រាជរដ្ឋាភិបាល ប្រារព្ធទិវាពលកម្មអន្តរជាតិ ជារៀងរាល់ថ្ងៃទី ០១ ខែឧសភា ដែលជាថ្ងៃបុណ្យការងាររបស់ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្រ្តីរាជការ និងកម្មករ និយោជិតទាំងអស់

ថ្ងៃចន្ទ ទី ១ ឧសភា ២០១៧​
141

នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី​ប្រចាំការ ប៊ិន ឈិន និងជា​រដ្ឋមន្រ្តីស្តីទីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៧នេះ ក្នុង​ឱកា​ស​អញ្ជើញជាតំណាង​ដ៏ខ្ពង់ខ្ពស់​របស់លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ក្នុង​ពិធីសំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី បុគ្គលិក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នា​ឱកាស​ទិវាពលកម្ម​អន្តរជាតិ លើកទី១៣១។

លោកឧបនាយករដ្ឋមន្រ្តី​ប្រចាំការ ប៊ិន ឈិន បានមានប្រសាសន៍ទៅកាន់​ កម្មករ​ កម្មការិនី និងនិយោជិត​កំពុងផែ​ស្វយ័ត​ក្រុង​ព្រះសីហនុថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកសេដ្ឋកិច្ចជាតិដែលមានចរិតជា​អង្គភាព​យុទ្ធសាស្រ្ត​ក្នុងការទ្រទ្រង់សកម្មភាពពាណិជ្ជកម្ម អន្តរជាតិ​របស់​កម្ពុជាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក និងនាពេលបច្ចុប្បន្ន ហើយនិងបន្តទៅអនាគត។

លោកឧបនាយករដ្ឋមន្រ្តី​ប្រចាំការ ក៏បានបញ្ជាក់ថា ថ្ងៃទី០១ ឧសភា គឺជាទិវាប្រវត្តិសាស្ត្ររបស់ពិភពលោកទាំងមូលដែលត្រូវបានប្រារព្ធឡើងដើម្បីរម្លឹក​ឡើងវិញ​​អំពីភាពជោគជ័យរបស់ពលករកាលពី ១៣១ ឆ្នាំ ដែលបានទាមទារឱ្យមានការទទួលស្គាល់តម្លៃនៃពលកម្ម និងគោរពតាមលក្ខខណ្ឌស្មើភាពក្នុងការប្រកបការងារគ្រប់ប្រភេទដោយគ្មានការរើសអើង។ ចំ​ពោះ​ប្រទេសកម្ពុជា​យើងវិញ ចាប់តាំងពីថ្ងៃ ០៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍មក រាជរដ្ឋាភិបាល បានប្រារព្ធទិវាពលកម្មអន្តរជាតិ ជារៀងរាល់ថ្ងៃទី ០១ ខែឧសភា ដែលជាថ្ងៃបុណ្យការងារ​របស់​ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្រ្តីរាជការ និងកម្មករ និយោជិតទាំងអស់ ដែលនេះ​ជាការបញ្ជាក់យ៉ាង​ច្បាស់ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះកម្មករ និយោជិត និងអង្គការសហជីព​ទាំងអស់​នៅកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី​ប្រចាំការ ក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងនីតិកាលទី៥ នេះ រាជរដ្ឋាភិបាលបានបន្តការវិនិយោគ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ និងការកែលម្អថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្មដើម្បីកសាងប្រព័ន្ធទ្បូជិស្ទីកដ៏រស់រវើកតាមរយៈ​ការសាងសង់​បណ្តា​​ញ​ដឹកជញ្ជូនពហុសណ្ឋានក្នុងគោលដៅធានាឱ្យបាននូវការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់​ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម ពិសេស​ការយក​ចិត្ត​ទុកដាក់​នឹងត្រូវផ្តោតទៅលើការបញ្ចប់ទាំងស្រុងនូវការស្តារ និងការអភិវឌ្ឍផ្លូវដែក ការបន្តអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឤកាសយានដ្ឋាន និងកំពង់ផែ ការសិក្សាអំពីសក្តានុពល និងការវិនិយោគលើការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកែសម្រួលសេវាពាក់ព័ន្ធនឹងការដឹកជញ្ជូនមួយចំនួនដែលនឹងនាំមកនូវ៖ (១)ការកាត់បន្ថយថ្លៃដឹកជញ្ជូន (២) ការ បង្កើនភាពឤចទុកចិត្តបាននិងភាពស័ក្តិសិទ្ធិ (៣) ការពង្រឹងភាពប្រកួតប្រជែង និង (៤) ការបង្កើនការវិនិយោគ និងពាណិជ្ជកម្ម។

លោកឧបនាយករដ្ឋមន្រ្តី​ប្រចាំការ  ប៊ិន ឈិន បានបន្ថែមថា រាជរដ្ឋាភិបាលក៏បន្តជំរុញការ​ចូលរួម​របស់​វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ តាមរយៈការពង្រឹង និងការកែលម្អយន្តការ​ភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីបង្កើនភាពទាក់ទាញ និងសម្រួលដល់ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធដែលហិរញ្ញប្បទាន ដោយវិស័យឯកជន។ សមិទ្ធផលទាំងឡាយដែលយើងរួមគ្នាសម្រេចបានកន្លងមក ស្ថិតនៅក្នុងស្មារតីសុទិដ្ឋិនិយមដ៏ជ្រាលជ្រៅចំពោះអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

នៅចុងបញ្ចប់កម្មវិធី លោកឧបនាយករដ្ឋមន្រ្តី​ប្រចាំការ ក៏បានណែនាំចំពោះគ្រប់សមត្ថកិច្ច្ ស្ថាប័ន និង អង្គភាពដែលមានការពាក់ព័ន្ធទាំងអស់នៅទីនេះ សូមបន្តបង្កើន​កិច្ចសហការ និងសម្របសម្រួលជាមួយគ្នាអោយ បានជិតស្និទ្ធ មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីកែលំអ​ប្រព័ន្ធ​គ្រប់គ្រង​សេវាកម្មគ្រប់ផ្នែកនៅក្នុងកំពង់ផែនេះឱ្យបានកាន់តែល្អប្រសើរឡើង ដែល​ទាំងអស់នេះ គឺជាប្រការ​ដ៏សំខាន់បំផុតសម្រាប់លើកកម្ពស់ការជឿទុកចិត្ត ពីសំណាក់អតិថិជន វិនិយោគិនជាតិ អន្តរជាតិ និងអ្នកផ្តល់ជំនួយទាំងឡាយមកលើការប្តេជ្ញារបស់យើងក្នុងការ កសាង និង អភិវឌ្ឍប្រទេសជាតិ៕

ចែករំលែក

បញ្ចេញយោបល់