់ និងពិភពលោក ពិសេស​ក្នុង​ទីផ្សារឤស៊ី ដែលកំពុង​មាន​កំណើន​ខ្ពស់ ដើម្បីរួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច ក៏ដូចជាបង្កើតការងារ និង​បង្កើន​ចំណូលជូនប្រជាជន ដែលកត្តា​នេះ​នឹ​ង​ធ្វើឱ្យសន្ទុះ​នៃ​កំណើន​ការនាំចេញ និងកំណើនសកម្មភាព​ឆ្លង​កាត់​ផែ ពិតជានឹងមានតម្រូវការ​ច្រើន​លើ​សេវា​កម្ម​របស់​កំពង់ផែ។

លោកឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ បាន​មាន​ប្រសាសន៍​លើកឡើង​ថា ក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ និង​ក្នុង​នាម​រាជ​រដ្ឋាភិ​បាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមបន្ត​ការឯកភាព និងការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង​សាង​សង់ ចំណត​ផែ​កុងតេន័រថ្មី ប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ និងការបំពាក់គ្រឿងចក្រ​ធុនធ្ងន់​បន្ថែម។ នៅពេល​គម្រោងនេះ​សាងសង់រួចរាល់ នៅចុងឆ្នាំ២០២២ ឬចុងឆ្នាំ២០២៣ នឹងអនុញ្ញាត​ឲ្យ​នាវា​ខ្នាតធំ​ប្រមាណ ៩៣% ក្នុង​តំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន ធ្វើអោយ ឧបសគ្គជម្រៅ​ទឹក​សម្រាប់​កំពង់ផែត្រូវ​បានដោះ​ស្រាយ ព្រមទាំងតម្លៃដឹកជញ្ជូនតាមសមុទ្រ (Ocean FreightFee) នឹង​មាន​តម្លៃប្រហាក់​ប្រហែល​ជាមួយ​ប្រទេស​ផ្សេងៗ​ក្នុងតំបន់ ព្រមទាំងផ្តល់លទ្ធភាពសម្រាប់ការនាំទំនិញ ចេញ-ចូល ដោយផ្ទាល់​ពី​កម្ពុជា ទៅ​កាន់​សហគមន៍​អឺរ៉ុប៕

ចែករំលែក

បញ្ចេញយោបល់